ហាងកាហ្វេដែលបានកំពុងតែរីកចម្រើន និងមានកំណើនកើនឡើងស្រាប់នោះ នឹងបន្តមានកំណើនបន្ថែមទៀត ដោយសារតែប្រសាសន៍មួយប្រយោគរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងថ្ងៃប្រជុំសមាជនោះថា នៅថ្ងៃណាមួយ ដែលជាឱកាសល្អសម្តេចនឹងអញ្ជើញសម្តេចក្រឡាហោម ស ខេង, សម្តេច ទៀ បាញ់, លោក ជា សុផារ៉ា ,លោក ប៊ិន ឈិន, និងលោក កែ គឹមយ៉ាន ទៅហាងកាហ្វេ ដើម្បីជួបពិភាក្សាគ្នារឿងផ្សេងៗ ។ ប្រសាសន៍របស់សម្តេចមួយប្រយោគពាក់ព័ន្ធនឹងហាងកាហ្វេ គឺនឹងបន្តធ្វើឲ្យហាងកាហ្វេកាន់តែក្លាយទៅជានិមិត្តរូបនៃការណាត់ជួបនៅពេលអនាគត ។
ចាប់តាំងពីឆ្នាំ២០២០ មកដល់ពេលនេះហាងកាហ្វេកើនឡើងច្រើនណាស់ ហើយបើនិយាយនៅរាជធានីភ្នំពេញវិញ សឹងតែគ្រប់ផ្លូវមិនថា តាមផ្ទះ តាមរទេះ តាមតូប ហើយរសជាតិនៃការនិយមកាហ្វេពីកាហ្វេឆុងដៃទៅជាកាហ្វេម៉ាស៊ីន ដែលប្រើគ្រាប់កាហ្វេកិនភ្លាមៗ គឺកាន់តែច្រើន ។ កន្លែងខ្លះដើរតែ១០ជំហានទេ គឺសឹងតែមានកន្លែងលក់កាហ្វេមួយបាត់ទៅហើយ ។ ក្រៅពីហាងកាហ្វេតូចៗ ហាងកាហ្វេធំៗទាំងយីហោបរទេស និងយីហោនៅក្នុងស្រុក គឺកំពុងរីកព្រោងព្រាធ ដូចជា Starbuck, Brown, Amazon, ជាដើម ។

លោក សាន តុលា ជាអាជីវករមួយរូប បាននិយាយថា ឥឡូវនេះគេណាត់ជួបគ្នាសឹងតែគ្រប់រឿង គឺនៅតែហាងកាហ្វេទេ ។ លោកបានអះអាងថា «ឥឡូវអ្នករកស៊ីខ្លះ មិនចាំបាច់មានការិយាល័យ មានហាង មានបុគ្គលិកអីច្រើនទេ គឺមានតែទូរស័ព្ទ និងកុំព្យូទ័រមួយគ្រឿង អង្គុយតែតាមហាងកាហ្វេ គេរកស៊ីវាល់លានដុល្លារ »។
ដោយឡែក លោក សុគន្ធ ដែលជាអ្នករកស៊ីមួយរូបបានលើកឡើងថា ការិយាល័យឥឡូវគ្រាន់តែមានៗបង្គ្រប់លក្ខខណ្ឌច្បាប់ទេ ។ ប៉ុន្តែធាតុពិតអាជីវកម្មនានា ភាគច្រើន គឺធ្វើតែពីហាងកាហ្វេ ។

លោកបានបន្តថា នៅតាមហាងកាហ្វេឥឡូវ ចង់ប្រជុំគ្នាតូចល្មមត្រឹម៤ទៅ៥នាក់អី មិនចាំបាច់ទៅជួលបន្ទប់សណ្ឋាគារប្រជុំនាំអស់លុយទេ គឺជួបគ្នាតែហាងកាហ្វេណារៀងស្ងប់ស្ងាត់ បរិយាកាសល្អបន្តិច ជជែកគ្នាប្រជុំសម្រេចអ្វីក៏បានដែរ ។ លោកបានបន្តថា ហាងកាហ្វេនៅស្រុកយើងឥឡូវដេញជើងគ្នាសម្បើមណាស់ ។ ដូច្នេះបរិយាកាស និងសេវាកម្ម ព្រមទាំងគុណភាពកាហ្វេ គឺកាន់តែប្រសើរ ។
តាមស្ថិតិពីវើបសាយ https://www.statista.com បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ នេះ តម្រូវការកាហ្វេនៅកម្ពុជា គឺមានប្រមាណជា ៣.៤០០ តោន ដែលមានទំហំជាទឹកប្រាក់ប្រមាណជា ១៦០លានដុល្លារ ហើយនៅឆ្នាំ២០២៦ខាងមុខ តម្រូវការអាចនឹងមានកំណើនបន្ថែមទៀត ៕