ទីក្រុងម៉ូស្គូ៖ ប្រេសិតពិសេសរបស់លោកត្រាំទទួលបន្ទុកខាងបញ្ហាអ៊ុយក្រែន លោកខេតខេឡក់ (Keith Kellogg) ថ្លែងថាសង្គ្រាមអ៊ុយក្រែនមើលទៅមិនងាយបញ្ចប់ទេ ប៉ុន្តែអាចនឹងផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីអ៊ុយក្រែនបញ្ជូនដ្រូនទៅវាយប្រហារមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីជាច្រើនកន្លែងបណ្ដាលឱ្យឆេះយន្តហោះចម្បាំងល្អៗ រួមទាំងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ សរុប៤១គ្រឿងកាលពីថ្ងៃសៅរ៍។
ព្រឹត្តិការណ៍នោះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការជួបគ្នារវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែននៅតួកគី។ អ៊ុយក្រែនអះអាងថាខ្លួនបានរៀបចំផែនការនោះមិនមែនតិចតួចនោះទេ ប៉ុន្តែរៀបចំមួយឆ្នាំកន្លះមកហើយ។ ហើយផែនការនេះសម្ងាត់ល្អណាស់ សូម្បីតែលោកត្រាំក៏អ៊ុយក្រែនមិនបានប្រាប់ឱ្យដឹងដែរ។ អ៊ុយក្រែនថ្លែងថាខ្លួនវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅស៊ីបេរី (Siberia) និងតំបន់ចុងប៉ូចបំផុតភាគខាងជើង។ ពោលគឺមានចម្ងាយ៤៣០០គីឡូម៉ែត្រពីព្រំដែន។
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ហ្វក់ (Fox) លោកខេឡក់ថ្លែងថាសភាពការណ៍កំពុងឡើងកម្ដៅកាន់តែខ្លាំង។ យើងត្រូវតែយល់ឱ្យបានច្បាស់អំពីបញ្ហាសន្តិសុខជាតិ។ មានន័យថាបើយើងវាយប្រហារភាគីម្ខាងទៀតត្រូវចំប្រព័ន្ធការពារសំខាន់របស់ជាតិគេ ឧទាហរណ៍ វាយលេងសុទ្ធតែយន្តហោះទម្លាក់នុយក្លេអ៊ែរ មានន័យថាអ្នកកំពុងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំង (ជាលក្ខណៈយកកទៅលអន្ទាក់) ព្រោះអ្នកមិនដឹងថាភាគីម្ខាងទៀតនឹងចាត់វិធានការបែបណាខ្លះដើម្បីសងសឹក។
សព្វថ្ងៃនេះ គ្រាន់តែអាមេរិក និងរុស្ស៊ី២ប្រទេសនេះមាននុយក្លេអ៊ែរស្តុកទុកនៅក្នុងឃ្លាំងច្រើនលើសលប់រហូតដល់៨៨%នៃនុយក្លេអ៊ែរសរុបទូទាំងពិភពលោក។ ប្រទេសដទៃក៏កំពុងខិតខំផលិតសម្បើមណាស់ដែរដូចជាចិនជាដើម។ ប៉ុន្តែមិនទាន់មានច្រើនដល់ថ្នាក់បួនប្រាំពាន់គ្រាប់ដូចប្រទេសទាំង២នេះទេ។ មហាអំណាចទាំង២នេះ (រុស្ស៊ី និងអាមេរិក) សុទ្ធតែមានវិធីវាយប្រហារដោយនុយក្លេអ៊ែរចំនួនបីប្រភេទ។ ទី១- នុយក្លេអ៊ែរសម្រាប់ទម្លាក់ចេញពីយន្តហោះខ្នាតយក្ស, ទី២-នុយក្លេអ៊ែរបំពាក់នៅលើគ្រាប់មីស៊ីលអន្តរទ្វីបបាញ់ចេញពីដី និងទី៣-នុយក្លេអ៊ែរបំពាក់នៅលើគ្រាប់មីស៊ីលបាញ់ចេញពីនាវាមុជទឹក។
លោកខេឡក់យល់ថារុស្ស៊ីឆេះត្រឹមយន្តហោះជាង៤០គ្រឿងនោះវាគ្មានអ្វីគួរឱ្យអស្ចារ្យ ឬសោកស្ដាយប៉ុន្មានទេ (រុស្ស៊ីមានយន្តហោះចម្បាំងជាង៤ពាន់គ្រឿង)។ ប៉ុន្តែវាជាសង្គ្រាមចិត្តសាស្ត្រ និងប៉ះពាល់ផ្លូវចិត្តរបស់រុស្ស៊ីច្រើនជាង។ លោកខេឡក់កំពុងខ្វាយខ្វល់យ៉ាងខ្លាំងនៅពេលលេចឮដំណឹងថាអ៊ុយក្រែនក៏វាយប្រហារមូលដ្ឋានទ័ពជើងទឹករបស់រុស្ស៊ីនៅភាគខាងជើងផងដែរ។
សេតវិមានចង់បង្ហាញពីភាពមិនជាប់ពាក់ព័ន្ធនៅក្នុងផែនការវាយប្រហាររបស់អ៊ុយក្រែនលើកនេះ។ សេតវិមានថាអ៊ុយក្រែនវាយប្រហារដោយមិនបានជម្រាបជូនដំណឹងលោកត្រាំជាមុនទេ។ គួរកត់សម្គាល់ថានៅក្នុងកិច្ចជំនួបលើកទី២រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃចន្ទនោះ រុស្ស៊ីហាក់ដូចជាមានកំហឹងយ៉ាងខ្លាំងដល់ថ្នាក់មុខក្រហមគ្រប់ៗគ្នា។ អ្នកសរសេរប្លក់ (blogger) របស់រុស្ស៊ីរហូតដល់និយាយពន្យុះថារុស្ស៊ីគួរចាត់វិធានការសងសឹកអ៊ុយក្រែនឱ្យបានខ្លាំងក្លា។
លោកខេឡក់មិនបានស្ដីបន្ទោសអ៊ុយក្រែនទេ។ លោកនិយាយតាមបែបប្រាកដនិយមថានៅក្នុងសង្គ្រាម អ៊ុយក្រែនចាត់វិធានការបែបនេះជារឿងសមហេតុផលហើយ។ ប៉ុន្តែលោកយល់ថារុស្ស៊ីមានកម្លាំងខ្លាំងជាង។ ដូចនេះ រុស្ស៊ីអាចនឹងប្រើប្រាស់វិធានការសរុបដើម្បីសងសឹងជាអតិបរមា។ នៅក្នុងការជួបគ្នាកាលពីថ្ងៃចន្ទនោះ រុស្ស៊ីហាក់ដូចជាប្រកាន់ជំហរដាច់ខាតតែម្ដង។
នៅក្នុងលក្ខខណ្ឌរបស់រុស្ស៊ីដែលប្រគល់ទៅឱ្យអ៊ុយក្រែនកាលពីថ្ងៃចន្ទនោះ រុស្ស៊ីទាមទារឱ្យសហគមន៍អន្តរជាតិទទួលស្គាល់តំបន់គ្រីម៉េ និងតំបន់៤ទៀតនៅអ៊ុយក្រែនខាងកើត និងខាងជើងជាទឹកដីរបស់រុស្ស៊ី។ អ៊ុយក្រែនត្រូវតែដកកងទ័ពចេញពីទីនោះបើចង់ឱ្យរុស្ស៊ីចុះកិច្ចព្រមព្រៀងសន្តិភាព។ ក្រៅពីនេះ ការទាមទារដទៃទៀតនៅរក្សាទុកដដែល ឥតមានបន្ធូរបន្ថយសូម្បីតែបន្តិច៕