ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីជិះម៉ូតូត្រទ្បប់ពីទិញថ្នាំញៀនវិញជួបសមត្ថកិច្ចកំពុងល្បាត ។
ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង០៤និង៤០នាទីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ចំណុចមុខរោងចក្របឹងឈូក ស្ថិតក្នុងភូមិ ព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សាត មករា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥កញ្ចប់ (ធំចំនួន០២កញ្ចប់ មធ្យមចំនួន០២កញ្ចប់ និងតូចចំនួន០១កញ្ចប់), ម៉ូតូចំនួន១គ្រឿង ម៉ាកscoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HF-2453 និងឧបករណ៍ប្រើប្រាស់នឹងវិចខ្ចប់ថ្នាំញៀនមួយចំនួន ។
សមត្ថកិច្ចបានបន្តថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប និងកម្លាំងប្រជាការពារ បានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ ក៏បានឃើញជនសង្ស័យ ខាងលើកំពុងតែជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចយើងក៏បានហៅ ហើយក៏បានសួរនាំនិងសុំធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យ រកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥ កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកក្នុងហោប៉ៅខោមុខខាងស្តាំ។ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួននិងរាយការណ៍មកផ្នែកជំនាញ ហើយក៏បាននាំខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាត មករា ឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០៥កញ្ចប់នេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចទំនប់ឆ្កែឆ្កួតក្នុងតម្លៃ ៣០០០០០រៀល(សាមសិបម៉ឺនរៀល)ដើម្បីយកមកលក់បន្ត ហើយកន្លងមកខ្លួនធ្លាប់ជួញដូរគ្រឿងញៀនបានរយៈពេល ជិតមួយខែមកហើយ និងធ្លាប់ទៅទិញថ្នាំញៀននៅទំនប់ឆ្កែឆ្កួត បានចំនួន ២០លើកនៅក្នុងមួយលើកៗពេលខ្លះខ្លួនទិញតម្លៃ ១០ ម៉ឺន ២០ម៉ឺន ទៅ៣០ម៉ឺនរៀល ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្តនិងក៏សាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕


