ភ្នំពេញ ៖ ឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៥ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកថា ការវិវត្តថ្មីៗជាបន្តបន្ទាប់អំពីសភាពការណ៍បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ពិតជាបានធ្វើឱ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំ ជាពិសេស ការផុសឡើងកាន់តែខ្លាំងក្លា នូវទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី និងស្នេហាសម្បត្តិវប្បធម៌ដែលជាកេរមរតកដូនតារបស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី បានមានប្រសាសន៍ថា “ខ្ញុំក៏បានកត់សម្គាល់ឃើញមានការអំពាវនាវឱ្យជនរួមជាតិយើង ចេញធ្វើសកម្មភាពប្រឆាំងតបនឹងទង្វើរបស់ជនជ្រុលនិយមនៃប្រទេសជិតខាង។
ក្នុងស្ថានការណ៍នេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្រប់និន្នាការ បន្តរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូររបស់យើង ក្នុងភាពជាម្ចាស់ស្របច្បាប់ បន្តលើកតម្កើងកិត្តិយស កិត្យានុភាពខ្មែរស្រឡាញ់សន្តិភាព ហើយជឿជាក់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខនេះតាមយន្តការច្បាប់ ការទូត និងយោធា ដើម្បីការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដី និងសម្បត្តិវប្បធម៌ជាតិរបស់យើង។
ពិតណាស់ បូរណភាពទឹកដី គឺជារឿងរបស់យើងទាំងអស់គ្នា ហើយលើសពីនេះ ខ្ញុំសូមកោតសរសើរ និងសូមអរគុណដ៏ស្មោះចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងយុវជន ដែលតែងតែត្រៀមខ្លួនជានិច្ច ក្នុងការចូលរួម ក្នុងបុព្វហេតុខឿនការពារជាតិប្រជាជន។
សូមបងប្អូនទាំងអស់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ព្រំដែន រក្សាទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រចាំថ្ងៃជាមួយប្រទេសជិតខាងឱ្យបានល្អប្រសើរ ដើម្បីការពារបូរណភាពទឹកដីរបស់យើងផង និងភាពរីកចម្រើននៃប្រជាជនរបស់យើងផង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី





