ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោយពីកើតហេតុការណ៍ផ្សព្វផ្សាយក្នុងបណ្តាញសង្គម នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:១០នាទី ជុំវិញបុរសម្នាក់បានចោទប្រកាន់មកលើមន្ត្រីអនុវត្តច្បាប់ចរារចណ៍ផ្លូវគោក នៅគោលដៅផ្លូវហាណូយ ស្តុបឱកាសខ្ញុំ ខណ្ឌសែនសុខ ថាបានវាយកញ្ចក់រថយន្តខ្លួនបណ្តាលឱ្យបែក ។ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃដដែល បានអញ្ជើញមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៧រូបនៅគោលដៅខាងលើ និងយករថយន្តម៉ាក Kia Frontier ពណ៌ ខៀវ ផ្លាកលេខ ភ្នំពេញ 2R-2614 និងអ្នកបើកបររថយន្ត០១នាក់ មកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសួរនាំអំពីហេតុការណ៍កើតឡើងឱ្យបានច្បាស់លាស់ និងធ្វើរបាយការណ៍រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យសម្រេច។
សូមបញ្ជាក់ថា កន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។ ដោយឡែកចំពោះមន្ត្រីណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។
ដោយឡែកចំពោះអ្នកបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងករណីដែលសមត្ថកិច្ចរកឃើញល្មើសច្បាប់ចរាចរណ៍ ក៏ត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


