ខេត្តបន្ទាយមានជ័យ ៖ ចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវចំនួន២ខ្សែ ត្រូវបានទឹកជន់លិច ក្រោយភ្លៀងធ្លាក់មួយមេជិត១ម៉ោង កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតភូមិបី សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
ប្រជាពលរដ្ឋបានឱ្យដឹងថា ភ្លៀងមួយមេធំជិត១ម៉ោង បណ្តាលឱ្យមានទឹកលិចចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវចំនួន២ខ្សែ ក្នុងនោះផ្លូវ១ខ្សែជាប់ខាងលិចចំណតរថយន្តមានប្រវែងជាង១០០ម៉ែត្រ និងផ្លូវ១ខ្សែទៀតនៅខាងត្បូងផ្សារសិរីសោភ័ណមានប្រវែងជាង១០០ម៉ែត្រត្រូវបានទឹកលិចកន្លែងខ្លះជាងកន្លះម៉ែត្រ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវ២ខ្សែដែលត្រូវបានជំនន់ទឹកលិចពិតជាលំបាកដល់អ្នកដំណើរម៉ូតូរថយន្តតូចៗត្រូវរកផ្លូវវៀង បើបើកបរឆ្លងកាត់ទឹកលិចអាចប្រឈមរលត់ម៉ាស៊ីន ។ ចំណុចដែលទឹកលិចស្ទើរាល់ឆ្នាំបើមានភ្លៀងរយៈពេលជិត១ម៉ោងតែងតែលិចបង្កអោយប្រជាពលរដ្ឋដែលឆ្លងកាត់និងផ្ទៈល្វែងក្បែរផ្លូវទឹករលកចូលសើមសម្ភារៈ ។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋសុំអោយអាជ្ញាធរជួយដោះស្រាយប្រព័ន្ធលូរំដោះទឹកការពារការលិចលង់។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានបញ្ជាក់ថា ទឹកដែលលិចចំណតរថយន្តក្រុងសិរីសោភ័ណនិងផ្លូវគឺជាទឹកភ្លៀងដែលហូរធ្លាក់ពីផ្នែកខាងលើដែលហូរធ្លាក់គ្រប់ច្រកចូលទៅប្រព័ន្ធលូក្បែរចំណតហូរចូលលូចម្រុះទឹក ហើយហូរចូលស្ទឹងដែលហូរមិនទាន់ ទើបបណ្តាលឱ្យលិចតែរយៈពេល៤ទៅ៥ម៉ោងអាចស្រកអស់ ។ បើប្រៀបធៀបកាលពីមុន លិចរយៈពេលយូរ ហើយថ្ងៃទី៥ មិថុនា នេះ នឹងចុះពិនិត្យមើលហើយស្នើសុំគម្រោងដាក់ប្រព័ន្ធរំដោះទឹកបន្ថែបញ្ជៀសការលិចលង់៕










