យោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះថា បញ្ហាគ្រឿងញៀនគឺជាបញ្ហាសកល ដែលយើងទាំងអស់គ្នាមានកាតព្វកិច្ចក្នុងការចូលរួមដោះស្រាយនិងទទួលខុសត្រូវ និងទាមទារនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធតាមគ្រប់រូបភាព ដោយមិនត្រូវសាចទឹកដាក់គ្នានោះឡើយ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់កណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ក្នុងខេត្ត ដែលបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែងថ្លែងថាបច្ចុប្បន្ននេះ ក្រុមសង្គមងងឹតបានមានការវិវដ្តន៍ទាំងសម្ភារៈ មធ្យោបាយ និងគំនិតថ្មីៗ ដែលទាមទាឲ្យមន្ត្រីអនុវត្តច្បាប់ទាំងងស់ត្រូវតេមានរបត់ឲ្យលឿនជាងក្រុមពួកសង្គមងងឹតទាំងនេះ ហើយស្ថិតនៅក្នុងតួនាទីភារកិច្ចរបស់យើង គឺត្រូវទទួលខុសត្រូវដាច់ខាត បង្ក្រាប់នូវគ្រប់បទល្មើសទាំងអស់ក្នុងមូលដ្ឋានរបស់យើង ទាំងបញ្ហាគ្រឿងញៀននិងក្មេងទំនើង។
ឯកឧត្តម អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែងបានបញ្ជាក់ថាសម្រាប់នៅតាមព្រំដែនកម្ពុជា-ឡាវ មិនមែនមានតែកងកម្លាំងសមត្ថកិច្ចបរស់ខេត្តនោះទេដែលនៅប្រចាំការ ទប់ស្កាត់បទល្មើសនានានៅតាមព្រំដែន ប៉ុន្តែក្នុងនោះក៏មានកម្លាំងចម្រុះ ចាប់ទាំងពីថ្នាក់ជាតិ ថ្នាក់មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅចាំដោះស្រាយគ្រប់ស្ថានការណ៍៕
ប្រភព៖ ក្រសួងព័ត៌មាន