ថ្មីៗនេះ មានដំណឹងដ៏ក្រៀមក្រំមួយកើតឡើង នោះគឺមរណភាពរបស់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលសូម្បីតែ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បង្ហាញពីភាពសោកស្ដាយ និងបានចូលរួមរំលែកទុក្ខក្រុមគ្រួសារ របស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ផងដែរ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបាត់បង់ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយ ជាពិសេស គឺជាការបាត់បង់ដ៏ធំធេងនូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលពោរពេញដោយទេពកោសល្យជ្រៅជ្រះក្នុងវិស័យកីឡាគុនល្បុក្កតោខ្មែរល្បីល្បាញរន្ទឺលើពិភពលោក ជាក់ស្តែង ការដាក់បញ្ចូលកីឡាគុនល្បុក្កតោខ្មែរជាលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំឱ្យកម្ពុជាទទួលបានកំណើនមេដាយបន្ថែមទៀត។
សម្តេចធិបតី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ សម្តេចធិបតី ហ៊ុន ម៉ាណែត