ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភា និងព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្ត ជ្រាបថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងវាងវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបានប្រារព្ធធ្វើ ឡើងនៅវិមានរដ្ឋសភា រយៈពេល២ថ្ងៃ គឺនៅថ្ងៃ២ និងទី៣ ខែមិថុនាឆ្នាំ២០២៥ ដោយចំណាយពេលវេលា ប្រមាណ ២៨ម៉ោង ក្នុងការប្រជុំពិភាក្សា បានសម្រេចលទ្ធផលជាទីមោទនៈក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ របស់ជាតិនិងប្រជាពលរដ្ឋ ដោយបានពិភាក្សាផ្តល់យោបល់លើប្រធានបទចំនួនបីរួមមាន ប្រធានបទអំពីប្រព័ន្ធ គាំពារសង្គម ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទអំពីវិស័យកសិកម្ម ដោយបានអនុម័តសេចក្តី សម្រេចចំនួនបី ទាក់ទងនឹងប្រធានបទខាងលើ ទុកជាឯកសារគតិយុត្ត មានតម្លៃខ្ពស់បំផុតក្នុងការគាំទ្រ លើក កម្ពស់ប្រសិទ្ធភាព ការអនុវត្តយុទ្ធសាស្ត្រគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។
សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១នេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការបើកសម័យប្រជុំរួមគ្នារបស់ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការពិភាក្សាដេញដោលលើការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការបង្ហាញពីដំណើរការលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចរបស់ ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធឆ្លើយតបនឹងបំណង ប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ សូមជម្រាបថា សមាជរដ្ឋសភា និងព្រឹទ្ធសភា មានសមាជិក ១៨៧រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន៦២ រូប និងសមាជិករដ្ឋសភាចំនួន១២៥រូប។
សមាជិកអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលជាសមាជិកព្រឹទ្ធសភាទាំង៦២រូប គឺ ៥៥រូប ជាសមាជិក ជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ៣រូប ជាសមាជិកជាប់ឆ្នោតមកពីគណបក្សឆន្ទៈខ្មែរ ២អង្គជាតំណាង មកពីព្រះបរមរាជវាំង និង២រូប បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា។ ចំណែកសមាជិកអង្គសមាជ ដែលជា សមាជិករដ្ឋសភាទាំង១២៥រូប គឺ ១២០រូប ជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និង៥អង្គ/រូប ជា តំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិច។
មុនផ្តើមប្រជុំតាមរបៀបវារៈ អង្គសមាជ បានឯកភាពគ្នាជាឯកច្ឆន្ទ ចេញសេចក្តីថ្លែងការណ៍គាំទ្រ យន្តការ ដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាមួយប្រទេសថៃតាមរយៈការទូត ការចរចា ស្វ័យការពារខ្លួន និងប្រើប្រាស់ច្បាប់អន្តរជាតិ អង្គសមាជគាំទ្រពេញទំហឹង ចំពោះការនាំយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) “ដើម្បីពន្លត់ភ្លើងឱ្យរលត់តែម្ដង ជាជាងអង្គុយបក់ផ្សែង”។
ចំពោះខ្លឹមសារនៃការពិភាក្សាលើប្រធានបទទាំងបី សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា បានឡើង បញ្ចេញមតិ យោបល់ចម្រុះនិងសេរី តាមការយល់ឃើញ និងការសិក្សាស្រាវជ្រាវរបស់ខ្លួន ដោយមានការគាំទ កោតសរសើរ សំណូមពរ រិះគន់ស្ថាបនា លើកទឹកចិត្ត និងជំរុញរាជរដ្ឋាភិបាលពង្រឹងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ និងគោលនយោបាយរបស់ខ្លួន ធ្វើយ៉ាងណាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលកាន់តែច្រើន ថែមទៀត។
លទ្ធផលសំខាន់ៗនៃសមាជមានដូចខាងក្រោម៖
១-ការពិភាក្សាលើប្រធានបទអំពី ប្រព័ន្ធគាំពារសង្គម
ឯកឧត្តម យស ផានីត្ត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួល បន្ទុកប្រធានបទអំពីប្រព័ន្ធគាំពារសង្គម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និងសិក្សាលើប្រធានបទ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទអន្តរាគមន៍ជូនអង្គសមាជថា រាជរដ្ឋាភិបាលគ្រប់ ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខាភិបាល ការអប់រំ និងសេវាសង្គម សាង សំណាញ់សុវត្ថិភាព សង្គម។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេន របស់គណបក្សប្រជា ជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់ ផ្តោតការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។ ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឱ្យមានភាពរឹងមាំ ភាពធន់ និងប្រសិទ្ធ ភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសំរាប់អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាល បានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្ត្រនិងគោលការណ៍ ណែនាំសំខាន់ៗ សម្រាប់ធ្វើស្ថាប័នូបនីយកម្ម ដាក់ឱ្យអនុវត្ត ក៏ដូចជាជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានគ្របដណ្ដប់លើពលរដ្ឋសរុបប្រមាណ ១,២ លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសាឆ្នាំ២០២៥ របបសន្តិសុខសង្គម បានគ្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យ ឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាមេរិក បន្ថែមលើ ថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គម។ ចំណែកអន្តរាគមន៍ឆ្លើយ តបទៅគ្រោះអាសន្ន ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្នដែលរួមមានការរីករាលដាលជំងឺកូវីដ១៩សម្ពាធអតិផរណានិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរនិងផ្ដល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សា លំនឹងជីវភាព កាត់បន្ថយការវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាម រយៈការអន្តរាគមជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចំណាយថវិកា ជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាមេរិក។
សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រទាំងស្រុងនូវយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលស្របនឹង ស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនៃអាណត្តិទី៧។
អង្គសមាជ គាំទ្រទាំងស្រុងនូវការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយទាំងឡាយរបស់រាជរដ្ឋាភិបាល ដែលផ្តល់នូវសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គម ដែលបានលើកកម្ពស់កម្រិតជីវភាព សុខុមាលភាព និងគុណភាព ជីវិតរបស់ពលរដ្ឋ រួមទាំងបានជួយរក្សាលំនឹងជីវភាពក្នុងអំឡុងពេលជួបគ្រោះអាសន្ន និងលើកទឹកចិត្តរាជរដ្ឋាភិបាល ឱ្យបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយពង្រឹងអភិបាលកិច្ច ប្រកាន់ខ្ជាប់នូវអភិក្រម «ជីវភាពនៃតួអង្គតែមួយ» និងបន្តអនុវត្តគោលនយោបាយគាំពារសង្គម ក្នុងកម្មវិធីគោលនយោបាយអាទិភាព និងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលបន្តផ្ដល់ការទ្រទ្រង់ជីវភាពដល់ពលរដ្ឋគ្រប់រូប ពិសេសពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ តាមរយៈការពង្រឹងយន្តការអនុវត្ត ការពង្រីកវិសាលភាពនៃកម្មវិធី ជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ជាជំហានៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព បរិយាបន្ន និង កាន់តែមានភាពងាយស្រួលក្នុងការទទួលបាន រួមទាំងបន្តពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្ដប់ សុខភាពជាសកល និងជំរុញការកែទម្រង់របបសោធននានា ដោយបង្កើតនូវប្រព័ន្ធសោធនជាតិរួម ដែលមាន និរន្តរភាព សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទឹកចិត្តឱ្យព្រឹទ្ធសភា និងរដ្ឋសភា បន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុម័តច្បាប់ទាំងឡាយ ដែលជួយដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការរបស់រាជរដ្ឋាភិបាល ក្នុង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។
សមាជិកសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន២៤រូប បានបញ្ចេញមតិយោបល់ លើប្រធានបទនេះ។ ជាលទ្ធផល អង្គសមាជបានអនុម័តលើសេចក្ដីសម្រេចស្ដីពីប្រព័ន្ធគាំពារសង្គម ដោយចំនួន១៨១ សំឡេង នៃចំនួនសមាជិកសមាជចូលរួមប្រជុំចំនួន១៨១រូប។
២-ការពិភាក្សាលើ ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោកជំទាវ និន សាផុន តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួល បន្ទុកប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្តីពីការពិនិត្យ និង សិក្សាលើប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបអង្គ សមាជរដ្ឋសភា និងព្រឹទ្ធសភាថា ក្នុងគោលបំណងកែលម្អជីវភាពប្រជាពលរដ្ឋនិងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់នឹងវិបត្តិ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងការគោលដៅលើកទឹកចិត្តអ្នកប្រកបរបរ និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យរីកធំធាត់ មានលទ្ធភាពឈានចូលក្នុងប្រព័ន្ធនិងអាចទទួលបានផលប្រយោជន៍ពី ប្រព័ន្ធគាំពារសង្គមផ្លូវការ។
យោងតាមការអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០១៩ កម្ពុជាមានកម្លាំងពលកម្មប្រមាណ៧,៩លាន នាក់ដោយនៅក្នុងនោះ ២១,៥% ឬស្មើ១,៧លាននាក់ ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ខណៈដែលកម្លាំងពលកម្ម ដ៏ច្រើនគឺ៦,២ លាននាក់ ធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធភាគច្រើនខ្វះលទ្ធភាព ទទួលបានសេវាសំខាន់ៗ ដែលធ្វើឱ្យពួកគាត់ងាយរងគ្រោះដោយសារវិបត្តិ។
សមាជរដ្ឋសភានិងព្រឹទ្ធសភា បានអបអរសាទរនិងកោតសរសើររាជរដ្ឋាភិបាលដែលបានខិតខំប្រឹង ប្រែងនិងយកចិត្តទុកដាក់ជំរុញអភិវឌ្ឍ គាំទ្រ និងជួយសម្របសម្រួលដល់ពលរដ្ឋដែលកំពុងប្រកបមុខរបរធ្វើ ការងារ និងមានអាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសដល់ប្រជាពលរដ្ឋអាចអភិវឌ្ឍ អាជីវកម្ម និងពង្រីកមុខរបរជាពិសេសធ្វើឱ្យកម្រិតជីវភាព និងសុខុមាលភាពរបស់ពលរដ្ឋកាន់តែប្រសើរ ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំនិងអនុវត្តការងារសំខាន់ៗដូចជា អនុក្រឹត្យស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការបង្កើតថ្នលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិធានការគាំទ្រ និងកញ្ចប់អត្ថប្រយោជន៍ផ្នែក ពន្ធដារ ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ផ្នែកគាំពារសង្គម ផ្នែកហិរញ្ញវត្ថុ ធនាគារ ព្រមទាំងមានយន្តការ ត្រួតពិនិត្យតាមដាននិងវាយតម្លៃថែមទៀត។
អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានគាំទ្រ និងថ្លែងការកោតសរសើរចំពោះយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣ ឆ្នាំ២០២៨ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ថាជាយុទ្ធសាស្ត្រ ដ៏ត្រឹមត្រូវ ស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងរយៈពេលនអាណត្តិទី៧ នេះ។ អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកឡើងថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣ ឆ្នាំ២០២៨ ពិតជាស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែល ផ្តោតលើ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ អាទិភាពគន្លឹះទាំង៥ មានមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក៏បានគាំទ្រដល់យុទ្ធសាស្ត្រនេះ ក្នុងការឆ្លើយតបទៅនឹងនិន្នាការ បដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្ត្រនេះ ក៏បានបង្ហាញពីកិច្ចការសំខាន់ៗដូចជា ការរៀបចំមូលដ្ឋាន ទិន្នន័យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បង្កើនការផ្សព្វផ្សាយនិងការយល់ដឹងជាសាធារណៈ និងភាពជាអ្នកដឹកនាំ របស់ក្រសួងស្ថាប័ន។ ការសម្របសម្រួលអន្តរក្រសួង និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍និងសមាគមជាតិ និង អន្តរជាតិ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រនេះ។
សមាជិកសមាជចំនួន២២រូបបានឡើងមានមតិយោបល់ ក្នុងការពិភាក្សាប្រធានបទ ស្តីពីសេដ្ឋកិច្ចក ប្រព័ន្ធនេះ ។ ជាលទ្ធផល អង្គសមាជបានអនុម័តសេចក្តីសម្រេចស្ដីពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួន១៨១ សំឡេង នៃចំនួនសមាជិកសមាជដែលបានចូលរួមប្រជុំ១៨១រូប។
៣-ការពិភាក្សាលើប្រធានបទអំពីវិស័យកសិកម្ម
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត តំណាងក្រុមជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ទទួលបន្ទុកប្រធានបទអំពីវិស័យកសិកម្ម បានរាយការណ៍ជូនអង្គប្រជុំសមាជ នូវរបាយការណ៍ ស្ដីពីការពិនិត្យ និងសិក្សាលើប្រធានបទ អំពីវិស័យកសិកម្ម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គសមាជថា រាជរដ្ឋាភិបាលមានកម្មវិធីគោល នយោបាយ ២ សំខាន់ ទាក់ទងនឹងវិស័យកសិកម្ម គឺ ទី១ យន្តការសម្របសម្រួលនិងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និងទី២ ការដាក់ ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការ ធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។
គោលនយោបាយវិស័យកសិកម្ម គឺចង់ផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តគោលនយោបាយសាមញ្ញ ៤ ចំណុច គឺមានហូប មានបើ មានបាន និងមានរហូត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ រាជរដ្ឋាភិបាលនៅត បន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាព និង បន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុង រីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្រ្តគន្លឹះសំរាប់ធានាឱ្យបាន នូវសន្តិសុខស្បៀងរបស់កម្ពុជា។
គិតត្រឹមឆ្នាំ២០២៤ វិស័យកសិកម្មបន្តចូលរួមចំណែកប្រមាណ ១៦,៧% ក្នុងផលិតផលសរុបក្នុងស្រុក ហើយតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) បន្តកើនឡើងជារៀងរាល់ ឆាំ្ន ពី ១៩ ៨០៥ ពាន់លានរៀល (ប្រមាណ ៤,៩៥ពាន់លានដុល្លារ) នៅឆ្នាំ២០១៥ ដល់ ២៤ ២៨២ ពាន់លានរៀល (ប្រមាណ ៦,០៧ពាន់លានដុល្លារ) នៅឆ្នាំ២០២០ និងដល់ ៣១ ២៩២ ពាន់លានរៀល (ប្រមាណ ៧,៨២ពាន់លាន ដុល្លារ) នៅឆ្នាំ២០២៤។ ការចូលរួមចំណែករបស់អនុវិស័យនានាក្នុងវិស័យកសិកម្ម រួមមានផ្នែកដំណាំ ៦១,៣% ផ្នែកផលិតកម្មសត្វ ១៥,៤% ផ្នែកជលផល ២០% និងផ្នែកព្រៃឈើ ៣,៣%។
រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ ទូទៅ និងផែនការយុទ្ធសាស្ត្រក្នុងវិស័យកសិកម្ម ជាពិសេសយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញ និងអនុវត្ត ចាប់ តាំងពីឆ្នាំ១៩៨៧មក ស្តីពីការផ្ទេរការអនុវត្តផ្ទាល់បែបបើកទូលាយ មកកាន់ការអភិវឌ្ឍបែបស៊ីជម្រៅ ព្រមទាំង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលគួរបន្តអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលនីតិកាល មុនៗ និងនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវស្របនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមគ្រប់កាលៈទេសៈ។ ដោយឡែក សម្រាប់កាលៈទេសៈបច្ចុប្បន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ ប្រជាកសិករ ឱ្យកាន់តែមានប្រសិទ្ធភាព រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ចំនួន ៣ចំណុច មាន៖ ១,ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ ២,រក្សាលំនឹងថ្លៃ កសិផលតាមរយៈ កម្មវិធីហិរញ្ញប្បទាន ទី៣, ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្ម ទំនើប៕ រក្សាសិទ្ធដោយ៖សុទ្ធលី











