រាជធានីភ្នំពេញ ៖ តារាក្បាច់គុននាង សំ ថារ័ត្ន និងពេជ្រ ចរណៃ បានសម្តែងក្តីក្តុកក្តួលយ៉ាងខ្លាំង និងស្ទើរទទួលយកមិនបាន បន្ទាប់ពីទទួលដំណឹងពីមរណភាណរបស់លោកព្រឹទ្ធាចារ្យល្បុក្កតោ សាន គីមស៊ាន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ។

ធ្លាប់ជាកូនសិស្ស ដែលទទួលការបង្ហាត់បង្រៀនក្បាច់គុនល្បុក្កតោ ពីលោកព្រឹទ្ធាចារ្យ សាន គីមស៊ាន តារាស្រីទាំងពីរបានគោរពស្រឡាញ់លោកព្រឹទ្ធាចារ្យដូចជា ឪពុកទី២ និងបានចាត់ទុកលោកជាវីរៈបុរសដែលបានត្រួសត្រាយក្បាច់គុនល្បុក្កតោខ្មែរឲ្យរស់ឡើងវិញ ។

តារាសម្តែងនាង សំ ថារ័ត្ន បានបង្ហោះសំណេរលើបណ្តាញសង្គមថា ៖ ដូចពុះបេះដូងជាពីរ ចុកណាស់ ! លោកគ្រូដែលខ្ញុំស្រលាញ់គោរពដូចឪពុក សិស្សគុនល្បុក្កតោអើយ លោកគ្រូតាល្បុក្កតោ សាន គីមស៊ាន បានលាពួកយើងរហូតហើយ ខ្ញុំព្យាយាមជិះអោយមកដល់ពេទ្យអោយទាន់គាត់ តែ.. អត់ទេ.. គេសង្គ្រោះអស់ហើយ…។
ចំណែកតារាសម្តែងនាង ពេជ្រ ចរណៃ ក៏បានបង្ហោះសំណេរខ្លីមួយលើបណ្តាញសង្គមដែរថា កើតចាស់ ឈឺស្លា.ប់ជារឿងធម្មតា តែហេតុអ្វីខ្ញុំពិបាកធ្វើចិត្ត ទទួលយកដំណឹងនេះខ្លាំងម្លេះ លោកគ្រូតា សាន គីមស៊ាន វីរៈបុរស គុនល្បុក្កតោខ្មែរ ។

តារារូបនេះធ្លាប់បានគូសបញ្ជាក់ថា លោកព្រឹទ្ធាចារ្យ សាន គីមស៊ាន គឺជាអ្នកដែលធ្វើអោយក្បាច់គុន(ល្បុក្កតោខ្មែរ)រស់ឡើងវិញ ។ លោកគ្រូតា ព្រឹទ្ធាចារ្យ ក្រមាមាស សាន គឹមស៊ាន) បានចំណាយពេលជិតមួយជីវិត ដើម្បីប្រមូលឯកសារចងក្រង ហាត់រៀន ល្បុក្កតោខ្មែរ(មួយម៉ឺនប្រាំមួយពាន់ក្បាច់) ធ្វើអោយពិភពលោកទទួលស្គាល់គុនល្បុក្កតោខ្មែរ ហើយចំនួន១៣០ប្រទេស ដែលបានអញ្ជើញលោកគ្រូតាអោយទៅបង្ហាត់គុនល្បុកតោខ្មែរ ដល់ប្រទេសគេ តែលោកគ្រូមានប្រសាស៍ថា (ខ្ញុំអាយុច្រើនហើយ សុំទុកពេលវេលាដែលនៅសល់បង្ហាត់ទៅកូនចៅខ្មែរជំនាន់ក្រោយ ។
បើតាមពេជ្រ ចរណៃ លោកគ្រូតា បានលះបង់ច្រើនណាស់ ដើម្បីផ្សព្វផ្សាយអោយពិភពលោកបានស្គាល់នូវគុនល្បុក្កតោខ្មែរ ដូចនេះសូមយុវជនទាំងអស់ ចូលរួមហាត់រៀន ក្បាច់គុនល្បុកតោខ្មែរ ក្នុងនាមជា អ្នកបន្តរវេនមរតកក្បាច់គុនល្បុក្កតោខ្មែរ ដែលដូនតាបានបន្សល់ទុកជាងពីរពាន់ឆ្នាំមកនេះ ។
នាងបញ្ជាក់ថា មរតកក្បាច់គុនល្បុក្កតោខ្មែរ មិនមែនជារបស់លោកគ្រូតាតែម្នាក់ឯងទេ! តែជាកេរ្តិ៍មរតករបស់កូនខ្មែរមួយនគរ មនុស្សអាចស្លា.ប់ តែវប្បធម៌ ក្បាច់គុនល្បុកតោខ្មែរ មិនអាចស្លា.ប់ទេ បើនៅតែមានកូនខ្មែរហាត់រៀនបន្ត ៕




