TVET សម្រាប់អនាគតយុវជន៖ រាជរដ្ឋាភិបាលនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម

TVET សម្រាប់អនាគតយុវជន៖ រាជរដ្ឋាភិបាលនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដើម្បីបង្កើតឱកាសការងារ និងសាងក្តីសង្ឃឹម


ភ្នំពេញ ៖ រាជរដ្ឋាភិបាលនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ នៅទូទាំងប្រទេស។



ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះទី១ គឺមនុស្ស ដោយបានផ្តោតសំខាន់លើការកសាងនិងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

យោងតាមសារាចរស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំនូវអនុសាសន៍មួយចំនួនដើម្បីឱ្យការរៀបចំទិវាជាតិនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពអធិកអធម ក្នុងនោះរួមមាន៖

១. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ និងត្រូវផលិតជាវីដេអូនិងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។

២. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានាត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ តាមអង្គភាពរៀងៗខ្លួន។

៣. រដ្ឋបាលរាជធានីភ្នំពេញត្រូវចូលរួមសហការនិងគាំទ្រដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥នេះ ឱ្យកាន់តែផុលផុស និងតាមគ្រប់មធ្យោបាយ ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ និងការចងបដាពាក្យស្លោកនៅតាមទីសាធារណៈក្នុងដែនដីរបស់ខ្លួន។

៤. រដ្ឋបាលខេត្តនីមួយៗត្រូវរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈនិងឯកជន និងអង្គការ សមាគម ដែលស្ថិតក្នុងដែនដីរបស់ខ្លួន។ ទន្ទឹមនឹងនេះ ត្រូវមានចលនាលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាផងដែរ។

៥. ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា រួមមាន៖ វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយផ្សេងទៀតឱ្យផ្សព្វផ្សាយសារាចរ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា វីដេអូនិងខ្លឹមសារឯកសារផ្សេងៗក្នុងឱកាសប្រារព្ធទិវាជាតិនេះ។

ពិសេសជាងនេះ ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រដ្ឋបាលរាជធានី-ខេត្តត្រូវរៀបចំចងបដាពាក្យស្លោកនៅតាមអង្គភាព និងទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖

  • អបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥!
  • TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន!
  • សម្តេចធិបតី ផ្តល់ឱកាសថ្មីលើវិថី TVET!
  • សម្តេចធិបតី ជាក្តីសង្ឃឹមរបស់យុវជនគ្រប់រូប!
  • TVET ជាស្ពានចម្លងយុវជនឱ្យឆាប់ទទួលបានការងារសមរម្យ!
  • TVET ដើម្បីនិរន្តរភាពការងារនិងកំណើនសេដ្ឋកិច្ចជាតិ!
  • TVET បង្កើនផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់!
  • TVET រៀនពេលខ្លី ងាយរកការងារធ្វើនិងមានចំណូលជាប្រចាំ!
  • TVET ផ្តល់ឱកាសសម្រាប់ការសិក្សាពេញមួយជីវិត!
  • TVET ជំនាញពិត ជីវិតប្រសើរ!
  • ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត!
  • លើកទឹកចិត្តស្ត្រីនិងជនជាតិដើមភាគតិចចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ!៕ រក្សាសិទ្ធដោយ៖សុទ្ធលី
administrator

Related Articles