ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ០៣នាក់ ក្នុងចំណោមបក្ខពួក ០៦នាក់ ជាមុខសញ្ញាទិញថ្នាំញៀន យកមកចែកចាយយ៉ាងសកម្ម នៅក្នុងស្រុកកៀនស្វាយ ត្រូវសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់ ជាប់ដូចសម្លរកំពឹស ខណៈមានជនសង្ស័យម្នាក់ ចូលមកទិញថ្នាំញៀនចំពេលសមត្ថកិច្ចកំពុងបង្ក្រាប ដកហូតបានជាច្រើនកញ្ចប់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២និង១០ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចំណុច ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យរួមមាន ៖
១-ឈ្មោះ ម៉ុន ថាវិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ជួញដូរ)
២-ឈ្មោះ កេង វណ្ណា(ណាក់) ភេទប្រុស អាយុ៣៥ ឆ្នាំមុខរបរ មិនពិត មានទីលំនៅភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ជួញដូរ)
៣-ឈ្មោះ ជា វុទ្ធី ហៅ តូ វុទ្ធី(ហៅណាន់) ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ប្រើប្រាស់)
៤-ឈ្មោះ យុន វិឆុន ភេទប្រុស អាយុ២២ ឆ្នាំមុខរបរ មិនពិត មានទីលំនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន)
៥-ឈ្មោះ ស្នា ភេទប្រុស អាយុប្រហែល ២២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ឞិនស្គាល់ទីលំនៅ)(គេចខ្លួន) ។
៦-ឈ្មោះ ស្រ៊ុន រស្មី ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ មិនពិត មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (គេចខ្លួន) ។
ក្នុងនោះសមត្ថកិច្ចធ្វើការដកហូត វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០២កញ្ចាប់តូចទំងន់ (០.៧៩ ក្រាម) , សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន, ទូរសព្ទ័៣គ្រឿង(Oppo២Tecno១) និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុននឹងឈានដល់ការបង្ក្រាបនេះ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពជួញដូរថ្នាំញៀន នៅចំណុចកំពុងទូក ស្ថិតនៅភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។
ក្រោយទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ ចុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យចំនួន៣នាក់ ហើយកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉ុន ថាវិន ភេទប្រុស កម្លាំងបានធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀន(ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច។ ចំណែកឈ្មោះ យុន វិឆុន ភេទប្រុស និងឈ្មោះ ស្នា ភេទប្រុស បានគេចខ្លួនចូលទៅក្នុងព្រៃបាត់។ រួចសមត្ថកិច្ចបានបន្តមកត្រួតពិនិត្យនៅផ្ទះរបស់ឈ្មោះ ម៉ុន ថាវិន បន្ថែមទៀត រកឃើញសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ។
សមត្ថកិច្ចបានសួរនាំបឋម ឈ្មោះ ម៉ុន ថាវិន ហើយឈ្មោះ ម៉ុន ថាវិន បានសារភាពថា ខ្លួនបានទំនាក់ទិញថ្នាំញៀនពីឈ្មោះ កេង វណ្ណា(ណាក់) មានទីលំនៅ ភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ភ្លាមនោះកម្លាំងសមត្ថិកិច្ចក៍បន្តទៅឃាត់ខ្លួន ឈ្មោះ កេងវណ្ណា(ណាក់) រួចធ្វើការត្រួតពិនិត្យនៅក្នុងបន្ទប់របស់ឈ្មោះ កេង វណ្ណា (ណាក់) រកឃើញជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ សម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ពេលកំពុងឆែកឆេរផ្ទះរបស់ឈ្មោះ ម៉ុន ថាវិន ស្រាប់តែឈ្មោះ ជា វុទ្ធី ហៅតូ វុទ្ធី (ណាន់) បានដើរចូលមករកទិញថ្នាំញៀន ក៏ត្រូវសម្ថកិច្ចឃាត់ខ្លួន ។ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ទាំង៣នាក់រួមជាមួយវត្ថុតាងខាងលើ មកសាកសួរបន្តនៅផ្នែកប្រឆាំងគ្រឿងញៀន ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ម៉ុន ថាវិន បានសារភាពថា៖ថ្នាំញៀន ( ម៉ាទឹកកក) ចំនួន២កញ្ចប់ដែលសមត្ថកិច្ចរកឃើញពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ កេង វណ្ណា(ណាក់)តម្លៃ២៥០.០០០រៀល(ម្ភៃប្រាំម៉ឺនរៀល) ដើម្បីយកមកវេចខ្ចប់លក់បន្ត ឈ្មោះ ម៉ុន ថាវិនបានសារភាពទៀតថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ កេង វណ្ណា ចំនួន៦ដងមកហើយក្នុងម្តងៗ ២៥០០០០រៀល(ម្ភៃប្រាំម៉ឺនរៀល)និងធ្លាប់ទិញថ្នាំញៀនពីឈ្មោះ ស្រ៊ុន រស្មី ចំនួន២ដង ក្នុងម្តងៗ១០០០០០រៀល (ដប់ម៉ឺនរៀល) កន្លងមកឈ្មោះ ស្រ៊ុន រស្មី និងឈ្មោះ កេង វណ្ណា(ណាក់)តែងតែទៅវេចខ្ចប់ថ្នាំញៀននៅផ្ទះ របស់ឈ្មោះ ម៉ុន ថាវិន។
ឈ្មោះ កេង វណ្ណា (ណាក់)បានសាភាពថា ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ សម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ដែលសមត្ថកិច្ចត្រួតពិនិត្យឃើញក្នុងបន្ទប់ពិតជារបស់ខ្លួនប្រាកដមែន ហើយខ្លួនធ្លាប់លក់ថ្នាំញៀនទៅអោយឈ្មោះ ម៉ុន ថាវិន ចំនួន៦ដងមកហើយ ក្នុងម្តងៗ២៥០០០០រៀល(ម្ភៃប្រាំម៉ឺន) ចំពោះថ្នាំញៀនដែលខ្លួនទិញមកលក់នោះ គឺទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅម្តុំក្រោយផ្សារព្រែកហូរ ម្តងៗ៣៥០០០០រៀលទៅ៧០០០០០រៀល ។ ចំនែកឈ្មោះ ជា វុទ្ធី ហៅតូ វុទ្ធី(ណាន់) បានសារភាពថាខ្លួនតែងតែទិញថ្នាំញៀនពីឈ្មោះ ម៉ុន ថាវិន ចំនួន៣ដង ក្នុងម្តងៗ២០០០០រៀល ។
ក្រោយពីសាកសួររួច ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាង បានខ្លួននៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕





