ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមិថុនា។ ទឹកជំនន់ខាងលើនេះបានកើតឡើងយ៉ាងឆាប់រហ័ស ក្រោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើន និងជាច្រើនថ្ងៃជាប់ៗគ្នា។
បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ បញ្ហាទឹកជំនន់នេះក៏បានធ្វើឱ្យពលរដ្ឋប្រមាណជា ៥០០នាក់ផ្សេងទៀតត្រូវជាប់នៅក្នុងផ្ទះមិនអាចធ្វើដំណើរចេញទៅណាបានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាកាសធាតុនៅមិនទាន់ត្រលប់មករកភាពធម្មតាវិញនៅឡើយទេ ពោលគឺភ្លៀងនៅតែបន្តធ្លាក់ ហើយគ្រោះថ្នាក់ផ្សេងៗក៏អាចបន្តកើតមានបន្ថែមទៀតផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time