កិច្ចសហប្រតិបត្តិការយោធា៖ អគ្គមេបញ្ជាការ វង្ស ពិសេន ទទួលជួបទីប្រឹក្សាយោធានីហ្សេរីយ៉ា ពិភាក្សាពង្រឹងទំនាក់ទំនង

កិច្ចសហប្រតិបត្តិការយោធា៖ អគ្គមេបញ្ជាការ វង្ស ពិសេន ទទួលជួបទីប្រឹក្សាយោធានីហ្សេរីយ៉ា ពិភាក្សាពង្រឹងទំនាក់ទំនង


ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។



នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ទោ RAZAQ ដោយជឿជាក់ថា តាមរយៈនៃដំណើរទស្សនកិច្ចនេះ នឹងជួយពង្រឹងដល់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU បានចាត់ទុកជំនួបនាពេលនេះថា គឺជាប្រពៃណីដែលកងទ័ពនីហ្សេរីយ៉ាតែងតែចូលជួបសម្ដែងការគួរសម ដើម្បីណែនាំនិងបង្ហាញខ្លួនជូនឯកឧត្តម អគ្គមេបញ្ជាការបានស្គាល់ បន្តពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសនីហ្សេរីយ៉ា និងកម្ពុជា។

ឧត្តមសេនីយ៍ទោ RAZAQ KOLAWOLE SHITTU ក៏បានគូសបញ្ជាក់ពីបច្ចុប្បន្នភាពនៃប្រទេសទាំងពីរ ដែលកំពុងបង្កើនទំនាក់ទំនងជាមួយគ្នា ហើយអ្វីដែលពិសេសនោះគឺ នីហ្សេរីយ៉ានិងកម្ពុជា កំពុងអភិវឌ្ឍន៍ដូចគ្នា ដោយសង្ឃឹមថាប្រទេសទាំងពីរនឹងផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានច្រើន។

លោកឧត្តមសេនីយ៍ទោ RAZAQ បានចាប់អារម្មណ៍លើការងារបណ្ដុះបណ្ដាល ដែលប្រទេសនីហ្សេសេរីយ៉ានិងព្រះរាជាណាចក្រកម្ពុជា មានវិទ្យាស្ថានបណ្ដុះបណ្ដាលជាច្រើន។ ដោយហេតុនេះប្រទេសនីហ្សេរីយ៉ា បានស្វាគមន៍ដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ដែលមានបំណងចង់ទៅបណ្ដុះបណ្ដាលនៅប្រទេសនីហ្សេរីយ៉ា បើប្រទេសទាំងពីរមានកិច្ចព្រមព្រៀងជាមួយគ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការលើកឡើងនេះ ព្រោះនេះជាការចង់បានរបស់អគ្គបញ្ជាការ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ តែចំពោះមុខគប្បីត្រូវធ្វើការសម្របសម្រួលនៅថ្នាក់ក្រសួងការពារជាតិជាមុន ទើបកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅបានរលូន និងល្អប្រសើរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles