ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំជាប្រវត្តិសាស្ត្រ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ប្រើរយៈពេល ១៦ ម៉ោងកន្លះ (ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១២កន្លះ រំលងអធ្រាត្រ )។
ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ រាប់ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិការងាររបស់ព្រឹទ្ធសភារដ្ឋសភា និងរាជរដ្ឋាភិបាល។ តាមរយៈព្រឹត្តិការណ៍សមាជលើកដំបូង ថ្នាក់ដឹកនាំសមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានបើកការជជែកគ្នាតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង០០៖២២នាទីរំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូង ដើម្បីជជែកលើរបៀបវារៈសំខាន់ៗចំនួន៣រួមមាន៖ ប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធកសិកម្ម។
ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦យប់ (ដល់ពេលសម្រាកពិសាបាយ២ម៉ោង) បញ្ចប់បានរបៀបវារៈទី១ គឺប្រព័ន្ធគាំពារសង្គម។ ចប់របៀបវារៈទី១ ម៉ោង៦យប់ទៅហើយ តែសម្តេចតេជោ ក្នុងឋានៈជាប្រធានសមាជមិនបានប្រកាសសម្រាកសមាជនោះឡើយ។ សម្តេចតេជោ បានប្រកាសបន្តចូលទៅរបៀបវារៈទី២ ចាប់ពីម៉ោង២០៖៣០នាទី រហូតដល់ម៉ោង០០៖៣០នាទីរំលងអធ្រាត្រ។
សម្តេចតេជោ បានប្រកាសថា សមាជថ្ងៃទី១នេះ ត្រូវតែបញ្ចប់របៀបវារៈទី២ ទោះបីត្រូវប្រើពេលវេលាច្រើនប៉ុណ្ណាក៏ដោយ ដើម្បីថ្ងៃស្អែកឈានទៅជជែកលើរបៀបវារៈទី៣ ហើយឈានទៅបញ្ចប់សមាជតាមការគ្រោងទុក។ បន្ទាប់ពីបញ្ចប់សមាជ សម្តេចនឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានផងដែរ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សភានៃព្រះរាជាណាចក្រកម្ពុជា មានព្រឹទ្ធសភា និងរដ្ឋសភា បានរៀបចំកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជ រដ្ឋសភានិងព្រឹទ្ធសភាចំនួន១៨២រូប នៃចំនួនសមាជិកសមាជទាំងមូល។
អង្គប្រជុំដំណើរការដោយមានរបៀបវារៈចំនួន០៣ យកមកពិភាក្សា រួមមាន៖
១.ប្រធានបទទី១ ស្ដីពីប្រព័ន្ធគាំពារសង្គម។
២.ប្រធានបទទី២ ស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៣.ប្រធានទី៣ ស្ដីពីវិស័យកសិកម្ម។
សមាជរដ្ឋសភានិងព្រឹទ្ធសភាបានរៀបចំធ្វើឡើង តបតាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកចូលរួមសមាជមានថ្នាក់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទំាងឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ចំនួន២៧នាក់។
សមាជរដ្ឋសភានិងព្រឹទ្ធសភាលើកទី១នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលនឹងបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ក៏ដូចជាបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត បង្ហាញពីស្មារតីទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងអង្គការនីតិប្បញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងភាគីពាក់ព័ន្ធក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី






