ខេត្តព្រៃវែង ៖ បុរសម្នាក់ ត្រូវបានបុរសម្នាក់ទៀតដែលជាគូស្នេហ៍តាមបាញ់ប្រហារដល់លើផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែខឹងប្រុសស្នេហ៍រូបនោះរត់ចោលរូបគេ ហើយមកត្រូវគ្នាជាមួយប្រពន្ធនៅស្រុកកំណើតវិញ។
ករណីបាញ់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣៥នាទីយប់ ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ នៅលើផ្ទះជនរងគ្រោះដែលស្ថិតនៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនបង្កដែលជាគូស្នេហ៍ឈ្មោះ ឃុន ហ៊ុយ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកស្វាយអន្ទរ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួរឡុង ធ្លាប់មានប្រពន្ធនៅស្រុកកំណើតរួចហើយ ប៉ុន្តែបានឈ្លោះបាក់បែកគ្នា ហើយរូបគេក៏ចេញទៅរកស៊ីនៅក្រុងប៉ោយប៉ែត។ ពេលទៅដល់ទីនោះ ក៏បានជួបនិងស្រឡាញ់គ្នាជាមួយជនបង្កឈ្មោះឃុនហ៊ុយ ហើយបានរកស៊ីនិងរួមរស់ជាមួយគ្នា នៅទីនោះ។
លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គូស្នេហ៍ប្រុសនិងប្រុសមួយគូនេះបានឈ្លោះប្រកែកគ្នា ហើយជនរងគ្រោះហួរ ឡុង ត្រឡប់មកផ្ទះនៅស្រុកស្វាយអន្ទរហើយបានត្រូវគ្នាជាមួយប្រពន្ធវិញ ចំណែកជនបង្កឈ្មោះ ឃុន ហ៊ុយ ដែលជាគូស្នេហ៍ បានព្យាយាមទាក់ទងហៅជនរងគ្រោះឲ្យត្រឡប់ទៅវិញជាច្រើនដង តែជនរងគ្រោះមិនព្រមទៅ ទើបនៅយប់ថ្ងៃទី១មិថុនា ជនបង្កបានបើករថយន្តតាមមកដល់ផ្ទះនិងបាញ់សំដៅទៅលើជនរងគ្រោះដែលកំពុងដេកលើផ្ទះ ត្រូវ១គ្រាប់ចំថ្ពាល់ខាងស្ដាំធ្លុះទៅគុម្ពត្រចៀករងរបួសធ្ងន់ រួចជនបង្កបានរត់គេចខ្លួនបាត់។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅឯរាជធានីភ្នំពេញភ្លាមៗ នឹងបានដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចឲ្យតាមចាប់ខ្លួនជនបង្ក ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



