ទិវាបរិស្ថាន ២០២៥៖ ព្រះមហាក្សត្រ​សីហមុនី​មាន​ព្រះរាជបន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួមគ្នា​ប្រយុទ្ធ​បំពុល​ប្លាស្ទិក

ទិវាបរិស្ថាន ២០២៥៖ ព្រះមហាក្សត្រ​សីហមុនី​មាន​ព្រះរាជបន្ទូល​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រួមគ្នា​ប្រយុទ្ធ​បំពុល​ប្លាស្ទិក

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ព្រះរាជ​បន្ទូល​ថា ប្រធានបទ «​ប្រយុទ្ធ​ប្រឆាំងការ​បំពុល​ដោយ​ប្លា​ស្ទិ​ក​»​សម្រាប់​ទិវា​បរិស្ថាន​ឆ្នាំ​២០២៥​នេះ គឺជា​ការ​ក្រើនរំឭក និង​ការ​អំពាវនាវ​មួយ សម្រាប់​យើង​ទាំងអស់​គ្នា​ឱ្យ​រួម​គ្នា​ធ្វើ​សកម្មភាព​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។

មាន​ព្រះរាជ​បន្ទូល​របស់​ព្រះមហាក្សត្រ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ក្រោម​ប្រធានបទ​៖ «​ប្រយុទ្ធ​ប្រឆាំង​ការ​បំពុល​ដោយ​ប្លា​ស្ទិ​ក (Beat Plastic Pollution) » នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរ​តក​តេ​ជោ រាជធានី​ភ្នំពេញ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២៥ ។


អង្គ​មាន​ព្រះរាជ​បន្ទូល​ថា មាតុភូមិ​កម្ពុជា​នៃ​យើង គឺជា​ទឹកដី​ដ៏​ស្រស់បំព្រង​ពោរពេញ​ដោយ​សម្បត្តិ​ធម្មជាតិ ដែល​បុព្វបុរស​យើង​បាន​ថែរក្សា​កេរដំណែល​នេះ ទុក​សម្រាប់​យើង​ទាំងអស់​គ្នា ។ ពី​ជួរ​ភ្នំ​ដ៏​ខ្ពស់ត្រដែត​ព្រៃឈើ​ដ៏​ខៀវស្រងាត់​ស្រស់​ត្រកាល ទន្លេមេគង្គ បឹង​ទន្លេសាប​ដែល​ជា​មរតក​ធន​ធានធម្មជាតិ​ដ៏​សម្បូរ​បែប​រហូត​ដល់​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​រស់​រវើក និង​ប្រជុំ​កោះ​តូច​ធំ​ជា​ច្រើន ។ សម្បត្តិ​ធម្មជាតិ​ទាំង​អស់នេះ ហើយ​គឺជា​សរសៃឈាម​នៃ​ជីវិត និង​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​ជាតិ​របស់​យើង ។ ភាព​សុខដុមរមនា​រវាង​មនុស្ស និង​ធម្មជាតិ គឺជា​ឫសគល់​នៃ​វប្បធម៌ ប្រពៃណី និង​ជំនឿ​របស់​ប្រជាជន​ខ្មែរ​យើង​តាំងពី​បុរាណកាល​មក ។

ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​បញ្ជាក់​ថា «​ការ​រស់នៅ​ដោយ​ការ​គោរព​ធម្មជាតិ មិន​បំផ្លាញ​ធម្មជាតិ និង​ចេះ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព គឺជា​កាតព្វកិច្ច​ដែល យើង​ត្រូវ​បន្ត​ថែ រក្សា​ការពារ និង​ពង្រឹង​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​» ។

ព្រះមហាក្សត្រ​មាន​ព្រះរាជ​បន្ទូល​ទៀត​ថា ព្រះករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ «​ព្រះ​​បរម​រតន​កោដ្ឋ​» ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន​ផ្តួចផ្តើម​រៀបចំ​បង្កើត​តំបន់ការ​ពារធម្មជាតិ​នានា ទុកជា​កេរ​មរតក និង​លើកទឹកចិត្ត​កូនចៅ​ជាទី​ស្រឡាញ់​របស់​ព្រះ​អង្គ​ចូលរួម​ថែរក្សា ការពារ អភិរក្ស​ធនធានធម្មជាតិ​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់ ឈ្លាសវៃ និង​ដ៏​ឆ្នើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី យួន សុ​ដា​រី ប្រធានរដ្ឋសភា និង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង​បន្ត​ថែរក្សា ការពារ​អភិរក្ស​ធនធានធម្មជាតិ​បាន​គង់វង្ស​រីក​ចម្រើន​រហូត​ទទួល​បានការ​កោតសរសើរ​ពី​សហគមន៍​អន្តរជាតិ និង​មាន​លទ្ធភាព​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​បន្សំ​នឹង​ផល​ប៉ះពាល់ ក៏​ដូច​ជា​ចូលរួម​ទប់ស្កាត់ ការ​ប្រែប្រួល​អាកាសធាតុ ។

ក្នុង​ឱកាស​នោះ​ដែរ ព្រះមហាក្សត្រ​ក៏​មាន​ព្រះរាជ​បន្ទូល​បន្ថែម​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​ទិវា បរិស្ថាន​ជាតិ ស្រប​ពេល​ជាមួយនឹង​ទិវា​បរិស្ថាន​ពិភពលោក ៥ មិថុនា នា​ថ្ងៃនេះ គឺជា​ការ​ជួបជុំ​គ្នា ដើម្បី​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បរិស្ថាន ដែល​រៀបចំ​ឡើង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។

ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​បន្ថែម​យ៉ាងដូច​នេះ​ថា «​ខ្ញុំព្រះករុណា ខ្ញុំ សូម​សម្តែង​នូវ​ព្រះរាជ​ហឫទ័យ​រីករាយ​ជា​អនេក និង​សូម​អរ​ព្រះ​គុណ​ចំពោះ​វត្តមាន​របស់​សម្តេចព្រះ​មហាសង្ឃរាជ ទាំង​ពីរ​គណៈ សម្តេច​ព្រះសង្ឃ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ ថ្នាក់ដឹកនាំ​ជាតិ និង​បងប្អូន​កូនក្មួយ ជនរួមជាតិ​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​គាំពារ​បរិស្ថាន ការ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​ជាតិ​យើង​» ។

ព្រះ​អង្គ​បាន​មាន​ព្រះរាជ​បន្ទូល​បន្ថែម​ទៀត​ថា ការ​ដោះស្រាយ​បញ្ហា​នេះ មិនមែន​ជា​ការងារ​រប ស់​បុគ្គល​ណា​ម្នាក់ ឬ​ស្ថាប័ន​ណាមួយ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ទទួលខុសត្រូវ​រួម​របស់​យើ ង​ទាំងអស់​គ្នា ទាំង​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល សហគម​ន៍​មូលដ្ឋាន​គ្រួសារ​នីមួយ​ៗ និង​បុគ្គល​គ្រប់​រូប ទាំង​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ និង​សូម​បន្ត​ផ្តល់​នូវ​កិច្ចសហការ​គាំទ្រ​គ្រប់​រូបភាព​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​គោលបំណង សម្រេច​បាន​នូវ​បេសកកម្ម​រួម​គ្នា គឺ​ពិភព លោក​មាន​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ស្រប​តាម​ទិស​ស្លោក​-​កម្ពុជា​ស្អាត​ខ្មែរ​ធ្វើ​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ ព្រះ​អង្គ​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជា​មិត្ត និង​អង្គការ​ដៃគូ អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ សង្គម​ស៊ី​វិល វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​នានា ដែល​បាន​ចូលរួម​ដល់​កិច្ច​ការពារ និង​អភិរក្ស​បរិស្ថាន និង​សូម​អំពាវនាវ​ឱ្យ​បន្ត​សក ម្ម​ភាព​ដ៏​ថ្លៃថ្លា​ទាំងនេះ ដើម្បី​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ជា​ប្រយោជន៍​ដល់​ពិភពលោក​ទាំងមូល ។

ជាង​នេះ ព្រះមហាក្សត្រ​ក៏​សូម​កោតសរសើរ​ចំពោះ​សមិទ្ធផល​ដែល​ក្រសួងបរិស្ថាន សម្រេច​បាន ហើយ​សូម​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួងបរិស្ថាន ដែល​បាន​យកចិត្តទុកដាក់​សហការ​យ៉ាង​ល្អ​ប្រសើរ ជាមួយ​ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការ​ជាតិ​រៀបចំ បុណ្យ​ជាតិ​-​អន្តរជាតិ​សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា យើង​នេះ ប្រកបដោយ​ជោគជ័យ ។

ព្រះករុណា​ក៏​បាន សូម​ឧទ្ទិស​ឱ្យ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥​មិថុនា ស្ថិត​ក្នុង​បេះដូង ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប និង​ក្លាយជា​ប្រពៃណី​នៃ​ការ​លើក កម្ពស់​ការ យល់​ដឹង​ជា​សា​ធា​រណៈ​អំពី​ការ គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles