បើយោងតាម ក្រសួងព័ត៌មាន នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា តាមការបញ្ជាក់ឲ្យដឹងពីលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានអោយដឹងថា គម្រោងស្ថាបនាផ្លូវខេត្តលេខ ៧៣ ដែលមានឈ្មោះថា “មហាវិថីសម្ដេចតេជោ ហ៊ុន សែន” មានប្រវែងជាង ៥ គីឡូម៉ែត្រ បច្ចុប្បន្ននេះសម្រេចការស្ថាបនា បានប្រមាណជា ៦៥%។
ផ្លូវ ១ខ្សែនេះ ជាផ្លូវក្រាលកៅស៊ូ ប្រភេទ AC កម្រាស់ ៧ សង់ទីម៉ែត្រ ជាប្រភេទផ្លូវភ្លោះ មានសួនច្បារលម្អចំកណ្តាល និងមានប្រវែងជាង ៥ គីឡូម៉ែត្រ ពីរង្វង់មូលព្រាបស ក្នុងសង្កាត់ក្រចេះ ឆ្ពោះទៅដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ។
លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បញ្ជាក់បន្ថែមថា នៅអំឡុងខែមិថុនា ឆ្នាំ ២០២៥ នេះ នឹងធ្វើការក្រាលកៅស៊ូ និងមួយផ្នែកទៀតកំពុងតែរៀបខឿនសួនច្បារពុះកណ្ដាល។
ពលរដ្ឋក្នុងនៅសង្កាត់ អូរឫស្សី បានសម្ដែងក្រោយខេត្តក្រចេះទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជា ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលមានប្រវែង ១,៧៦១ ម៉ែត្រ ខណៈបច្ចុប្បន្ននេះ សម្រេចបានការស្ថាបនាជាង ៩០% ហើយគ្រោង និងដាក់បើកឲ្យធ្វើដំណើរការឆ្លងកាត់ ជាបណ្តោះអាសន្ន័ នាក្នុងកំឡុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន