ទីក្រុងម៉ូស្គូ៖ ប្រមុខដឹកនាំរុស្ស៊ី លោកពូទីន ផ្ទុះកំហឹងយ៉ាងខ្លាំងនឹងករណីដែលអ៊ុយក្រែនឆ្លៀតវាយឆ្មក់ចម្ងាយរាប់ពាន់គីឡូម៉ែត្រចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដោយប្រើប្រាស់គ្រាប់បែកសម្រាប់បញ្ជាពីចម្ងាយ។ លោកបានដាក់សំណួរជាចំហថាតើឱ្យលោកចរចាគ្នាដោយត្រជាក់ចិត្តជាមួយអ៊ុយក្រែនម្ដេចនឹងកើតបើកំពុងចរចាគ្នាសុខៗ វាយប្រហារឥតបន្ធូរដៃយ៉ាងនេះ?
ករណីអ៊ុយក្រែនបញ្ជូនដ្រូនជាង១០០គ្រឿងបាញ់ឆេះយន្តហោះចម្បាំងល្អៗរបស់រុស្ស៊ីជាង៤០គ្រឿងនោះ លោកពូទីនមិនមាត់ទេ។ ប៉ុន្តែថ្មីៗនេះ អ៊ុយក្រែនវាយប្រហារមួយសាទៀតទៅលើស្ពានជាច្រើនកន្លែង ស្លាប់មនុស្ស៧នាក់ និងរបួស១១៥នាក់។ លោកពូទីនចាត់ទុកថាករណីដែលថ្នាក់ដឹកនាំអ៊ុយក្រែនបញ្ជាឱ្យវាយប្រហារនេះមានលក្ខណៈជាអំពើភេរវកម្ម។
សមត្ថកិច្ចរុស្ស៊ីស្រាវជ្រាវឃើញថាអ៊ុយក្រែនបានបញ្ជាឱ្យដាក់គ្រាប់បែកបំផ្ទុះស្ពានអាកាសនៃផ្លូវហាយវេកាលពីថ្ងៃទី៣១ ខែឧសភានៅពេលរថភ្លើងមួយខ្សែដឹកមនុស្ស៣៣៨នាក់កំពុងបើកឆ្លងកាត់ទីនោះ។ ការវាយប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការជួបគ្នារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅប្រទេសតួកគី។ លោកពូទីនថ្លែងថាករណីផ្ទុះដាច់ស្ពាននៅតំបន់ប្រ៊ីយ៉ង់ (Bryansk) និងតំបន់ខឺសនោះមានចេតនាវាយប្រហារជនស៊ីវិលតែម្ដង។
លោកពូទីនយល់ថាការវាយប្រហារទាំងប៉ុន្មានករណីនេះឆ្លុះបញ្ចាំងឱ្យឃើញថារដ្ឋាភិបាលទីក្រុងកៀវកំពុងជម្រុលខ្លួនកាន់តែខ្លាំងឡើងៗទៅជាអំពើភេរវកម្មហើយ។ លោកចង់មានន័យថាសម្បកក្រៅជារដ្ឋាភិបាលមែន ប៉ុន្តែជារដ្ឋភេរវកម្ម។ លោកពូទីនក៏ឆ្លៀតនិយាយរាលដាលដល់ក្រុមប្រទេសដែលជួយឧបត្ថម្ភ-គាំទ្រអ៊ុយក្រែនផងដែរ។ លោកថាក្រុមអ្នកជួយអ៊ុយក្រែនក៏ក្លាយជាអ្នកចូលដៃជាមួយក្រុមភេរវកម្មផងដែរ។
សរុបសេចក្ដីមក អ្វីដែលលោកពូទីនលើកឡើងទាំងអម្បាលម៉ាននេះដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិថាអ៊ុយក្រែនមិនចង់ចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមទេព្រោះអ៊ុយក្រែនគ្មានត្រូវការសន្តិភាពសូម្បីតែបន្តិច។ ហេតុនេះ លោកដាក់ជាសំណួរថាតើចរចាជាមួយមនុស្សធុននេះបានការអ្វី? តើចរចាជាមួយក្រុមមនុស្សដែលចូលចិត្តប្រព្រឹត្តអំពើភេរវកម្មម្ដេចនឹងកើត?
លោកពូទីនសង្កត់ធ្ងន់ត្រង់ចំណុចនេះទំនងជាចង់បង្ហាញពីភាពសមហេតុផលដែលលោកមិនព្រមទទួលយកបទឈប់បាញ់។ លោកថាបើលោកទទួលយកបទឈប់បាញ់ ពេលនោះ អ៊ុយក្រែននឹងទទួលបានអាវុធពីក្រុមបស្ចិមប្រទេសកាន់តែច្រើន។ កន្លងមក រុស្ស៊ីធ្លាប់បញ្ជាក់ថាខ្លួនអាចទទួលយកបានត្រឹមពីរបីដើម្បីប្រមូលសាកសពយុទ្ធជនដែលពលីនៅលើសមរភូមិ។ សូមជម្រាបថាអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយ ឬបញ្ចេញប្រតិកម្មតបនៅឡើយទេចំពោះការចោទប្រកាន់របស់លោកពូទីន៕