Man Utd News: Bruno Fernandes បដិសេធ​សំណើ​មហា​សាល​ជាង​២៦០​លាន​ដុល្លារ​ពី Al-Hilal ដើម្បី​បន្ត​ស្នេហ៍​ជាមួយ​បិសាច​ក្រហម

Man Utd News: Bruno Fernandes បដិសេធ​សំណើ​មហា​សាល​ជាង​២៦០​លាន​ដុល្លារ​ពី Al-Hilal ដើម្បី​បន្ត​ស្នេហ៍​ជាមួយ​បិសាច​ក្រហម

បរទេស ៖ តាម​ការ​បញ្ជាក់​ពី​លោក Fabrizio Romano អ្នកកាសែត​កីឡាបាល់ទាត់​ដ៏​ល្បី​ជនជាតិ​អ៊ី​តា​លី តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា កីឡាករ Bruno Fernandes បាន​បដិសេធ​សំណើ​ប្រាក់​ឈ្នួល​ដ៏​ច្រើន ២៣១​លាន​អឺ​រ៉ូ ឬ ២៦២​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ក្លិប​យក្ស​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​រូបគេ​ចង់​បន្ត​រួមរស់​ជាមួយ Manchester United ក្នុង​ការ​ប្រកួត​លី​គ​កម្រិត​ខ្ពស់​បំផុត​។

ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Bruno Fernandes បាន​បញ្ជាក់​ថា រូបគេ​បាន​បដិសេធ​ការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយសារ​តែ​ចង់​បន្ត​អាជីព​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់​បំផុត​។ ប្រធាន​ក្រុម​បិសាច​ក្រហម Man Utd វ័យ​៣០​ឆ្នាំ​រូប​នេះ បាន​ក្លាយជា​ប្រធានបទ​ក្តៅ​នៃ​ការ​រំពឹង​ទុក​ដែល​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ក្នុង​តម្លៃ​១០០​លាន​ផោន ឬ​ស្មើនឹង ១៣៥​លាន​ដុល្លារ​ទៅ​ចូលរួម​ជាមួយ​ក្លិប Al-Hilal នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League​។


លោក Fabrizio Romano បាន​រាយការណ៍​ថា ក្លិប Al-Hilal បាន​ផ្តល់​ជូន​ប្រាក់​ឈ្នួល​ដល់​ខ្សែបម្រើ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ចំនួន ២៦២​ដុល្លារ​សម្រាប់​កុងត្រា​រយៈពេល​៣​ឆ្នាំ ដែល​មាន​ន័យ​ថា មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ខ្សែប្រយុទ្ធ Cristiano Ronaldo រូប​នេះ នឹង​ទទួល​បាន​ប្រមាណ ២៣៨,០០០​ដុល្លារ​ក្នុង​១​ថ្ងៃ ១,៧​លាន​ដុល្លារ​ក្នុង​១​ស​ប្តា​ហ៍ ៧,២​លាន​ដុល្លារ​ក្នុង​១​ខែ និង ៨៧​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។

ទោះ​មានការ​ផ្តល់​ជូន​យ៉ាង​ក្រាស់ក្រែល​បែប​នេះ​ក្តៅ ប៉ុន្តែ Bruno បាន​ប្រាប់​ថា បន្ទាប់​ពី​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​គ្រួសារ​របស់​ខ្លួន​រួច​ហើយ រូបគេ​ក៏​បាន​ជូនដំណឹង​ភ្លាម​ៗ​ទៅ​កាន់​ក្លិប Al-Hilal ថា​នឹង​មិន​ចូលរួម​ជាមួយ​ពួក​គេ​នោះ​ទេ​។ ថ្លែង​នៅ​មុន​ពេល​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nations League ដែ​ើ​ព័រ​ទុ​យ​ហ្គា​ល់​ត្រូវ​តទល់​នឹង​អា​ល្លឺ​ម៉​ង់ នៅ​កីឡដ្ឋាន Allianz Arena ទីក្រុង​មុ​យ​និ​ច នៅ​យប់​ថ្ងៃ​ទី​៤ ខែមិថុនា​នេះ Bruno បាន​ថ្លែង​ថា គ្រូបង្វឹក Man Utd លោក Ruben Amorim បាន​ស្នើ​សុំ​ខ្ញុំ​មិន​ឱ្យ​ចាកចេញ ព្រោះ​ក្លិប​មិន​ចង់​លក់​ខ្ញុំ​នោះ​ទេ​។ ពួក​គេ​បាន​ប្រាប់​ថាបើ​ខ្ញុំ​ចង់ទៅ ខ្ញុំ​អាច​ទៅ​បាន ប៉ុន្តែ​ពួក​គេ​មិន​ត្រូវការ​លុយ​នោះ​ទេ​។ ក្រោយមក​ខ្ញុំ​បាន​ប្រាប់​ចម្លើយ​ទៅ​កាន់​លោក Ruben Amorim ដែល​មួយ​រយៈពេល​ចុង​ក្រោយ គាត់​កំពុង​ជំរុញ​ឱ្យ​ខ្ញុំ​មិន​ចាកចេញ​»​។

កីឡាករ​សំខាន់​របស់ Man Utd រូប​នេះ​បាន​បន្ថែម​ថា «​ខ្ញុំ​ចង់​លេង​ក្នុង​កម្រិត​ខ្ពស់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​។ ខ្ញុំ​ចង់​លេង​ការ​ប្រកួត​ធំ​ៗ​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​ចង់​សប្បាយចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ស្រលាញ់​បំផុត​។ រឿង​ល្អ​ជាង ឬ​អាក្រក់​ជាង នេះ​គឺជា​របៀប​ដែល​ខ្ញុំ​ឃើញ​បាល់ទាត់ ហើយ​ខ្ញុំ​ស្រលាញ់​បាល់ទាត់ ហើយ​នេះ​ជា​ការ​សម្រេចចិត្ត​ដែល​ខ្ញុំ​បាន​ធ្វើ​»​។

សូម​ជម្រាប​ថា Bruno Fernandes បាន​ផ្លាស់​ពី​ក្លិប Sporting Lisbon មក​ចូលរួម​ជាមួយ Man Utd កាលពី​ឆ្នាំ ២០២០ នៅ​ក្នុង​តម្លៃ​សរុប​៨០​លាន​អឺ​រ៉ូ​។ គិត​មក​ទល់​ពេល​នេះ រូបគេ​ស៊ុត​បញ្ចូល​ទី​បាន ៩៨​គ្រាប់​ពី​បង្ហាញខ្លួន ២៩០​ប្រកួត​គ្រប់​កម្មវិធី ដោយ​ជួយ Man Utd ឈ្នះ​ពានរង្វាន់ FA Cup និង EFL Cup​។ បច្ចុប្បន្ន​ខ្សែបម្រើ​ជាប់​កុងត្រា​រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៧​រូប​នេះ គឺជា​កីឡាករ​ទទួល​បាន​ប្រាក់​ឈ្នួល​ច្រើន​ទី​២​ប្រចាំ​ក្លិប Man Utd ពោល​ប្រមាណ​១៩​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ តាម​ពីក្រោយ​ខ្សែបម្រើ​ការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Casemiro ដែល​ទទួល​បាន​ប្រមាណ ២២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕ ដកស្រង់ ៖ BBC, The Guardian និង goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles