ប្រទេសឥណ្ឌា ៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ក្នុងហេតុការណ៍ការរត់ជាន់គ្នា នៅខាងក្រៅកីឡដ្ឋានកីឡាគ្រីឃីត (Cricket) មួយស្ថិតក្នុងទីក្រុងបេងហ្គាលូរូ (Bengaluru) ដែលទីជាកន្លែងអ្នកគាំទ្រជាច្រើនម៉ឺននាក់កំពុងអបអរសាទរការឈ្នះជើងឯកពានរង្វាន់ Indian Premier League (IPL) លើកដំបូងរបស់ក្រុម Royal Challengers Bengaluru។
ប្រភពពីសារព័ត៌មាន BBC និង The Guardian បានរាយការណ៍ថា មនុស្សជាច្រើនម៉ឺននាក់បានតម្រង់ជួរតាមដងផ្លូវ នៅខាងក្រៅកីឡដ្ឋាន M Chinnaswamy នៅក្នុងទីក្រុងបេងហ្គាលូរូ រដ្ឋកាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីថ្ងៃទី៤ ខែមិថុនា ដើម្បីស្វាគមន៍ការត្រឡប់មកវិញរបស់ក្រុម Royal Challengers Bengaluru ដែលបានយកឈ្នះក្រុម Punjab Kings ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកលីគកំពូលកីឡាគ្រីឃីតឥណ្ឌា IPL ដែលបានធ្វើឡើងនៅកីឡដ្ឋាន Narendra Modi ទីក្រុងអាមេដាបាដ (Ahmedabad) រដ្ឋហ្គូចារ៉ាត (Gujarat) កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ។
បើតាមការបញ្ជាក់ពីលោក Siddaramaiah ប្រមុខរដ្ឋកាណាតាកា បានប្រាប់អ្នកយកព័ត៌មានថា យ៉ាងហោចណាស់មនុស្ស១១នាក់បានស្លាប់ និង៤៧នាក់បានរងរបួស នៅក្នុងហេតុការណ៍រត់ជាន់គ្នា។ លោកបន្តថា «គ្មាននរណាម្នាក់រំពឹងថានឹងមានហ្វូងមនុស្សច្រើននោះទេ ដោយសារតែកីឡដ្ឋានមានសមត្ថភាពផ្ទុកមនុស្សបានត្រឹមតែ ៣៥ ០០០នាក់ប៉ុណ្ណោះ ប៉ុន្តែធាតុពិតមនុស្សចន្លោះពី ២០ម៉ឺន ទៅ ៣០ម៉ឺននាក់បានមកចូលរួម។ នៅពេលនៃការប្រារព្ធពិធីអបអរសាទរ ហេតុការណ៍ដ៏អកុសលបែបនេះមិនគួរកើតឡើងនោះទេ។ យើងសោកស្តាយចំពោះរឿងនេះណាស់។ ចំនួនអ្នកគាំទ្រដែលបានបង្ហាញខ្លួនគឺលើសពីការរំពឹងទុករបស់យើង»។
មន្ត្រីម្នាក់បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ហ្វូងមនុស្សប្រែជាមិនអាចគ្រប់គ្រងបាន ហើយអាជ្ញាធរមិនអាចរៀបចំសណ្តាប់ធ្នាប់ឱ្យបានត្រឹមត្រូវភ្លាមៗ។ នៅពេលដែលភាពចលាចលបានកើតឡើង ច្រកធំនៃកីឡដ្ឋានមិនត្រូវបានបើកនោះទេ ប៉ុន្តែមនុស្សជាច្រើនបានព្យាយាមរុញតាមច្រកទ្វារតូចមួយ ដែលបង្កឱ្យមានការជាន់គ្នាបានកើតឡើងតែម្តង។
ជាមួយនឹងសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានថ្លែងថា ឧបទ្ទវហេតុនៅទីក្រុងបេងហ្គាលូរូគឺជារឿងដ៏ទុក្ខសោក ហើយលោកសូមចូលរួមរំលែកដល់គ្រួសារជនងគ្រោះ ចំពោះការបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។
សូមជម្រាបថា ហេតុការណ៍រត់ជាន់គ្នាស្លាប់ មិនមែនជារឿងថ្មីនៅក្នុងប្រទេសឥណ្ឌានោះទេ។ តួយ៉ាង កាលពីខែមករាកន្លងទៅ មនុស្សយ៉ាងហោចណាស់៣០នាក់ត្រូវបានស្លាប់ ខណៈដែលអ្នកកាន់សាសនាហិណ្ឌូរាប់ម៉ឺននាក់បានប្រញាប់ប្រញាល់ទៅងូតទឹកនៅក្នុងទន្លេដ៏ពិសិដ្ឋក្នុងពិធីបុណ្យ Maha Kumbh Mela ដែលជាការជួបជុំសាសនាដ៏ធំបំផុតរបស់ពិភពលោក៕




