ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកូរ៉េ៖ រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឲ្យរួមគ្នាជំរុញសក្តានុពលដល់ប្រជាជនកូរ៉េ

ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកូរ៉េ៖ រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឲ្យរួមគ្នាជំរុញសក្តានុពលដល់ប្រជាជនកូរ៉េ

យោងតាម ក្រសួងទេសចរណ៍ នាថ្ងៃទី 5 ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០ (The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េដែលមានការចូលរួមពីប្រទេសជាង៤០ ស្តង់ពិព័រណ៌ចំនួន៥០០ អ្នកលក់ចំនួន៧៥០ ក្រុមហ៊ុន និងអ្នកទិញចំនួន៨០០ក្រុមហ៊ុន។

ក្នុងឱកាសដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតជូនលោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពទេសចរណ៍វិនិយោគដល់ប្រជាជន និងវិនិយោគិនកូរ៉េ។

ក្នុងជំនួបប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដល់លោកជំទាវ និងសហការីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសគឺជួយក្នុងយុទ្ធនាការទេសចរណ៍កម្ពុជាក្នុងរដូវកាលបៃតង (Green Season) និងប្រឆាំងព័ត៌មានក្លែងក្លាយអំពីកម្ពុជា៕

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles