ពលរដ្ឋមួយចំនួន ដែលមានកាយសម្បទាគ្រប់គ្រាន់ ប៉ុន្តែដើរលើកដៃសុំទានគេ នៅតាមផ្លូវ និងតាមទីសាធារណៈនានា គួរភ្ញាក់រលឹក ហើយតស៊ូរៀនសូត្រជំនះឲ្យបាននូវឧបសគ្គទាំងឡាយ ។ ការតស៊ូ និងការបេ្តជ្ញាចិត្ត គឺនឹងនាំមកនៅជោគជ័យ នៅពេលអនាគតដូចជា ករណីបុរសពិការ វ័យ៣៧ ជនជាតិចិនមួយរូប ។

កាសែត South China Morning Post បានរាយការណ៍ថា ពីព្រោះតែការប្តេជ្ញាចិត្ត ព្យាយាម និងអោយតម្លៃលើការសិក្សាលោក លី ឈួងយេ កម្ពស់ត្រឹម៨០សង់ទីម៉ែត្រ (Li Chuangye) បានតស៊ូនៅក្នុងជីវិតដែលពិការភាពខួរក្បាល តាំងពីអាយុ១ឆ្នាំ រហូតក្លាយជាវេជ្ជបណ្ឌិតមួយរូប ទោះបីជាខ្លួនពិការហើយថែមទាំងកើតមកនៅក្នុងគ្រួសារក្រីក្រដើរសុំទានគេក៏ដោយចុះ ។
លី ឈួងយេ សព្វថ្ងៃ មានអាយុ៣៧ឆ្នាំ គឺជាវេជ្ជបណ្ឌិតម្នាក់ ដែលកំពុងតែបើកដំណើរការគ្លីនិកផ្ទាល់ខ្លួនតូចមួយ នៅខេត្តយូណាន ភាគនិរតីនៃប្រទេសចិន ។ វេជ្ជបណ្ឌិត អាយុ៣៧ឆ្នាំ កើតនៅខេត្តហេណាន ហើយកើតជំងឺម្យ៉ាង គឺស៊ីរេប្រាល់ ផាល់ស៊ី (Cerebral Palsy)ដែលជាប្រភេទជំងឺម្យ៉ាង ដែលប៉ះពាល់ដល់ការធ្វើចលនា ការរក្សាសមតុល្យ និងភាពសម្រួលតួនាទីសាច់ដុំតាំងពីអាយុ១ឆ្នាំ ។
វេជ្ជបណ្ឌិតរូបនេះ ត្រូវបានគេព្យាយាមជួយសង្គ្រោះពិការភាពដោយការវះកាត់ម្តង កាលពីអាយុ៩ ឆ្នាំ ប៉ុន្តែបានបរាជ័យ ហើយក៏បានធ្លាក់ខ្លួនចាញ់ការអូសទាញគេធ្វើជាអ្នកសុំទានជួយរកប្រាក់ចិញ្ចឹម គ្រួសារ រហូតដល់អាយុ១៦ ឆ្នាំ ជាមួយនឹងចំណូលដែលសល់ត្រឹមតែ១០០យ័ន ពោល គឺប្រមាណជា១៤ ដុល្លារ នៅក្នុងមួយខែ ។

ដោយសារតែពិការភាព ហើយក្រោយមក ជនដែលធ្លាប់បោកក៏អាណតិអាសូរដោះលែងរូបគាត់ យុវជន ពិការ លី ឈួងយេ ក៏បានតាំងចិត្តចូលរៀននៅអាយុ១៦ឆ្នាំ ។ ទោះបីជាចូលរៀនយឺតពេលជាងគេ លី ឈួងយេ ដែលជាយុវជនមិនចេះអក្សទាល់តែសោះ សូម្បីត្រឹមតែ អានកាសែតក៏បានចូលរៀននៅសាលាបឋមសិក្សាមួយ ហើយបានតាំងចិត្តផ្លាស់ប្តូរជីវិតតាមរយៈការអប់រំ ។ ទោះជាចូលរៀនយឺត ហើយខ្លួនពិការក៏ពិតមែន ប៉ុន្តែដោយសារតែចិត្តមិនពិការបានធ្វើឲ្យ លី ឈួងយេ ទទួលបានជោគជ័យ និងរីកចម្រើននៅក្នុងការរៀនសូត្រជាបន្តបន្ទាប់ រហូតដល់មានឱកាសចូលរៀនមហាវិទ្យាល័យវេជ្ជសាស្ត្រនឹងគេ ។
លី ឈួងយេ បានអះអាងថា អំឡុងពេលរៀននៅវិទ្យាល័យ មិត្តរួមថ្នាក់ដែលមានចិត្តល្អបានផ្តល់ជំនួយ ប៉ុន្តែគាត់កម្រនឹងទទួលយកវាណាស់ ដោយសារតែទីមួយលោកមានអារម្មណ៍ខ្មាស់អៀនក្នុងការពឹងផ្អែកលើអ្នកដទៃ ។ លោកបាននិយាយថា «ខ្ញុំដឹងហើយជឿថា មិត្តរួមថ្នាក់មកសាលារៀន ពួកគេគ្រាន់តែអាណិតខ្ញុំ ប៉ុន្តែពួកគេមិនអាចមកជួយមើលថែខ្ញុំជាប្រចាំបានរហូតនោះបានឡើយ »។
លោក បានចែករំលែកថា មូលហេតុដែលលោកក្លាយជាវេជ្ជបណ្ឌិតបែបនេះ គឺដោយសារលោកកើតមានមានជំងឺ ហើយគ្រួសារលោកក្រីក្រទើបលោកស្រមៃចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីជួយអ្នកដទៃ ។

ជាមួយនឹងការប្តេជ្ញាចិត្តបែបនេះ លី ឈួងយេ បានតស៊ូ យ៉ាងឧស្សាហ៍ព្យាយាម ហើយក៏បានចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងឆ្នាំ ២០១៣ នៅអាយុ ២៥ ឆ្នាំ ។ នៅពេលចូលរៀននៅមហាវិទ្យាល័យ លោកបានស្ម័គ្រចិត្តយកខ្លួនលោកជាកម្មវត្ថុនៃការសិក្សាករណីជំងឺខួរក្បាលជូនមិត្តរួមថ្នាក់របស់គាត់ ហើយបានសន្យាថា នឹងបរិច្ចាគរាងកាយរបស់គាត់ទៅការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្របន្ទាប់ពីការស្លា.ប់របស់គាត់ ។
បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ ២០១៩ នៅអាយុ៣១ឆ្នាំ លោក លី ឈួងយេ មានឱកាសក្លាយជាអ្នកនិពន្ធអត្ថបទផ្នែកវេជ្ជសាស្ត្រមួយរូប ប៉ុន្តែបានលាលែងវិញដោយលោកចង់ក្លាយជាវេជ្ជបណ្ឌិត ហើយក៏បានស្ម័គ្រចិត្តបម្រើការនៅគ្លីនិកសហគមន៍មួយនៅខេត្តហេណាន ដើម្បីទទួលបានអាជ្ញាប័ណ្ណជាវេជ្ជបណ្ឌិត ។
ទោះជាខ្លួនពិការ ក៏ពិតមែន ប៉ុន្តែ លី ឈួងយេ គឺបានជួយប្រឡូកនៅក្នុងសង្គមដោយប្រើប្រាស់កម្មវិធី តិកតក់ អប់រំ និងបង្ហោះសារលើកទឹកចិត្តយុវជននានា ។ ក្រៅពីស្រលាញ់អាជីពជាវេជ្ជបណ្ឌិត លី ឈួងយេ ក៏ចូលចិត្តកីឡាឡើងភ្នំ ហើយរូបគេធ្លាប់បានសម្រេចការឡើងភ្នំខ្ពស់ៗនៅចិន បានសម្រេចដល់ទៅ ៦ ។ លី ឈួងយេ បានអះអាងថា កាលពីឆ្នាំ២០១៦ រូបគេបានចំណាយពេលតស៊ូ១៧ថ្ងៃឡើងកំពូលភ្នំ ហួងសាន (Huangshan) ដោយចំណាចស្បែកជើងអស់៦គូ ខោរ១២ និងស្រោមជើង១៦គូ ។ នេះគឺជាសារមួយសម្រាប់ដាស់តឿន អ្នកដែលកំពុងតែអស់សង្ឃឹមហើយមើលស្រាលលើការអប់រំ ។ ក្រៅពីបុរសម្នាក់នេះ សម្រាប់នៅកម្ពុជា ក៏មានគូស្វាមីភរិយាកម្ពុជាពិការភ្នែកមួយគូបានកំពុងតែរៀនអនុបណ្ឌិតនៅអូស្ត្រាលី ។
ក្រៅពីនោះក៏នៅមានជនពិការកម្ពុជាមួយចំនួនទៀត ដែលបានតស៊ូដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងកសាងជីវភាព ខណៈដែលមនុស្សជាច្រើនបាក់ទឹកចិត្ត ហើយអស់សង្ឃឹមសុខចិត្ត ដើរសំពះសុំទានគេនៅតាមផ្លូវ ៕