ទំនាក់ទំនងកម្ពុជា-អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកអាចនឹងទៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ជំរុញកិច្ចសហប្រតិបត្តិការយោធា

ទំនាក់ទំនងកម្ពុជា-អាមេរិក៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកអាចនឹងទៅមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម ជំរុញកិច្ចសហប្រតិបត្តិការយោធា

រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក លោក ភី​ត ហេ​សេត នឹង​អាច​ទៅ​ទស្សនកិច្ច នៅ​មូលដ្ឋាន​ទ័ពជើងទឹក​សមុទ្រ​រាម នៅ​ក្នុង​ពេល​ខាង​មុខ ។ បើសិនជា​វា​កើត​មាន​មែន​នោះ​ទស្សនកិច្ច​នោះ​នឹង​ធ្វើ​អោយ​រីក​ចម្រើន​ដល់​ទំនាក់ទំនង​កម្ពុជា និង​អា​មេ​រិ​ក ពិសេស​លើ​វិស័យ​ការពារ​ជាតិ ។

ដំណឹង​នេះ លេច​ចេញពី​ជំនួបនា​ពេល​ថ្មី​ៗ​នេះ រវាង​លោក ច​ន ណូ​ហ្វ ( John Noh)​ដែល​មាន​តួនាទី​ជា​ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ ​ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​លោក​ឧត្តមសេនីយ៍ឯក រ៉ាត់ ដា​រ៉ា​រ័​ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ​របស់​កម្ពុជា នៅ​ទីក្រុង​សាំង​ហ្គា​ពួរ កាលពី​ចុងខែ​ឧសភា ។

នៅ​ក្នុង​ជំនួប​នោះ​មាន​សេចក្តីរាយការណ៍​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​កងទ័ពជើងទឹក​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ និង​ការ​ហ្វឹកហ្វឺន​ដែនសមុទ្រ​រួម​គ្នា​នៅ​រាម​ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​មាន​សារៈសំខាន់​ជា​និមិត្តរូប និង​ជា​យុទ្ធសាស្ត្រ ។

មូលដ្ឋាន​ទ័ពជើងទឹក​រាម គឺជា​ចំណុចកណ្តាល​នៃ​ការ​ត្រួតពិនិត្យ​ក្នុង​តំបន់ ជា​ពិសេស​ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ទំនាក់ទំនង​ការពារ​ជាតិ​កាន់តែ​ស៊ីជម្រៅ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ចិន ។ ការ​ចូលរួម របស់​សហរដ្ឋអាមេរិក​នៅ​មូលដ្ឋាន​នេះ អាច​ជា​ការ​រក្សា​សមតុល្យ ដែល​បង្ហាញ​ថា កម្ពុជា​នៅ​តែ​បើកចំហ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ កាន់តែ​ទូលំទូលាយ​ជា​ជាង​ការ​ចងសម្ព័ន្ធភាព​ផ្តាច់មុខ ជាមួយ​មហាអំណាច​ណាមួយ ឬ​ប្រទេស​ណាមួយ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ក្រោយ​ជំនួប​លោក ច​ន ណូ​ហ្វ ហាក់​មានការ​ពេញចិត្ត​ចំពោះ​ការ​បើកចំហ​របស់​កម្ពុជា ។ ខ្លឹមសារ​នៃ​ជំនួប​ដែល​គេ​ប្រកាស​ខ្លី​ទេ ប៉ុន្តែ​វា​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​ទម្រង់​នៃ​ទស្សនៈ និង​ការ​យល់​ឃើញ​ថ្មី​បន្ទាប់​ពី​ទំនាក់ទំនង​យោធា​រវាង​មហាអំណាច​នេះ និង​កម្ពុជា កន្លង​មក​មាន​ភាព​តានតឹង​ជា​ច្រើន​ឆ្នាំ​ចាប់តាំងពី​ចុង​ទសវត្សរ៍​នៃ​ឆ្នាំ​២០១០​មក ។ នៅ​ក្នុង​ជំនួប​នោះ ក៏​បាន​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​មក​បំពេញ​ទស្សនៈកិច្ច​របស់​លោក ភី​ត ហេ​សេត (Pete Hegseth) រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក មក​កម្ពុជា ជា​ពិសេស​គឺ​ទៅ​មូលដ្ឋាន​នៃ​កងទ័ពជើងទឹក​រាម ។

ការ​អញ្ជើញ​ជា​ចំហរ និង​ដំណើរ​ទស្សនកិច្ច​ដែល​រំពឹង​ទុក​ដោយ​រដ្ឋមន្ត្រី ភី​ត ហេ​សេត បង្ហាញ​ថា ភាព​រអាក់រអួល​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក លើ​វិស័យ​យោធា​អាច​នឹង​មានការ​ប្រែប្រួល​ហើយ​ក៏​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​ផ្លាស់​ប្តូរ​រវាង​យោធា និង​យោធា​កាន់តែ​ស៊ីសង្វាក់​គ្នា ។ សម្រាប់​ប្រទេស​កម្ពុជា ការ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក​មិន​ត្រឹមតែ​ពង្រឹង​ភាព​បត់បែន​នៃ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ហ្វឹកហ្វឺន​ដែនសមុទ្រ​ដែល​មាន​ស្តង់ដារ និង​លើកកម្ពស់​វិជ្ជាជីវៈ​ក៏​ដូច​ជា សមត្ថភាព​កងទ័ពជើងទឹក​ដែល​កម្ពុជា​កំពុង​តែ​ចង់បាន​ផង​ដែរ ។
ដោយឡែក សម្រាប់​សហរដ្ឋអាមេរិក​ការ​ចូលរួម​ឡើង​វិញ ជាមួយ​កម្ពុជា វា គឺជា​សក្ខីកម្ម​នៃ​ការ​ជំរុញ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ទូលំទូលាយ​របស់​ខ្លួន​សំដៅ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍ និង​សណ្តាប់ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់ ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​វិវត្តន៍​ដែល​អាច​នឹង​កើត​មាន​នេះ​ត្រូវ​បាន​គេ​មើល​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ទូលំទូលាយ ។ សហរដ្ឋអាមេរិក​ត្រូវ​តែ​រក្សា​ការ​យកចិត្តទុកដាក់​ចំពោះ​ភាព​រសើប​ក្នុងស្រុក និង​ការ​ព្រួយបារម្ភ​អំពី​អធិបតេយ្យភាព ខណៈ​ពេល​ដែល​កម្ពុជា​នឹង​ត្រូវធ្វើ​ឱ្យ​មាន​តុល្យភាព​ទំនាក់ទំនង​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាមួយ​មហាអំណាច​ទាំងអស់ ដើម្បី​ជៀសវាង​ការ​ពឹងផ្អែក​ហួសហេតុ ឬ​ការ​គណនា​ខុស​ជា​យុទ្ធសាស្ត្រ ។

គួរ​រំលឹក​ថា កាលពី​ខែធ្នូ ឆ្នាំ​២០២៤ នាវាចម្បាំង​សហរដ្ឋអាមេរិក​មួយ​គ្រឿង គឺ​នាវា USS Sovannah ដោយ​មាន​ទាហានជើងទឹក​សរុប​១០៣ នាក់​បាន​មក​បំពេញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ជា​ថ្មី នៅ​រយៈពេល​៥​ថ្ងៃ ។ ប៉ុន្តែ​ដោយ​កាលនោះ​រាម​មិន​ទាន់​បញ្ចប់​ការ​សាងសង់ នាវា​នោះ បាន​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ ជាតិ​ខេត្ត​ព្រះ​សីហ​នុ ។

សរុប​មក ដំណើរ​ទស្សនកិច្ច​នៃ​នាវាចម្បាំង​សហរដ្ឋអាមេរិក​ដែល​បាន​គ្រោងទុក និង​ការ​ហ្វឹកហ្វឺន​ដែនសមុទ្រ​រួម​គ្នា​នៅ​រាម​បូក​រួម​ទាំង​លទ្ធភាព​នៃ​ដំណើរ​ទស្សនៈកិច្ច​របស់​លោក ភី​ត ហេ​សេត អាច​នឹង​បង្ហាញ​នូវ​សកម្មភាព​ដែល​កម្ពុជា​ខិតខំ​ឆ្លុះ​បញ្ចាំង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​រាម ដែល​គ្មាន​អ្វី​ក្រៅពី​ពង្រឹងសមត្ថភាព និង​ទំនើប​កម្ម​កងទ័ពជើងទឹក​ខ្លួន ។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក នៅ​ពេល​ខាង​មុខ គឺជា​សញ្ញា​នៃ​ការ​ជឿ​ទុក​ចិត្តជា​ថ្មី និង​ការ​រៀបចំ​ឡើង​វិញ​ជា​យុទ្ធសាស្ត្រ​ខ្លះ ។ ប្រសិនបើ​ដោះស្រាយ​ដោយ​តម្លាភាព និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​កិច្ច​សហប្រតិបត្តិការ​នេះ​អាច​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ និង​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អនុវត្ត​នូវ​គោលនយោបាយ​ការ​បរទេស​បើកចំហ និង​ចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles