រាជធានីភ្នំពេញ ៖ នាយឆាង តារាកំប្លែង ដែលមានទម្ងន់២១០គីឡូក្រាម បានទទួលមរណភាពហើយ ក្នុងជន្មាយុ២៥ឆ្នាំ ដោយសារជំងឺគាំងបេះដូង កាលពីវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ។
តាមប្រភពពីក្រុមគ្រួសារសាច់ញាតិរបស់នាយឆាង បានរៀបរាប់ឱ្យដឹងថា នាយឆាង បានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល៣ទៅ៤ថ្ងៃហើយ ដោយនាយមានទម្ងន់២១០គីឡូក្រាម ។ មុននឹងនាយឆាង ផុតដង្ហើម នាយមានអាការៈថប់ដង្ហើម ដោយសារជំងឺសួតរើឡើង និងចាប់ផ្តើមធ្វើទុក្ខតាំងពីវេលាម៉ោង៧យប់ថ្ងៃទី៥ មិថុនា ហើយនាយបានធ្វើទុក្ខខ្លាំង បណ្តាលឱ្យគាំងបេះដូង និងទទួលមរណភាពនៅវេលាម៉ោង២ឈានចូលព្រឹកថ្ងៃទី៦ មិថុនា ឆ្នាំ២០២៥ ។ សពត្រូវបានតម្កល់ទុកនៅម្តុំឈូកវ៉ា១ ភូមិអណ្តូង៦ ខណ្ឌគោករកា រាជធានីភ្នំពេញ។
តាមប្រភពីក្រុមគ្រួសារសាច់ញាតិរបស់នាយឆាង បានរៀបរាប់ឱ្យដឹងបន្តទៀតថា ជុំវិញមរណភាពរបស់នាយឆាង ក្រុមគ្រួសារសាច់ញាតិសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយពួកគាត់ផង ព្រោះពួកគាត់ជួបការខ្វះខាតជាខ្លាំង ដោយសារអត់មានលុយសម្រាប់ធ្វើក្តារមឈូស អត់មានលុយសម្រាប់បូជា និងអត់មានលុយសម្រាប់ធ្វើបុណ្យឡើយ ។
គួររំលឹកថា នាយឆាង តារាកំប្លែងទម្ងន់យក្ស ធ្លាប់ឈឺធ្ងន់ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់ជាច្រើនថ្ងៃកាលពីអំឡុងខែឧសភា កន្លងទៅ ។
សូមរំលឹកឡើងវិញថា តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព ស្រីម៉ៅដែលជាបងស្រីបង្កើតនាយឆាងប្រាប់ថា បើគិតថ្ងៃទី ១៧ ខែឧសភានេះ នាយបានចេញពីបន្ទាប់សង្គ្រោះបន្ទាន់ហើយ ពោលនាយបានធូរខ្លះៗ និយាយបានតិច ក្រោយការសង្គ្រោះនិងការយកចិត្តទុក្ខពីក្រុមគ្រូពេទ្យប្រមាណជា ២០ថ្ងៃនេះ។
បងស្រីនាយឆាងបានបញ្ជាក់ស្ថានភាពនាយបន្តថា ចាប់តាំងពីការសង្ក្រោះក្នុងចន្លោះពី ១០ថ្ងៃដំបូង នាយបានធូរស្បះស្បើយបន្តិច លុះក្រោយមកបន្ថែមការព្យាបាល ១០ថ្ងៃបន្ថែមទៀតឃើញថា ស្ថានភាពនាយបានធូរច្រើនលើសពីការរំពឹងទុក ដោយក្រុមគ្រូពេទ្យបានដកទុយោសុងនាយឆាងហើយ ដោយទុកអោយនាយរៀនដកដង្ហើមបានខ្លះៗនោះ។
ពោលកាលចាប់តាំងពីដកត្រយោសុងមកឃើញថា នាយទារហូបបបរ ឬជារបស់ទន់ៗផ្សេងៗដែលនាយអាចនឹងបរិភោគបាន ពោលបើស្ថានភាពកាន់តែល្អជាងនេះទៀត នោះនាយអាចនឹងបរិភោគបាយបានដែលនឹងធ្វើអោយស្ថានភាពនាយកាន់តែប្រសើរនោះ។ បងស្រីបង្កើតនាយឆាងបន្តថា ថ្ងៃនេះនាយអាចធ្វើចលនាដៃជើងបានល្អ ក្រោយដកត្រយោសុង តែមាត់មិនទាន់និយាយបាននោះឡើយ ដោយនៅដាក់អុកស៊ីសែន ដូច្នេះបានត្រឹមបង្ហាញសញ្ញាកាយវិការ និងចលនាផ្សេងទៀតនោះ។
គួរជម្រាបឡើងវិញថា នាយឆាងមានទីលំនៅបច្ចុប្បន្ននៅក្រោយវត្តពោធិ៍ចិនតុង នៅភូមិដីថ្មី នាយមានទម្ងន់ ២១០គីឡូក្រាម មានម្តាយជាអ្នកទិញ និងរើសអេតចាយ មានបងប្អូនចំនួន៥នាក់។ នាយឆាង តាំងពីដឹងក្តីមក នាយមានអាយុ៣ឆ្នាំនាយចាប់ផ្តើមធាត់ ដោយចេះតែហូបបាន មូលហេតុនេះហើយធ្វើអោយានាយមានគីឡូច្រើនដល់សព្វថ្ងៃនេះ។
ហើយនេះជាលើកទី១ហើយចំពោះនាយឆាងផ្ទាល់ ដែលមានជម្ងឺឈឺសួតធ្ងន់ដូច្នេះ ព្រោះកាលពីកាលពីកន្លងទៅ ក្រុមគ្រួសារថា នាយឈឺដែរ តែតិចតួចប៉ុណ្ណោះ៕
អត្ថបទពាក់ព័ន្ធ ៖
ត្រឹមថ្ងៃនេះ តារាកំប្លែងនាយឆាង ផ្តើមមានសង្ឃឹមវិញ




