វីរបុរស Ronaldo: រក​គ្រាប់​ជ័យជម្នះ​ដ៏​អស្ចារ្យ ជួយ​ព័រ​ទុ​យ​ហ្គា​ល់​ទម្លាក់​អាល្លឺម៉ង់ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Nation League

វីរបុរស Ronaldo: រក​គ្រាប់​ជ័យជម្នះ​ដ៏​អស្ចារ្យ ជួយ​ព័រ​ទុ​យ​ហ្គា​ល់​ទម្លាក់​អាល្លឺម៉ង់ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Nation League

ទីក្រុង​មុ​យ​និ​ច ៖ ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nation League រដូវ​កាល ២០២៤-២៥ បន្ទាប់​ពី​វាយបក​យកឈ្នះ​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​កីឡាករ Cristiano Ronaldo ជា​វីរបុរស​ព័រ​ទុ​យ​ហ្គា​ល់​សម្រាប់​ការ​ប្រកួត​នេះ​។

ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Allianz Arena ទីក្រុង​មុ​យ​និ​ច ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់ ៦៥ ៨២៣​នាក់ ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៤៨ ដោយ​ខ្សែបម្រើ​ប្រយុទ្ធ Florian Wirtz មុន​ពេល​ខ្សែបម្រើ​ស្លាប Francisco Conceição រក​គ្រាប់​តាម​ស្មើ​ឱ្យ​ព័រ​ទុ​យ​ហ្គា​ល់​វិញ នៅ​នាទី​៦៣ រំលង​បាន​៥​នាទី​ក្រោយមក ប្រធាន​ក្រុម Cristiano Ronaldo រកបាន​គ្រាប់​នាំមុខ និង​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់​ព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​បន្ត​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។


១​គ្រាប់​បញ្ចូល​ទី​លើ​អា​ល្លឺ​ម៉​ង់​របស់ Ronaldo គឺជា​គ្រាប់​បាល់​ទី​១៣៧ ពី​ការ​បង្ហាញ​ចំនួន ២២០​ប្រកួត​ជាមួយ​ក្រុម​បញ្ច​ខែល​ព័រ​ទុ​យ​ហ្គា​ល់ ហើយ​ក៏​ជា​គ្រាប់​បាល់​ទី​៩៣៧ របស់​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៤០​រូប​នេះ នៅ​ក្នុង​អាជីព​បាល់ទាត់​ទាំង​ជម្រើសជាតិ និង​ក្លិប ដែល​បាន​ធ្វើ​ឱ្យ​រូបគេ កំពុង​កាន់​កំណត់​ត្រា​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ដ្បិត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Al Nassr រូប​នេះ នៅ​តែ​ដេញ​តាម​គោលដៅ​របស់​ខ្លួន ដើម្បី​សម្រេច​បាន​គ្រាប់​ទី​១០០០​ក្នុង​អាជីព មុន​ពេល​ចូល​និវត្តន៍​។

សូម​ជម្រាប​ថា ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​នាម​ម្ចាស់​ជើងឯក​ឆ្នាំ ២០១៩ បាន​កក់​កៅអី​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Nation League រដូវ​កាល ២០២៤-២៥ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ ខណៈ​អេ​ស្ប៉ា​ញ នឹង​ត្រូវ​តទល់​ជាមួយ​បារាំង វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​យប់​នេះ ដើម្បី​បន្ត​ឡើង​មក​ប្រជែង​តំណែង​ជើងឯក​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles