សេដ្ឋកិច្ចថៃ-កម្ពុជា៖ ការបិទព្រំដែននឹងប៉ះពាល់ថៃធ្ងន់ធ្ងរជាងកម្ពុជា

សេដ្ឋកិច្ចថៃ-កម្ពុជា៖ ការបិទព្រំដែននឹងប៉ះពាល់ថៃធ្ងន់ធ្ងរជាងកម្ពុជា

រដ្ឋាភិបាល​អាយុ​ទើបតែ​៩​ខែ ២​ស​ប្តា​ហ៍​របស់​ថៃ ពិតជា​កង្វល់​រឿង​ផល​ប៉ះពាល់​នៃ​សេដ្ឋកិច្ច​មួយ​ជ្រុង​ថែម​ទៀត ប្រសិនបើ​ការ​ប៉ះទង្គិច​នៅ​ព្រំដែន នៅ​តំបន់​មុំ​បី កាន់តែ​រីក​រាលដាល​ហើយ​ឈាន​ដល់​បញ្ហា​បិទ​ព្រំដែន​ជាមួយនឹង​ប្រទេស​កម្ពុជា ខណៈ​ដែល​ពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច របស់​រាជាណាចក្រ​នេះ កំពុង​តែ​ស្រុត​ចុះ​។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Nation លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា នាយក​រដ្ឋមន្ត្រី វ័យ​៣៨​ឆ្នាំ ហើយ​ទើបតែ​កាន់​តំណែង បាន​៩​ខែ​២​ស​ប្តា​ហ៍ និង​លោក ភូ​ថា​ម វិ​ឆា​យ៉ា​ឆៃ ( Phumtham Wechayachai) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជំរុញ​ឲ្យ​យោធា​កុំ​ឲ្យ​បិទ​ព្រំដែន​ដោយ​លើក​ឡើង​ពី​សំណើ​របស់​កម្ពុជា និង​ការ​ព្រួយបារម្ភ​ផ្នែក​សេដ្ឋកិច្ច ជុំវិញ​ការ​រំខាន​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន ។

រដ្ឋាភិបាល​ថៃ បាន​ជំរុញ​ឱ្យ​យោធា​អនុវត្ត​ការ​អត់ធ្មត់​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​ភាព​តានតឹង​នៅ​តាម​ព្រំដែន បន្ទាប់​ពី​ប៉ះទង្គិច​គ្នា ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ។ តាម​សេចក្តីរាយការណ៍​នោះ យោធា​ថៃ​ពិតជា​ចង់​បិទ​ព្រំដែន ប៉ុន្តែ​រដ្ឋាភិបាល​បាន​ជំទាស់​នឹង​វិធានការ​នេះ ដោយ​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ដែល​អាច​កើត​មាន ជា​ពិសេស​លើ​ពាណិជ្ជកម្ម​ឆ្លង​ដែន និង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​ប្រទេស​ថៃ ។

រដ្ឋាភិបាល​ថៃ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ដំណោះស្រាយ​ការទូត ជា​ពិសេស​ជាមួយនឹង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា​-​ថៃ ដែល​គ្រោង​ធ្វើ​នៅ​ពាក់កណ្តាល​ខែមិថុនា ។ នៅ​ក្នុង​ដំណាក់កាល​នេះ ថៃ​ពិតជា​ប្រយ័ត្នប្រយែង​ណាស់ ចំពោះ​វិបត្តិ​នានា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពីព្រោះ​តែ​នៅ​ពេល​នេះ ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ថៃ ដូច​ជា ការ​វិនិយោគ អំណាច​នៃ​ការ​ទិញ​របស់​ពលរដ្ឋ ការ​នាំ​ចេញ និង​ទេសចរណ៍ គឺ​សុទ្ធតែ​មាន​និ​ន្ន​ការ​ធ្លាក់​ចុះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​ថៃ​បាន​អះអាង​ថា កំណើនសេដ្ឋកិច្ច​ថៃ​ដែល​ពី​មុនគេ​ព្យាករណ៍​ថា អាច​សម្រេច​បាន​ត្រឹមតែ​២,៨​ភាគរយ​នោះ​នឹង​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​១,៨ ភាគរយ ប៉ុណ្ណោះ​ដោយសារ​តែ​វិបត្តិ​នៅ​ក្នុងស្រុក និង​បញ្ហា​នៅ​ខាងក្រៅ ជា​ពិសេស គឺ​គំនាប​ពន្ធ​របស់​សហរដ្ឋអាមេរិក ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ករណី​បញ្ហា​ព្រំដែន​កម្ពុជា​ឡើងក​ម្តៅ ហើយ​ឈាន​ដល់​បិទ​ព្រំដែន ទៀត​នោះ​កម្រិត​នៃ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ថៃ គឺ​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត​ពីព្រោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ក៏​មាន​ទំហំ​គួរសម ។ កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​នឹង​ថៃ គឺ​មាន​តម្លៃ​ប្រមាណ​ជា​ជាង​៤​ពាន់​លាន​ដុល្លារ នៅ​ក្នុង​នោះ​ថៃ​នាំ​ចេញ​មក​កម្ពុជា គឺ​ជាង​៣​ពាន់​លាន​ដុល្លារ​ទៅ​ហើយ ខណៈ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ ត្រឹមតែ​ប្រមាណ​ជិត​៨០០​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ដោយឡែក តាម​ស្ថិតិ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​៤​ខែ​ដើមឆ្នាំ​នេះ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ​ឈាន​ដល់ ១,៤៩ ពាន់​លាន​ដុល្លារ ដោយនៅ​ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ មាន​ចំនួន​សរុប​ត្រឹមតែ​ជិត​៣២៨​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ផ្អែក​តាម​តួលេខ​ទាំងនេះ ការ​ប៉ុនប៉ង​ណាមួយ ដើម្បី​បិទ​ព្រំដែន​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​របស់​ថៃ​ធ្ងន់​ជាង​កម្ពុជា ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ គ្រាន់តែ​ច្រក​ប៉ោយ​ប៉ែ​ត​មួយ​ទេ មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​មួយ​ថ្ងៃ​ដល់​ទៅ​៣០០​ជើង ហើយ​លំហូរ​អ្នកដំណើរ គឺ​ប្រហែលជា​២​ពាន់​នាក់ ។ ក្រៅពី​ច្រក​ប៉ោយ​ប៉ែ​ត​ចេញ​នោះ កម្ពុជា​នៅ​មាន​ច្រក​កម្រិត​អន្តរជាតិ​ជាមួយនឹង​ថៃ​ប្រមាណ​ជា​៧​កន្លែង និង​ច្រក​ទ្វារ​តំបន់​ក៏​ដូច​ជា ទ្វេភាគី​មួយ​ចំនួន​បន្ថែម​ទៀត ។ ច្រក​ទាំងនោះ គឺ​សុទ្ធសឹងតែ​ជា​ច្រក​ដោះ​ដូរ​ពាណិជ្ជកម្ម និង​កា​រត​ភ្ជាប់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​ប៉ះទង្គិច​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​យ៉ាង​ច្បាស់​ៗ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ចេញពី​សមាជ​សភា និង​ព្រឹទ្ធសភា​ជា​លើក​ដំបូង​នា​ព្រឹក ថ្ងៃ​ទី ០២ ខែមិថុនា ឆ្នាំ​២០២៥​ថា ដើម្បី​រំលត់​បញ្ហា​ដែល​ចាក់ស្រេះ និង​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ស្នើ​ភាគី​ថៃ​គាំទ្រ​ជំហរ​កម្ពុជា នៅ​ក្នុង​ការ​នាំ​យក​ករណី​ព្រំដែន​នៅ​តំបន់​ប្រទាញប្រទង់​៤ កន្លែង គឺ តំបន់​មុំ​៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តែ​ម្តង ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា នៅ​ក្នុង​ករណី ដែល​ភាគី​ថៃ​មិន​គាំទ្រ​ក៏​កម្ពុជា​នឹង​បន្ត​ដំណើរការ ដោះស្រាយ​តាម​យន្តការ​នេះ​ដដែល ប៉ុន្តែ​ក៏​មិន​បដិសេធ​ការ​បន្ត​ដំណោះស្រាយ​លើ​យន្តការ​ដែល​មាន ស្រាប់​ដែរ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ដោយ​រួម​ទាំង​យោធា ដើម្បី​ការពារ​អធិបតេយ្យ និង​ទឹកដី ។

ដោយឡែក នៅ​ក្នុង​សមាជ​ដដែល សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ដឹកនាំ​អង្គ សមាជ​នោះ​ផ្ទាល់​បាន​សម្តែង​ការ​គាំទ្រ​ហើយ​លើក​ឡើង​ថា យន្តការ​ដោះស្រាយ​រឿង​ព្រំដែន​នៅ​តំបន់ ប្រទាញប្រទង់​នោះ គឺ​មិន​រីក​ចម្រើន​សោះ ក្រោយ​ពេល​ដែល​បាន​ខិតខំ​ដោះស្រាយ​តាម​អនុស្សា​រណៈ​យោគយល់​ដែល​បាន​ចុះ​តាំងពី​ឆ្នាំ​២០០០​មក ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ២៥​ឆ្នាំ នៃ​ការ​ខិតខំ គឺ​គ្មាន​អ្វី​ក្រៅពី​ដើរ​រក​បង្គោល​នៅ​តាម​ព្រំដែន​ចាស់​ៗ ដូច្នេះ​កម្ពុជា និង​ថៃ គួរតែ​ដឹក​ដៃ​គ្នា​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ជួយ​កាត់សេចក្តី​បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ។ សម្តេច​តេ​ជោ ក៏​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា ការ​ប៉ះទង្គិច​នឹង​មិន​រីក​ធំ ហើយ​កិច្ច​សហប្រតិបត្តិការ នានា​រវាង​កម្ពុជា និង​ថៃ​នឹង​នៅ​តែ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles