យើងទទួលទានអ្វី យើងនឹងបានផលនោះ ។ មានន័យថា បើយើងទទួលទានអាហារដែលមានជាតិគីមីប៉ះពាល់ដល់សុខភាពនោះ សុខភាពរបស់យើងនឹងមានបញ្ហាជាមិនខាន ។ នេះជាក្តីកង្វល់អំពីផលប៉ះពាល់មកលើសុខភាពពាក់ព័ន្ធការនាំចូលផលិតផលដែលផ្ទុកទៅដោយសារធាតុគីមី ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ ដែលហៅកាត់ថា ក.ប.ប. នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងជាសាធារណៈ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ឧបករណ៍តេស្តរហ័សដែលស្ថាប័នកំពុងប្រើប្រាស់នោះ គឺមានសមត្ថភាពមានកម្រិតមិនអាចមានមុខងារស្វែងរកសារធាតុគីមី ហាមឃាត់ ឬអាចប្រើប្រាស់សម្រាប់វិភាគថ្នាំពុលកសិកម្ម សារធាតុពណ៌ ហាមឃាត់ និងសារធាតុគីមីផ្សេងទៀតបាននោះទេ ។

ជាមួយគ្នានោះ ក.ប.ប.ក៏បានបញ្ជាក់ថា មុខងារនៃឧបករណ៍ស្ថាប័នកំពុងតែមានពោល គឺឧបករណ៍តេស្តរហ័សនេះ គឺផ្តោតទៅលើត្រឹមតែការវាស់បរិមាណសារធាតុគីមី «នីត្រាត» នៅក្នុងបន្លែ ផ្លែឈើ ត្រី និងសាច់ប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ក.ប.ប. ក៏បានព្រមានថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមនិតិវិធីច្បាប់ជាធរមានថែមទៀតចំពោះការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទោះជាតាមទម្រង់ណាក៏ដោយ ដែលមានលក្ខណៈ ភូតកុហក ពង្វាងការពិត ក្លែងបន្លំ ឬធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណជន ។
នៅលើបណ្តាញសង្គមថ្មីៗនេះ មានការផ្សព្វផ្សាយថា មានឧបករណ៍ធ្វើតេស្តរហ័សមួយប្រភេទ ដែលមានសមត្ថភាពអាចវាស់រកសាររធាតុគីមីហាមឃាត់ នៅក្នុងបន្លែ ផ្លែឈើ ដែលបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ព្រមទាំងបញ្ជាក់អំពីកម្រិតសុវត្ថិភាពសម្រាប់បរិភោគ ។ ស្ថាប័នជំនាញបានបញ្ជាក់ហើយ ។ ដូច្នេះ កុំចាញ់បោកគេជឿលើឧបករណ៍នោះព្រោះវាអាចអស់ទាំងលុយ និងខូចសុខភាព ។
ចំណែកស្ថាប័នជំនាញដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរតែដល់ពេលរួមគ្នារិះរកមធ្យោបាយ បង្កើនសុវត្ថិភាពលើម្ហូបអាហារនេះហើយ ។
សូមយកចិត្តទុកដាក់លើរឿងសុវត្ថិភាពអាហារនេះ ពីព្រោះរឿងការហូបចុកនេះសំខាន់ណាស់ ខណៈដែលកំណើននៃការរកឃើញជំងឺកាចសាហា.វ គឺមហារីកក៏មានការកើនឡើងច្រើនដែលមូលហេតុមួយភាគណានោះត្រូវបានគេអះអាងថា គឺកើតឡើងដោយសារតែកត្តាចំណីអាហារដែលមិនមានសុវត្ថិភាពនេះឯង ។
ថ្មីៗនេះ ក្រៅពីព្រួយបារម្ភលើបញ្ហាបន្លែ និងផ្លែឈើ ត្រីសាច់ ដែលមានជាយូរមក ហើយនោះ គឺពលរដ្ឋកំពុងតែព្រួយបារម្ភលើផ្លែទុរេន ដែលមានលក់នៅលើទីផ្សារ ដោយសារតែគេសង្ស័យថា ជាទុរេនដែលនាំចូលពីវៀតណាម និងពីថៃ ដែលត្រូវបានចិនច្រានចោល ពីព្រោះតែផ្ទុកនូវសារធាតុគ្រោះថ្នាក់ ។ សារធាតុទាំងនោះ គឺមានខាស៊ីណូហ្សែន (Carcinogen) , ខាតមីម្យ៉ូម (Cadmium) និង អ៊ូរ៉ាមីន អូ (Auramine O) ឬ Basic Yellow 2។ សមាសភាពគីមីទាំងនេះអាចបង្កឲ្យអ្នកទទួលទានទុរេនអាចងាយរងហានិភ័យនៃការកើតជំងឺមហារីក ។
ក្រៅពីពលរដ្ឋសាមញ លោក ម៉ុង ឫទ្ធី ដែលជាសេដ្ឋីផ្នែកកសិកម្ម និងជាប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានសម្តែងការព្រួយបារម្ភនៅក្នុងសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៥ផងដែរ ។ លោកបានលើកឡើងថា សូមឲ្យប្រុងប្រយ័ត្នលើការនាំចូលទំនិញ ជាពិសេស គឺអាហារពីព្រោះថា សូម្បីតែជ្រូករស់ក៏អាចត្រូវគេដាក់គីមីបានដែរ ។ លោកក៏បានលើកឡើងទៀតថា សាច់ជ្រូកដែលយកទៅព្យួរ ដាក់លក់លើទីផ្សារអត់ឃើញរុយរោម ហើយសាច់នៅក្រហមចែស ហ្នឹងហើយ គឺគីមី ។ លោកសុំយ៉ាងទទូចឱ្យរដ្ឋាភិបាលពិនិត្យគុណភាពលើការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ ជាដើមឱ្យបានតឹងរ៉ឹង ។ នៅក្នុងសមាជនេះ ក៏មានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាមួយចំនួនទៀតបានសម្តែងការព្រួយបារម្ភដែរលើសារធាតុគីមីគ្រោះថ្នាក់ ដែលមាននៅក្នុងជី និងនៅក្នុងចំណីអាហារជា សាច់ បន្លែ ផ្លែឈើដែលនាំចូល ។
សរុបទៅ ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងដើម្បីលើកកម្ពស់ស្តង់ដាចំណីអាហារ សមត្ថភាពមន្ទីរពិសោធន៍ និងជំនាញនៅក្នុងការត្រួតពិនិត្យទំនិញនាំចូល គឺចាំបាច់គួរតែមានការលើកកម្ពស់ និងបំពាក់ឧបករណ៍ទំនើបបន្ថែម ។
នៅពេលដែលយើងឈឺ យើងខាតគ្រប់យ៉ាង គឺពលរដ្ឋយើងនឹង អសមត្ថភាព ឬថមថយសក្តានុពល ហើយត្រូវរស់ជាមួយនឹងសំពាយនៃការចំណាយលើឱសថ ព្រមទាំងវេចលុយទៅរកការព្យាបាលនៅស្រុកគេថែមទៀត ៕