ទប់ស្កាត់ឱសថគ្មានច្បាប់៖ ក្រសួងព័ត៌មានអំពាវនាវបញ្ឈប់ការផ្សព្វផ្សាយឱសថគ្រប់ប្រភេទគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ទប់ស្កាត់ឱសថគ្មានច្បាប់៖ ក្រសួងព័ត៌មានអំពាវនាវបញ្ឈប់ការផ្សព្វផ្សាយឱសថគ្រប់ប្រភេទគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

នាថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសមួយស្តីពីការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ក្នុងនោះ ក្រសួងព័ត៌មាន បានបន្ថែមថា ក្រសួងព័ត៌មាន មានកិត្តិយសសូមជម្រាបជូនសាធារណជន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យ ព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបថា កន្លងមកនេះមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ព្រមទាំងបាន ប្រើប្រាស់ខ្លឹមសារផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ និងអាចប៉ះពាល់ ដល់សុខភាពផងដែរ។

ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាន នៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថ ដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន សូម អំពាវនាវ និងស្នើសុំម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ចូលរួមសហការ និងអនុវត្តដូចខាងក្រោម៖

១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងលុបមាតិកា ដែលបានផ្សព្វផ្សាយកន្លងមកពាក់ព័ន្ធនឹងផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។

២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីកា និងមាន ការអនុញ្ញាតពីក្រសួងសុខាភិបាល។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ និង សាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles