ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មី បំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក នៅសាលាពលទាហាន យោធភូមិភាគទី៣ ដែលមានសិក្ខាកាមចូលរួមចំនួន ១៨១នាក់ សិក្សារយៈពេល ៩១ថ្ងៃ ចាប់ពីថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមពេលហ្វឹកហ្វឺន ត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អប្រសើរ ចំពោះគ្រូធាចារ្យត្រូវរិះរកវីធីសាស្ត្រល្អៗ ធ្វើយ៉ាងណាឲ្យសិក្ខាកាមងាយយល់ និងចាប់បាន ។ សម្រាប់ការងារហ្វឹកហ្វឺន ត្រូវបង្កសមត្ថភាពដល់ពលទាហានថ្មី ដើម្បីរួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ។
ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្តាំផ្ញើដល់សិក្ខាកាមពលទាហានថ្មីទាំងអស់ ត្រូវក្តាប់ឲ្យជាប់រាល់មេរៀន ដែលគ្រូបង្រៀន និងត្រូវប្រកានភ្ជាប់តួនាទីរបស់ខ្លួន ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដ រួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ។ សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ ។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងប្រកាសបើកវគ្គចាប់ពីពេលនេះតទៅ ៕


