រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាតម្លៃកសិផលរវាងអ្នកដាំដុះ និងអ្នកទិញហូប ជាចំណោទបញ្ហាមួយ ដែលរាជរដ្ឋាភិបាលត្រូវតែគិតគូរឱ្យបានច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពល្អប្រសើរ ។

ក្នុងបទអន្តរាគមន៍ មុនបិទបញ្ចប់សមាជ រដ្ឋសភា ព្រឹទ្ធសភា នាល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានពន្យល់ពីការសម្របសម្រួលជាច្រើន ដើម្បីឱ្យប្រជាកសិករយល់ដឹងពីផែនការក្នុងការបង្កើតសហគមន៍កសិកម្មទំនើប និងអត្ថប្រយោជន៍ ព្រមទាំងដំណោះស្រាយសម្រាប់កសិករ ។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ក៏បានពន្យល់ពីការទទួលបានផលប្រយោជន៍យឹតយោងគ្នាទៅវិញទៅមក រវាងអ្នកដាំដុះដំណាំ បន្លែបង្ការ និងអ្នកទិញទៅបរិភោគ ឱ្យមានតម្លៃរក្សាគ្នាបានដោយគូសបញ្ជាក់ថា «បើឱ្យប្រជាពលរដ្ឋទិញផលិតផលនៅក្នុងស្រុករបស់យើង ទាល់តែយើងធ្វើយ៉ាងណាឱ្យកសិកររបស់យើងមានភាពប្រកួតប្រជែង ព្រោះយើងត្រូវដោះស្រាយទាំងអ្នកហូបទាំងអ្នកផលិត សម្រាប់បក្សផ្សេង គេអាចស្រែកគេទៅជួបអ្នកហូបគេអាចស្រែកថា ផលិតផលថ្លៃ ចង់ឱ្យផលិតផលចុះ គេអាចទៅជួបអ្នកផលិតទៅប្រាប់ថា ធ្វើឱ្យអារបស់ហ្នឹងឡើងថ្លៃ តែសម្រាប់រាជរដ្ឋាភិបាលត្រូវធានាតុល្យភាពទាំងអស់ជីវភាពរបស់កសិករ និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញហូប បើតម្លៃកសិផលថ្លៃ តម្លៃទំនិញថ្លៃ អ្នកទិញហូបដែលជាមន្ត្រីរាជការ អត់មានពេលទៅដាំប្រាកដជាចំណាយលុយកាន់តែច្រើនទៅលើអាហារហើយ» ។
សូមបញ្ជាក់ថា បន្ទាប់ពីរៀបចំធ្វើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ បានបិទបញ្ចប់ដោយជោគជ័យ ក្រោមការដឹកនាំពិភាក្សាយ៉ាងផុលផុសពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា មានការចូលរួមពីសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា និងសមាសភាពរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អមដោយឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំឥស្សរជនបច្ចេកទេសពាក់ព័ន្ធ ចំនួន៨៣រូប និងប្រតិភូគណបក្សនយោបាយ ជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំនួន២៧នាក់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើវិស័យកសិកម្មបានបញ្ជាក់ដែរថា តាមការសិក្សារបស់ជំនួយការគណៈកម្មាធិការសមាជវិស័យកសិកម្មកម្ពុជា សម្រេចបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមក ។
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួម ចំណែកប្រមាណ ១៦,៧ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ឆ្នាំ ពី១៩៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ ២០២០ និងដល់ ៣១២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លានដុល្លារ) នៅឆ្នាំ២០២៤។
ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣ភាគរយ ផ្នែកផលិតកម្មសត្វ ១៥,៤ភាគរយ ផ្នែកជលផល ២០ភាគរយ និងផ្នែកព្រៃឈើ ៣,៣ភាគរយ ។ សេចក្តីប្រកាសនេះបានបន្តឱ្យដឹងថា សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយប្រឈមរបស់ប្រជាកសិករឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ទី៥ និងទី៦ ចំនួន៣ចំណុច មាន ៖ ១.ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ២. រក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ទី៣.ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ និងការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយឥស្សរជនជំនាញបានអញ្ជើញផ្តល់បទអន្តរាគមន៍ ជូនអង្គសមាជ ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមាន កម្មវិធីគោលនយោបាយ ២សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ ១.យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង២. ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍ កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុង ការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ៕