សិប្បកម្មគ្រឿងសង្ហារឹម អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅស្ទឹងមានជ័យ ភ្នំពេញ ប្រើរថយន្ត១៥គ្រឿងជួយពន្លត់

សិប្បកម្មគ្រឿងសង្ហារឹម អគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅស្ទឹងមានជ័យ ភ្នំពេញ ប្រើរថយន្ត១៥គ្រឿងជួយពន្លត់

យោងតាម ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២៥ កន្លងទៅបាន​ឱ្យ​ដឹងថា សិប្បកម្មផលិតគ្រឿងសង្ហារឹម មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ១០៩៤ តាមបណ្តោយផ្លូវ៣៧១ ក្រុម០១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យដែលប្រចាំការនៅតាមបណ្តាលគោលដៅឲ្យបញ្ចេញរថយន្តពន្លត់អគ្គិភ័យមកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ជុំវិញទីតាំងដែលកើតមានគ្រោះអគ្គិភ័យនេះ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ​ ចំនួន០៧គ្រឿង ប្រេីប្រាស់ទឹក​អស់១៤ឡាន​ ស្មេីរនឹង៦៥ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរ​នឹង​ម៉ែត្រគូប។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មប្រក់ស័ង្កសី ទំហំ​ (៣០ម៉ែត្រ​ x ៥០ម៉ែត្រ) ឆេះបន្ទប់ស្តុកកុងផ្លាកកេ ចំនួន១៥០សន្លឹក ទំហំ (០៨ម៉ែត្រ x ១២ម៉ែត្រ) និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៧និង៣០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

administrator

Related Articles