កំពត ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន មិនគាំទ្រដាច់ខាតចំពោះករណីនេះ នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត។
រដ្ឋបាលខេត្តកំពត បានជម្រាបជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាសាធារណៈជន មេត្តាជ្រាបថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះបវីដេអូ ករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។
រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្ត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត ។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា “អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស្រ៊ុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី




