ស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកសន្និសីទវិទ្យាសាស្ត្រលើកទី១៤ ជំរុញកំណើនសេដ្ឋកិច្ច

ស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកសន្និសីទវិទ្យាសាស្ត្រលើកទី១៤ ជំរុញកំណើនសេដ្ឋកិច្ច

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចូលជាអធិបតីក្នុង ពិធីបើកសន្និសីទវិទ្យាសាស្ត្រលើកទី១៤ ស្តីពី “ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីនវានុវត្តន៍ និងកំណើន”(Leveraging R&D for Innovation and Growth) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា ស្ថានទូតបារាំងប្រចាំកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា សាស្ត្រាចារ្យ តំណាងវិស័យឯកជនជាតិ អន្តរជាតិ និងសិស្សនិស្សិត។


សន្និសីទវិទ្យាសាស្ត្រលើកទី១៤នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីអបអរសាទរ កម្លាំងថាមពល នៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីជំរុញកម្ពុជាឱ្យរីកចម្រើន ហើយនេះក៏ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ រវាងគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងប្រទេស និងក្រៅប្រទេស និងវិស័យឯកជននានា និងដើម្បីបង្កើនភាពជាដៃគូក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវរួមគ្នា។

ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការលើកកម្ពស់ការអប់រំវិស្វកម្ម ការស្រាវជ្រាវ ការអភិវឌ្ឍន៍ (R&D) និងនវានុវត្តន៍ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលនេះជាសក្ខីភាពបញ្ជាក់ពីការបន្តយកចិត្តទុកដាក់វិនិយោគ លើការអភិវឌ្ឍធនធានមនុស្ស ដែលជាការងារអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ព្រឹត្តិការណ៍នេះបានផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវ និងនិស្សិតក្នុងការដាក់បង្ហាញស្នាដៃដែលជាលទ្ធផលស្រាវជ្រាវរបស់ពួកគេ បង្កើតបណ្ដាញជាមួយអ្នកជំនាញឧស្សាហកម្មពាក់ព័ន្ធ ចូលរួមលើកកម្ពស់ការទទួលស្គាល់ចំពោះសហគមន៍ស្រាវជ្រាវ ព្រមទាំងជាឱកាសសម្រាប់សិស្សវិទ្យាល័យទទួលបានការយល់ដឹងស៊ីជម្រៅអំពីមុខវិជ្ជា STEM នៅ ITC ដែលជួយពួកគេឱ្យត្រៀមខ្លួនបានល្អប្រសើរសម្រាប់អនាគតសិក្សា និងអាជីពនាពេលខាងមុខ។

ឆ្លើយតបនឹងមូលបទនៃ ទិវាវិទ្យាសាស្ត្រលើកទី១៤ “ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីនវានុវត្តន៍ និងកំណើន” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងការជំរុញនវានុវត្តន៍លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ផលិតកម្ម សេវាកម្ម និងដំណើរការសហគ្រាស ឧស្សាហកម្ម កិច្ចសហការរវាងស្ថាប័នសិក្សា ឧស្សាហកម្ម ទន្ទឹមនឹងការបង្កើតបរិយាកាសអំណោយផលសម្រាប់នវានុវត្តន៍ពីសំណាក់រាជរដ្ឋាភិបាល និងបានគូសរំលេចពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើន កំពុងផ្តោតស្រាវជ្រាវពាក់ព័ន្ធនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃ បញ្ញាសិប្បនិម្មិត (AI) ដោយខ្លះបានលើកឡើងពីក្តីបារម្ភថា AI នឹងដណ្ដើមការងាររបស់មនុស្ស ខណៈខ្លះទៀតបានអះអាងថា AI បាននិងកំពុងជួយសម្រួលការងាររបស់មនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់ការរៀន និងបង្រៀនជំនាញសតវត្សទី២១ ដោយមនុស្សត្រូវតែបន្តអភិវឌ្ឍសមត្ថភាព និងជំនាញ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការវិវឌ្ឍនៃ AI។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ដោយផ្តោតលើភាពជាដៃគូរវាងស្ថាប័នសិក្សា ឧស្សាហកម្ម និងរដ្ឋាភិបាល ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងសង្គមឌីជីថល។ ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ សំដៅធានាថាប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ដោយផ្តោតលើការពង្រឹងនិងពង្រីក ចំណេះដឹង ជំនាញសតវត្សទី២១ វិន័យ សីលធម៌ សុជីវធម៌ សុខភាព កាយសម្បទា និងការរៀនសូត្រពេញមួយជីវិត។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងអំណរគុណចំពោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំសន្និសីទវិទ្យាសាស្ត្រនេះឡើង ដោយបានគូសបញ្ជាក់ថា ចក្ខុវិស័យនៃការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ និងនវានុវត្តន៍ មិនអាចសម្រេចបានឡើយ បើមិនមានការកិច្ចសហការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍអន្តរជាតិទាំងអស់ និងសូមលើកទឹកចិត្តឱ្យនិស្សិតកម្ពុជាបន្តអភិវឌ្ឍចំណេះជំនាញ តាមរយៈការបន្តចូលរួម ក្នុងវេទិកាចែករំលែកបទពិសោធ ចំណេះដឹង ការសិក្សាស្រាវជ្រាវ នវានុវត្តន៍កម្រិតជាតិ និងអន្តរជាតិ ដើម្បីក្លាយជាកម្លាំងចលករចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles