ចក្រភពអង់គ្លេស ៖ លោក David Coote អតីតអាជ្ញាកណ្តាលបាល់ទាត់ប្រចាំនៅលីគកំពូលអង់គ្លេស Premier League ដែលត្រូវបានបណ្តេញចេញពីការងារដោយស្ថាប័នអាជ្ញាកណ្តាលការប្រកួតអាជីពប្រចាំអង់គ្លេស (PGMOL) និងត្រូវបានបញ្ឈរជើងរយៈពេល១៦ខែ ដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបនោះ កាលពីពេលថ្មីៗនេះ ត្រូវបានគេប្រទះឃើញក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់។ នេះបើតាមប្រភពពី Daily Mail, The Sun និង talkSPORT បានចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
លោក David Coote វ័យ៤២ឆ្នាំ ត្រូវបានបណ្តេញចេញពីការងារដោយ PGMOL កាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីបមិនប្រក្រតីជាច្រើន រួមទាំងវីដេអូឃ្លីបដែលគាត់បានប្រមាថលើអតីតអ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ផងដែរ។ ដំបូងឡើយ លោក Coote គ្រាន់តែត្រូវផ្អាកសកម្មភាពការងារប៉ុណ្ណោះ ប៉ុន្តែក្រោយមកស្រាប់តែមានការបែកធ្លាយវីដេអូមួយផ្សេងទៀត បង្ហាញពីអាជ្ញាកណ្តាលរូបនេះ កំពុងហិតម្សៅសម្យ៉ាងសង្ស័យជាថ្នាំញៀន អំឡុងពេលកំពុងតែបំពេញភារកិច្ចជាមន្ត្រីក្នុងព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ជាលទ្ធផលក្រោយមក UEFA សម្រេចបញ្ឈរជើងលោករយៈពេល១៦ខែ រហូតដល់ចុងខែមិថុនា ឆ្នាំ២០២៦។
បន្ទាប់មកទៀត PGMOL បានប្រកាសថា ខ្លួនបានរកឃើញថា សកម្មភាពរបស់លោក Coote បានធ្វើឱ្យតួនាទីជាមន្ត្រីអាជ្ញាកណ្តាលក្របខណ្ឌ English Premier League បាត់បង់តម្លៃដែលមិនអាចទទួលយកបាន ហើយស្ថាប័ននេះបានសម្រេចបណ្តេញគាត់ចេញពីការងារដោយមានប្រសិទ្ធិភាពភ្លាមៗតែម្តង។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគ្រប់គ្នាហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលវីដេអូមួយត្រូវបានចែកចាយ ដោយបង្ហាញឱ្យឃើញលោក Coote ក្លាយជាអ្នកដឹកជញ្ជូនអីវ៉ាន់របស់ក្រុមហ៊ុនក្នុងស្រុកមួយ។ ប្រភពពីកាសែត Daily Mail បានឱ្យដឹងថា លោក Coote ត្រូវបានរាយការណ៍ថាវាបចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយរបស់ចក្រភពអង់គ្លេស ដែលនៅជិតផ្ទះគាត់ស្ថិតនៅទីប្រជុំជន Newark នៃតំបន់ Nottinghamshire។ លោកបាននិយាយថា «ខ្ញុំគ្រាន់តែព្យាយាមធ្វើការរស់នៅដោយស្មោះត្រង់ ព្រោះខ្ញុំចង់បន្តជីវិតរបស់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមដំណើរឆ្ពោះទៅមុខ។ ការងារកំពុងធ្វើឱ្យខ្ញុំរវល់ ប៉ុន្តែវាមិនមែនជាអាជីពរយៈពេលវែងថ្មីរបស់ខ្ញុំនោះទេ។ ខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដោយផ្ដោតលើអ្វីដែលសំខាន់ដូចជា ចំណាយពេលច្រើនជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារ»។
សូមជម្របថា លោក David Coote ក្លាយជាអាជ្ញាកណ្តាលនៅក្នុងខែមេសា ឆ្នាំ២០១៨ និងបានកាត់សេចក្តីការប្រកួត Premier League ចំនួន១១២ប្រកួត។ លោកក៏ធ្លាប់បានចូលរួមកាត់សេចក្តីពានរង្វាន់ Championship, League One និង League Two ព្រមទាំងពានរង្វាន់ FA Cup និង EFL Cup ផងដែរ។
លោកក៏ត្រូវបានសមាគមបាល់ទាត់អង់គ្លេស (FA) ស៊ើបអង្កេតពាក់ព័ន្ធការរៀបចំការប្រកួតជុំវិញការផ្តល់កាតលឿងដល់កីឡាករ អំឡុងជំនួបរវាងក្រុម Leeds United ទល់នឹងក្រុម West Bromwich Albion កាលពីឆ្នាំ ២០១៩ ដើម្បីជាប្រយោជន៍ដល់មិត្តភ័ក្តិខ្លួនតាមរយៈការភ្នាល់បាល់។ ប៉ុន្តែលោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់មិនពិត និងបង្ខូចកេរ្តិ៍ឈ្មោះទាំងនេះ៕





