ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ: លទ្ធផលសំខាន់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភា

ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ: លទ្ធផលសំខាន់ពីសមាជរដ្ឋសភា-ព្រឹទ្ធសភា


ភ្នំពេញ : នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សមាជរដ្ឋសភា និងព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន
ព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។



អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភានិងព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី កិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិកសមាជចំនួន១៧៩រូប ពេលផ្តើមកិច្ចប្រជុំសមាជដំបូង ដើម្បី ប្រជុំពិភាក្សា លើប្រធានបទចំនួនបីមាន ៖
១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ។ ២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ៣-ប្រធានបទអំពីវិស័យកសិកម្ម ។

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានធ្វើការអនុម័តលើសមាសភាពលេខាធិការអង្គប្រជុំចំនួន ៤រូប មាន ឯកឧត្តម ឃុត ចាន់ដារ៉ា ឯកឧត្តម សេង ញ៉ក់ ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម ឈើយ ចាន់ណា។
មុនផ្តើមកិច្ចប្រជុំតាមរបៀបវារៈ អង្គសមាជបានសម្រេចចេញសេចក្ដីថ្លែងការណ៍គាំទ្ររាជរដ្ឋាភិបាល ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ប្ដឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិ (ICJ) ដើម្បីរំលត់បញ្ហា និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ជាជាង អង្គុយបក់ផ្សែង ដោយទទួលបានសំឡេងអនុម័តគាំទ្រចំនួន ១៨២សំឡេង នៃសមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

១-ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម

ឯកឧត្តម យស ផានីត្ត តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បង្ហាញនូវ “កម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨” ក្នុងនោះកម្មវិធីគោលនយោបាយនេះបានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ គោលនយោបាយចម្បងៗ អាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីគោលនយោបាយអាទិភាព ដែលត្រូវចាប់ផ្តើមអនុវត្ត ពីឆ្នាំ២០២៣តទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសការងារ របស់រាជរដ្ឋាភិបាលក្នុងការបន្តបំពេញបេសកកម្ម បម្រើជាតិ ព្រមទាំងអនុវត្តតាមការសន្យាជាមួយប្រជាជនកម្ពុជាជាម្ចាស់ឆ្នោត។
ឈរលើមូលដ្ឋាននៃ “កម្មវិធីនយោបាយ” នេះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច តាមរយៈរបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ចនេះ ប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ជាអាទិភាពផងដែរ ដូចមានក្នុងបញ្ចកោណទី១ ៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គសមាជ ប្រព័ន្ធគាំពារសង្គម ត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាអាទិភាពផងដែរ ដូចមានចែងក្នុងបញ្ចកោណទី១៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្នែកទី៤ ស្តីពីការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ក្នុងគោលបំណងធានានិរន្តរភាព នៃការអភិវឌ្ឍប្រព័ន្ធគាំពារ សង្គមកម្ពុជា ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពបត់បែនដើម្បីឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ គ្រោះអាសន្ន និងវិបត្តិនានា ក៏ដូចជាការវិវឌ្ឍនៃកត្តាសេដ្ឋកិច្ច កត្តាសង្គម និងកត្តាប្រជាសាស្ត្រជាទូទៅ សំដៅ រួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្តើម អនុវត្តភា្លម ក្នុងឆ្នាំ២០២៣ ដោយកម្មវិធីគោលនយោបាយចំនួន ៣ មានគោលបំណងបន្តអភិវឌ្ឍប្រព័ន្ធគាំពារ សង្គម រួមមាន៖ (១) ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល
(២) ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅទូទាំងប្រទេស និង

(៣) ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុង គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។ បន្ថែមលើនេះ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ត្រូវបានដាក់ប្រកាស ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សមាជិកអង្គសមាជ បានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម មានចំនួន ២៤រូប។ បន្ទាប់ពីអង្គសមាជ បានធ្វើការពិភាក្សាលើប្រធានបទអំពីប្រព័ន្ធគាំពារសង្គម និងការបកស្រាយរបស់រាជរដ្ឋាភិបាល ទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជបានធ្វើការអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ប្រព័ន្ធគាំពារសង្គម ដោយទទួលបានការគាំទ្រចំនួន ១៨១ សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

២-ការពិភាក្សា លើ ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

លោកជំទាវ និន សាផុន តំណាងក្រុមជំនួយការគណៈកម្មការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុក ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សា លើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងគោលបំណងកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេច បានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ នៃ «កម្មវិធីគោល នយោបាយអាទិភាពចំនួន៦» ក្នុងគោលដៅលើកទឹកចិត្តអ្នកប្រកបមុខរបរ និងធ្វើការងារ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញផ្តល់បទអន្តរាគមន៍ជូនអង្គសមាជជាយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨នេះ ត្រូវបានដាក់ប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក.) តាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទី និង ភារកិច្ចចម្បងក្នុងការសម្របសម្រួលការងារ និងអនុវត្តសកម្មភាពស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ រៀបចំផែនការសកម្មភាពលម្អិត សូចនាករគន្លឹះ ការបែងចែកតួនាទីភារកិច្ច និងវិធានការគន្លឹះ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវការអនុវត្ត។ លើសពីនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការ «ផ្ទាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដើម្បីជាមធ្យោបាយសម្រាប់កំណត់អត្តសញ្ញាណ ប្រភេទមុខរបរ និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចផ្តល់ការគាំទ្រផ្សេងៗ បានទាន់ពេល និងចំគោលដៅ ជាពិសេសក្នុងគ្រាមានវិបត្តិ។

សមាជិកអង្គសមាជដែលបានឡើងមានមតិ ពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន ២២រូប។ បន្ទាប់ពីអង្គសមាជ បានធ្វើការពិភាក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធរួចមក សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសហការី ធ្វើការបកស្រាយ ទៅលើមតិពិភាក្សាដែលអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងរួចមក អង្គប្រជុំសមាជ ក៏បានធ្វើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ច ក្រៅប្រព័ន្ធ ដោយទទួលបានការគាំទ្រចំនួន ១៧៨សំឡេង នៃចំនួនសមាជិក សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល។

អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានធ្វើការ ពិភាក្សា និងអនុម័តចប់សព្វគ្រប់ លើរបៀបវារៈចំនួន២ គឺរបៀបវារៈទី១-ការពិភាក្សា និងអនុម័តប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម និងរបៀបវារៈទី២-ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅវេលាម៉ោង ០០:២៥នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥។
ចំណែករបៀបវារៈទី៣-ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម អង្គសមាជនឹងធ្វើការពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាបន្ត នៅវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ជាបន្តទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles