ប្រទេសបារាំង ៖ អាជ្ញាធរបារាំងបានអះអាងកាលពីថ្ងៃអាទិត្យថា អ្នកគាំទ្របាល់ទាត់២នាក់បានស្លាប់ ហើយមន្ត្រីប៉ូលិសម្នាក់បានសន្លប់បាត់បង់ស្មារតីក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដែលហេតុការណ៍នេះកើតឡើង អំឡុងពេលការប្រារព្ធពិធីអបអរសាទរទូទាំងប្រទេសបារាំង សម្រាប់ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្លិប Paris Saint-Germain ដែលគ្រងជើងឯកពានរង្វាន់ UEFA Champions League ជាលើកដំបូង កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC, Reuters និង AP បានចេញផ្សាយកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។
សេវាប៉ូលិសជាតិបានអះអាងថា ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ ត្រូវបានចាក់សម្លាប់នៅក្នុងទីក្រុង Dax អំឡុងពេលអបអរតាមដងផ្លូវជាមួយជ័យជម្នះរបស់ក្រុម PSG ដែលបានយកឈ្នះក្រុម Inter Milan ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ ដោយលទ្ធផល ៥ទល់នឹង០ ដើម្បីគ្រងជើងឯកពានរង្វាន់លំដាប់ទី១ទី្វបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
ចំណែកការិយាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាសមួយថា បុរសម្នាក់បានស្លាប់នៅក្នុងទីក្រុងប៉ារីស នៅពេលម៉ូតូរបស់គាត់ត្រូវបានរថយន្តបុក អំឡុងការជិះដង្ហែជ័យជម្នះ PSG ពេញទីក្រុងបេះដូងនៃប្រទេសបារាំងមួយនេះ។ ទោះយ៉ាងណាក៏ដោយ ការបាត់បង់ជីវិតរបស់អ្នកទាំងពីរកំពុងត្រូវបានស៊ើបអង្កេតហើយ។
ទន្ទឹមជាមួយគ្នានោះ ប៉ូលិសក៏បានអះអាងបន្ថែមថា មន្ត្រីប៉ូលីសម្នាក់ត្រូវបានបាញ់ដោយចៃដន្យដោយកាំជ្រួចក្នុងទីក្រុងកូតាន់ (Coutance) ភាគពាយព្យប្រទេសបារាំង ហើយកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែរបួសភ្នែកធ្ងន់ធ្ងរ។
នៅក្នុងការអបអរជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ក្រសួងមហាផ្ទៃបារាំងបានរាយការណ៍ថា មនុស្ស១៩២នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នា ហើយ ៥៥៩នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ ៤៩១នាក់ នៅទីក្រុងប៉ារីស។ ក្រសួងបានបន្តថា មន្ត្រីប៉ូលិសចំនួន២២នាក់ និងអ្នកពន្លត់អគ្គីភ័យ ៧នាក់បានរងរបួស ដោយបានបន្ថែមថា យានជំនិះចំនួន២៦៤គ្រឿងត្រូវបានដុតបំផ្លាញ។ ចំណែកការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានប្រាប់ BBC ថា ហាងទំនិញច្រើនកន្លែងត្រូវបានគេចូលលួចក្នុងតំបន់ Place des Ternes ហើយមនុស្សជាប់ពាក់ព័ន្ធ ៣០នាក់ត្រូវបានចាប់ខ្លួន និងយកទៅឃុំឃាំង។
កម្លាំងប៉ូលិសប្រហែល ៥ ៤០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងប៉ារីស រីឯប៉ូលិសកុប្បកម្មតាមសេចក្តីរាយការណ៍បានប្រើប្រាស់ឡានបាញ់ទឹក ដើម្បីបញ្ឈប់ហ្វូងមនុស្សព្យាយាមចូលទៅដល់ទីតាំងប្រវត្តិសាស្ត្រ Arc de Triomphe ហើយក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ ខណៈការប៉ះទង្គិចគ្នាផ្សេងទៀតរវាងប៉ូលិស និងហ្វូងមនុស្ស ក៏ត្រូវរាយការណ៍ថាបានកើតឡើងនៅលើផ្លូវក្រវ៉ាត់ក្រុងប៉ារីស។
យ៉ាងណាមិញ គេក៏សង្កេតឃើញអ្នកគាំទ្រភាគច្រើន ត្រូវបានរាយការណ៍ប្រារព្ធពិធីអបអរដោយសន្តិវិធី និងរីករាយបំផុត ដោយមានទាំងការច្រៀងរាំជាច្រើននៅតាមដងផ្លូវ។ ចំណែកឯប៉មតួអេហ្វែល (Eiffel Tower) ទីក្រុងប៉ារីស ត្រូវបានបំភ្លឺភ្លើងពណ៌ខៀវ និងក្រហម ដើម្បីបញ្ជាក់ពីពណ៌នៃនិមត្តិសញ្ញាក្លិប PSG ផងដែរ៕



