ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងថា ក្រុមបាតុករដែលហៅខ្លួនឯងថា “បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ” ធ្វើបាតុកម្មនៅម្ខាងផ្លូវ មុខស្ថានទូតកម្ពុជា បានរំសាយទៅវិញហើយ នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថ្ងៃទី៦ មិថុនា ២០២៥។
សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។ ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។
ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងនារសៀលថ្ងៃសុក្រ ទី៦ ខែមិថុនា នេះថា ស្ថានទូតកំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។ លោកបានថ្លែងបញ្ជាក់បែបនេះ ដោយសារតែជនរួមជាតិសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិកស្ថានទូត ក្រោយមានការប្រមូលផ្តុំបាតុកម្មមួយកាលពីពេលព្រឹក។
ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានថ្លែងយ៉ាងដូច្នេះថា “គោរពជូនបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់
អាស្រ័យដោយមានបងប្អូនជាច្រើនបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី06 ខែមិថុនា ឆ្នាំ2025 នេះ។
ខ្ញុំបាទ តាងនាមមន្ត្រីបុគ្គលិកស្ថានទូតទាំងអស់ សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ កាលពីវេលាម៉ោង 10:00 នាទីព្រឹក ថ្ងៃទី 06 ខែមិថុនា ឆ្នាំ2025 ក្រុមបាតុករដែលហៅខ្លួនឯងថា 《បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ》 បានប្រមូលផ្តុំគ្នាចំនួនប្រមាណ 200 នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឲ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។
ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតា មានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង 11:15 នាទីព្រឹក ថ្ងៃដដែល។
សមត្ថកិច្ចនគរបាលថៃបានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ។ មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។
ស្ថានទូត កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាធម្មតា។
សូមបងប្អូនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីយើងខ្ញុំ ជាមន្ត្រីបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃទាំងអស់”៕រក្សាសិទ្ធដោយ៖សុទ្ធលី












