អ៊ុយក្រែន-រុស្ស៊ី៖ ទីក្រុងកៀវស្នើជួបចរចាសន្តិភាពលើកទី៣ ចុងខែមិថុនា ខណៈរុស្ស៊ីហាក់មិនសប្បាយចិត្តរឿងយន្តហោះត្រូវដ្រូនកម្ទេច

អ៊ុយក្រែន-រុស្ស៊ី៖ ទីក្រុងកៀវស្នើជួបចរចាសន្តិភាពលើកទី៣ ចុងខែមិថុនា ខណៈរុស្ស៊ីហាក់មិនសប្បាយចិត្តរឿងយន្តហោះត្រូវដ្រូនកម្ទេច


ទី​ក្រុង​កៀវ៖ អ៊ុយ​ក្រែន​​ស្នើ​ជួប​គ្នា​ជាមួយ​រុស្ស៊ី​ជា​ថ្មី​ម្ដង​ទៀត​នៅ​មុន​ដំណាច់​ខែ​មិថុនានេះ​តែ​ម្ដង​ដើម្បី​ពន្លឿន​ការ​​ចរ​ចា​​​សន្តិ​ភាព​ជូន​ជាតិ​មាតុ​ភូមិ​។ ប៉ុន្តែ​រុស្ស៊ី​ថ្ងៃ​នេះ​ហាក់​ដូច​ជា​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​បន្ទាប់​ពី​យន្ត​ហោះ​ចម្បាំង​របស់​ខ្លួន​ជាង​៤០​គ្រឿង​ត្រូវ​ដ្រូន​របស់​អ៊ុយ​ក្រែន​បាញ់​កម្ទេច​ចោល​។ ដូច្នេះ រុស្ស៊ីបដិ​សេធ​មិន​ទទួល​យក​បទ​ឈប់​បាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​ជា​ដាច់​ខាត​។ បទ​ឈប់​បាញ់​អាច​ទៅ​រួច​ត្រឹម​ពីរ​បី​ថ្ងៃ​ ហើយ​មិន​មែន​ជា​បទ​ឈប់​បាញ់​ដ៏​ពេញ​លេញ​ទៅ​ទៀត​ ឈប់​បាញ់​នៅ​កន្លែង​ណា​ដែល​រុស្ស៊ី​ចង់​ឈប់​បាញ់​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ស្នើ​សុំ​ជួប​គ្នា​ជា​លើក​ទី​បី​នៅ​តួក​គី​ចន្លោះ​ពី​ថ្ងៃ​ទី​២០​ដល់​៣០​មិថុនា។ អាច​ជ្រើស​រើស​ថ្ងៃ​ណា​ក៏​បាន​ដែរ​នៅ​អំឡុង​ពេល​ហ្នឹង​​។ ឥឡូវ​នេះ ភាគី​ទាំង​២​កំពុង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​។ នេះ​បើ​​តាម​ការ​អះ​អាង​របស់​លោក​ហ្សេឡិន​ស្គី​ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​​លីទុយ​អានី​​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​។​ ​កិច្ច​ប្រជុំ​លើក​ទី​២​នៅតួក​គី​ចាប់​ផ្ដើម​ឡើង​យឺត​ជាង​ការ​គ្រោង​ទុក​រហូតដល់​ពីម៉ោង​​ដោយ​គ្មាន​ការ​ពន្យល់​បក​ស្រាយ​អ្វី​ទាំង​អស់​។ ​​

ជួប​គ្នា​ប្រហែល​ជាង​មួយ​ម៉ោង កិច្ច​​ប្រជុំ​នោះ​បំបែកជួរ​ទៅ​វិញ​។ គេ​​សង្កេត​​ឃើញ​​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ម្នាក់ៗ​មាន​ទឹក​មុខ​មាំ​ និង​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​។ អ្នក​សារ​ព័ត៌​មាន​ឯក​ជន​ ឬ​ប្លក់​ខឺ (blogger) ​ម្នាក់​ស្នើ​សុំ​ឱ្យ​កង​ទ័ព​រុស្ស៊ី​ចាត់​ការ​វាយ​​ប្រហារ​ស៊ុយ​ក្រែន​ឱ្យ​បាន​ខ្លាំង​ក្លា​បំផុត​ដើម្បី​ជា​ការ​សង​សឹក​។ ​គេ​ដឹង​ថា​នៅ​ក្នុង​ចំណោម​យន្ត​ហោះ​ដែល​ឆេះ​នៅ​មូល​ដ្ឋាន​អាកាស​រុស្ស៊ី​នោះ​ក៏​មាន​យន្ត​ហោះ​ខ្នាត​យក្ស​សម្រាប់​ទម្លាក់​គ្រាប់​បែក​នុយ​ក្លេអ៊ែរ​ផង​ដែរ​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទី​ភ្នាក់​ងារ​ព័ត៌​មាន​តាស់​ (Tass) របស់​រុស្ស៊ី និង​រ៉យ​ទ័រ​។

យោង​តាម​​សារ​ព័ត៌​មាន​ដឹហ្កាឌាន (The Guardian) លោក​ហ្សេឡិន​ស្គី​បានបញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​ករណី​ដែល​លោក​ពូទីន​ចេះ​តែ​រារាំង​មិន​ឱ្យ​អ៊ុយ​ក្រែន​ចូល​អង្គ​ការ​ណាតូ​។ ហ្សេ​ឡិនស្គី​​​ថា​លោក​ពូទីន​គ្មាន​សិទ្ធិ​ហារ​ស្ដី​ ឬ​អារ​កាត់​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​នោះ​ទេ​។ លោក​យល់ថា​​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​នៅ​តែ​ជា​វិធាន​ការ​ចាំ​បាច់​សម្រាប់​ចាត់​ការ​ប្រទេស​រុស្ស៊ី​។

ហ្សេឡិនស្គី​ថា​បើ​គ្មាន​​ការ​ដាក់​សម្ពាធ​ឱ្យ​បាន​ខ្លាំង​ក្លា​ទេ​ ពូទីន​នៅ​តែ​បន្ត​លេង​ល្បែង​សង្គ្រាម​នេះ​គ្មាន​ទី​បញ្ចប់​ទេ​។ ដូច្នេះ អ្នក​ដែល​សង្ឃឹម​ថា​នឹង​ចប់​សង្គ្រាម​នេះ​​ឱ្យ​បាន​ឆាប់​នោះ​​​​ប្រៀប​ដូច​សង្ឃឹម​ផ្កាយ​លើ​មេឃ​ដូច្នោះ​ដែរ​។ ​ការ​ចរ​ចា​គ្នា​ម្ដង​ជា​ពីរ​ដង​កន្លង​ទៅ​នេះ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​តែ​ប៉ុណ្ណោះ​។ ចំណែក​បទ​ឈប់​បាញ់​ប្រហែល​ជា​គ្មាន​ផ្លូវ​ទេ​។​

​ការ​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​​​ត្រូវ​រុស្ស៊ី​ជំទាស់​ជា​ដាច់​ខាត​។ លោក​វ្ល៉ា​ឌី​មៀ មេ​ឌីនស្គី (Vladimir Medinsky) ថ្លែង​ថា​រុស្ស៊ី​គាំទ្រ​បទ​ឈប់​បាញ់​មិន​ពេញ​លេញ​ ហើយមាន​រយៈ​ពេល​ខ្លី​។ មាន​ន័យ​ថា​បទ​ឈប់​បាញ់​នៅ​កន្លែង​ណា​ដែល​រុស្ស៊ី​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​ ហើយ​ឈប់​បាញ់​ត្រឹម​តែ​ពី​របី​ថ្ងៃ​តែ​ប៉ុណ្ណោះ​។ លោក​​បញ្ជាក់​ថា​គោល​បំណង​នៃ​បទ​ឈប់​បាញ់​រយៈពេល​ខ្លី​នេះ​ដើម្បី​ឱ្យ​កង​ទ័ព​ទាំង​សង​ខាង​មាន​ឱកាស​ប្រមូល​សាក​សព​យោធា​ដែល​បាន​ស្លាប់​នៅ​ក្នុង​សមរ​ភូមិ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី​ ​​​​អ៊ុយ​ក្រែនមិន​ទាន់​​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រុស្ស៊ី​នៅ​ឡើយ​ទេ​​៕​​



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles