ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី៖ ជំរុញ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី

ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី៖ ជំរុញ​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី


រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​ឥណ្ឌូ​នេ​ស៊ី មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ តែ​បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យ​មានការ​ពង្រឹង​ទំនាក់ទំនង​បន្ថែម​ទៀត ដូច​ជា​បញ្ហា​ឡូ​ជី​ស្ទិ​ក និង​ការ​ដឹង​ជញ្ជូន​ទាំង​ជើង​ទឹក និង​ជើងគោ​គ អ្នក​ប្រើប្រាស់​កម្ពុជា​មិន​ទាន់​ស្គាល់​ផលិតផល​ឥណ្ឌូ​នេ​ស៊ី​ច្រើន​នៅឡើយ ហើយ​ចំពោះ​អ្នក​វិនិយោគ​ឥណ្ឌូ​នេ​ស៊ី មិន​ទាន់​យកចិត្តទុកដាក់​លើ​សក្តានុពល​ទីផ្សារ​កម្ពុជា ។



ឯកឧត្តម បណ្ឌិត សាន់​តូ ដារ​ម៉ូ​ស៊ូ​មារ​តូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ក្នុង​វេទិកា​សារព័ត៌មាន​ស្ដី​ពី «​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​» ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី ៤ ខែមិថុនា ឆ្នាំ ២០២៥ មកនេះ​នៅ​ឯ​ស្ថានទូត​ឥណ្ឌូ​ណេ​ស៊ី ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា បញ្ហា​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​នៅ​មាន​កម្រិត​នៅឡើយ ដែល​យើង​ត្រូវ​បន្ត​បង្កើន​ឱ្យ​បាន​ច្រើន​ជាង​នេះ​ទាំង​វិស័យ​ពាណិជ្ជកម្ម ទាំង​វិស័យ​វិនិយោគ ។


ឯកឧត្តម ឯកអគ្គរដ្ឋទូត បន្ថែម​ថា យើង​អាច​បង្កើន​តាម​រយៈ​ឡូ​ជី​ស្ទិ​ក មធ្យោបាយ​ដឹង​ជញ្ជូន​តាម​ជើង​ទឹក និង​ជើងគោ​គ ឱ្យ​បាន​ច្រើន ។ មួយវិញទៀត​ទាក់ទង​ផលិតផល​ឥណ្ឌូ​នេ​ស៊ី ដែល​នាំ​ចូល​មក​កម្ពុជា​មាន​ចំនួន​ច្រើន​ហើយ ប៉ុន្តែ​ប្រជាជន​កម្ពុជា​អត់​ទាន់​ស្គាល់​ផលិតផល​ឥណ្ឌូ​នេ​ស៊ី ទាំង​អស់នោះ​នៅឡើយ​ទេ ។ ក្រៅពី​នេះ ផ្តល់​ការ​ណែនាំ​យ៉ាងណា​ដល់​អ្នក​វិនិយោគ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដើម្បី​ចាប់​យក​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ព្រោះ​កន្លង​មក​ឥណ្ឌូ​នេ​ស៊ី តែងតែ​គិត​ថា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ជា​ប្រទេស​ធំ​មួយ ការ​វិនិយោគ​ក៏​ត្រូវការ​ធំ​ដែរ ដោយ​មិន​ទាន់​បាន​សំឡឹង​មើលទៅ​ប្រទេស​ដែល​តូចតាច​ថា ជា​សក្តានុពល​ដែល​ជា​ផ្នែក​មួយ​គាំទ្រ​ដល់​ទំនាក់ទំនង​សេដ្ឋកិច្ច​នោះ​ទេ ។ ចំណុច​នេះ​យើង​ត្រូវការ​ជំរុញ​ដល់​អ្នក​វិនិយោគ​ឥណ្ឌូ​នេ​ស៊ី ស្វែង​យល់​ឱ្យ​បាន​ច្រើន​អំពី​សក្តានុពល​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។ ដូច្នេះ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ​កម្ម​ផ្សេង​ៗ និង​ការ​វិនិយោគ អាច​ទៅ​រួច​ដោយសារ​ភាព​យល់​ដឹង​រវាង​គ្នា និង​គ្នា ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត សាន់​តូ ដារ​ម៉ូ​ស៊ូ​មារ​តូ បាន​រំលឹក​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី នា​ពេល​កន្លង​មក សម្តេច​តេ​ជោ បាន​លើក​ឡើង​ទាក់ទង​នឹង​មធ្យោបាយ​ពីរ​បន្ថែម​ទៀត​ក្នុង​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ផ្តោត​ទៅ​លើ​កត្តា​ពីរ​សំខាន់ គឺ​ទី ១ ការ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ខាង​សន្តិសុខ​ស្បៀង និង​ទី ២ ផ្នែក​ថាមពល ដែល​កន្លង​មក​មាន​តែ​សន្តិសុខ​ស្បៀង តែ​អត់​ទាន់​មាន​សន្តិសុខ​ថាមពល​នៅឡើយ​ទេ អ៊ីចឹង​ទេ​នេះ​ជា​ផ្នែក​មួយ​សំខាន់​ក្នុង​បង្កើន​ទំនាក់ទំនង​សន្តិសុខ​ថាមពល ហើយ​និង​សន្តិសុខ​ស្បៀង​ដែល​យើង​មាន​ស្រាប់ ។



ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​បញ្ជាក់​បន្ថែម​ថា ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​សំខាន់​ណាស់​ក្នុង​ការ​ណែនាំ​នូវ​ផលិតផល​ឥណ្ឌូ​នេ​ស៊ី ឱ្យ​បាន​ស្គាល់​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​មាន​សកម្មភាព​ដូច​ជា​ពិ​ព​រ័​ណ៍​សួស្តី​ឥណ្ឌូ​នេ​ស៊ី ជាដើម​ដោយ​ណែនាំ​ផលិតផល​ឥណ្ឌូ​នេ​ស៊ី​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ស្រាប់​ទៅ​កាន់​បងប្អូន​កម្ពុជា​ដើម្បី​បាន​ស្គាល់​បន្ថែម ។ បង្កើន​ទស្សនកិច្ច​ការងារ​ក្រុម​អ្នក​វិនិយោគ ក៏​ដូច​ជា​ក្រុម​ពាណិជ្ជករ​កម្ពុជា​ចូលរួម​ក្នុង​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ឥណ្ឌូ​នេ​ស៊ី ដែល​តែងតែ​ធ្វើ​រាល់​ឆ្នាំ​ដើម្បី​បង្ហាញ​ផលិតផល​កម្ពុជា​ទៅ​កាន់​ភាគី​ឥណ្ឌូ​នេ​ស៊ី ក៏​ដូច​ជា​ការ​បង្ហាញ​ផលិតផល​ឥណ្ឌូ​នេ​ស៊ី ទៅ​កាន់​បងប្អូន​កម្ពុជា​ដែរ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ថា យើង​រក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ផលិតផល​របស់​កម្ពុជា​នាំ​ចេញ​កាន់តែ​ច្រើន​ទៅ​កាន់​ឥណ្ឌូ​នេ​ស៊ី ហើយ​អាច​ជួយ​ជំរុញ​យ៉ាងណា​ដើម្បី​ស្គាល់​ផលិតផល​របស់​កម្ពុជា​ប៉ុន្មាន​ប្រភេទ​ដែល​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បន្ថែម​ទៀត ។ យើង​ចង់​បង្កើន​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​បាន​ច្រើន ទាំង​ការ​នាំ​ចេញពី​ឥណ្ឌូ​នេ​ស៊ី​មក​កម្ពុជា ក៏​ដូច​ជា​ពី​កម្ពុជា​មក​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ។ យើង​ចង់​នាំ​អ្នក​វិនិយោគ​ពី​ឥណ្ឌូ​នេ​ស៊ី​ឱ្យ​បាន​ច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​បាន​យល់​ពី​សក្តានុពល​ក៏​ដូច​ជា​វិស័យ​ផ្សេង​ៗ​ដែល​កម្ពុជា​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles