ចិន៖ អាជ្ញាធរចិនប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១០,០០០យ័ន (១,៣៩២ ដុល្លារអាមេរិក) ចំពោះអ្នកដែលអាចផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនក្រុម Hacker ចំនួន ២០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែមិថុនា។ បើតាមការិយាល័យសន្តិសុខសាធារណៈ នៃទីក្រុងក្វាងចូវ ប្រទេសចិនបានអះអាងថា ក្រុម Hacker ទាំងអស់នោះគឺជាសមាជិកនៃក្រុមយោធារបស់ក្រសួងការពារជាតិតៃវ៉ាន់។
ប្រភពខាងលើបានបន្តថា ក្រុម Hacker ទាំង ២០នាក់នេះបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំរៀបចំផែនការ និងការគិតទុកជាមុននូវការវាយប្រហារលើវិស័យសំខាន់ៗមួយចំនួនដូចជា យោធា អវកាស នាយកដ្ឋានរដ្ឋាភិបាល ថាមពល និងការដឹកជញ្ជូន កិច្ចការសមុទ្រ ក្រុមហ៊ុនស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងប្រទេសចិន ក៏ដូចជាទីក្រុងហុងកុង និងម៉ាកាវ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ថាក្រុម Hacker ទាំង ២០នាក់បានសម្រេចផែនការវាយប្រហារទ្រង់ទ្រាយធំនេះបានកម្រិតណានៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia