កំណែទម្រង់ច្បាប់កម្ពុជា៖ ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គ.ក.ច. លើកទី២ ជំរុញអនុម័តផែនការយុទ្ធសាស្ត្រពង្រឹងនីតិរដ្ឋ

កំណែទម្រង់ច្បាប់កម្ពុជា៖ ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំ គ.ក.ច. លើកទី២ ជំរុញអនុម័តផែនការយុទ្ធសាស្ត្រពង្រឹងនីតិរដ្ឋ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈ៖ ទី១. វឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែល គ.ក.ច. សម្រេចបាន និងទី២. ផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឆ្នាំ២០២៥-២០២៨។



ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបាន ទោះបីជាអគ្គលេខាធិការដ្ឋាន គ.ក.ច. ទើបតែចាប់ផ្ដើមដំណើរការក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ ទាំងក្របខណ្ឌគតិយុត្ត ការរៀបចំស្ថាប័ន ធនធានមនុស្ស កិច្ចសហប្រតិបត្តិការ ការរៀបចំសិក្ខាសាលា និងការងារផ្សព្វផ្សាយកន្លងមក ជាពិសេសការសម្រេចបាននូវការរៀបចំ «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដែលទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលថ្មីៗនេះ។

ក្រោយពីកិច្ចពិភាក្សាយ៉ាងផុសផុលរួចមក អង្គប្រជុំបានអនុម័តជាគោលការណ៍លើសេចក្ដីព្រាងផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឆ្នាំ២០២៥-២០២៨ និងបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានកែសម្រួលតាមស្មារតីអង្គប្រជុំ និងសម្របសម្រួលការអនុវត្តផែនការសកម្មភាពនេះ ដើម្បីឱ្យ គ.ក.ច. អាចបំពេញមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាព ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុនៃការពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋរបស់ ព្រះរាជាណាចក្រកម្ពុជា សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធភាពនៃច្បាប់។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប្រធាន គ.ក.ច. ក៏បានផ្ដល់អនុសាសន៍ណែនាំដល់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ១). រៀបចំស្នើឱ្យក្រសួង ស្ថាប័ន រៀបចំផែនការសកម្មភាពបីឆ្នាំរំកិលស្របតាមផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច. ឆ្នាំ២០២៥-២០២៨ ២). ពន្លឿនការរៀបចំសេចក្ដីសម្រេចបង្កើតគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ ព្រមទាំងស្តង់ដានីតិវិធីប្រតិបត្តិ(SOP)ឱ្យបានច្បាស់លាស់ ៣). រៀបចំបង្កើតក្រុមការងារកែទម្រង់ច្បាប់នៅក្នុងក្រសួង ស្ថាប័ន ដោយគិតគូរនៅក្នុងការធ្វើស្ថាបនូបនីយកម្មនូវមុខងារកែទម្រង់អភិបាលកិច្ច ព្រមទាំងការរៀបចំសេចក្ដីព្រាងសារាចរណែនាំពាក់ព័ន្ធ ៤). បន្តធ្វើការផ្សព្វផ្សាយដល់តួអង្គពាក់ព័ន្ធ(Communication) និង ៥). បន្តធ្វើការបណ្តុះបណ្ដាលដល់អ្នកជំនាញការផ្នែកច្បាប់ ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីមន្ត្រីជំនាញរបស់ក្រសួង ស្ថាប័ន និងរៀបចំវិបស្សនាស្តីពី “អត្តសញ្ញាណប្រព័ន្ធច្បាប់កម្ពុជា” ព្រមទាំងរួមគ្នាពីគ្រប់តួអង្គទាំងជាតិនិងដៃគូអភិវឌ្ឍ ក្នុងស្មារតីធ្វើបណ្ដើរ រៀនសូត្រនិងសិក្សាបណ្ដើរ ដើម្បីចូលរួមអនុវត្តផែនការសកម្មភាពសំដៅឈានឆ្ពោះសម្រេចក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាពប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles