គ្រោះធម្មជាតិថៃភាគខាងត្បូង៖ អាជ្ញាធរព្រមានពលរដ្ឋពីទឹកជំនន់រហ័ស និងរអិលបាក់ដីធ្ងន់ធ្ងរ!

គ្រោះធម្មជាតិថៃភាគខាងត្បូង៖ អាជ្ញាធរព្រមានពលរដ្ឋពីទឹកជំនន់រហ័ស និងរអិលបាក់ដីធ្ងន់ធ្ងរ!


ថៃ ៖ សារព័ត៌មាន​ខៅ​ស​ធ បាន​ចេញផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​នៅ​រសៀល ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥​ថា អាជ្ញាធរ​នៃ​បណ្តា​ខេត្ត​ជា​ច្រើន​ត្រូវ​បាន​ព្រមាន​ឱ្យ​ត្រៀម​បង្ការ ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ដែល​នាំ​មក​នូវ​ហានិភ័យ​នៃ​ការ​រអិល​បាក់​ដី និង​ទឹកជំនន់​ភ្លាម​ៗ ជា​ពិសេស​កងកម្លាំង និង​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ក្នុង​តំបន់​ហានិភ័យ​ត្រូវ​តែ​ត្រៀម​ឆ្លើយ​តប និង​តាមដាន​ស្ថានការណ៍​ឱ្យ​បាន​ដិត​ដល់​ជាទី​បំផុត ។



នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២៥ មន្ត្រី​ជំនាញ​មក​ពី​នាយកដ្ឋាន​ភូគព្ភសាស្ត្រ និង​នាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ បាន​ព្យាករណ៍​ថា នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​តំបន់​ដែល​មាន​ហានិភ័យ​នៃ​ការ​បាក់​ដី នៅ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស បណ្តា​ខេត្ត​នា​តំបន់​ភាគ​ខាងត្បូង ដែល​រួម​មាន​ដូច​ជា ខេត្ត​រ៉ា​ក់ណ​ង​, ខេត្ត​ផាង​ង៉ា​, ខេត្ត​ក្រា​ប៊ី និង​ខេត្ត​ភូ​កេ​ត ដែល​ខេត្ត​ទាំងនេះ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​ជាងគេ ហើយ​ក៏​តំបន់​ដែល​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​មុនគេ​ផង​ដែរ ដោយសារ​តែ​ហេតុការណ៍​រអិល​បាក់​ដី និង​ទឹកជំនន់​រហ័ស​។


អាស្រ័យ​ហេតុនេះ បណ្តាញ​អ្នក​ស្ម័គ្រចិត្ត និង​ក្រុម​សង្គ្រោះ​ដែល​ប្រចាំការ​នៅ​តំបន់​ហានិភ័យ​ខាងលើ​ត្រូវ​តែ​តាមដាន​ស្ថានការណ៍​គ្រោះ​ធម្មជាតិ គ្រោះ​រអិល​បាក់​ដី និង​ទឹកជំនន់​ភ្លាម​ៗ ក៏​ដូច​ជា ត្រៀមលក្ខណៈ​សម្រាប់​សង្គ្រោះ ។

អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​តំបន់​ត្រូវ​បាន​ស្នើ​ឲ្យ​តាមដាន​ស្ថានការណ៍​ឲ្យ​បាន​ដិត​ដល់ និង​ធ្វើ​បច្ចុប្បន្នភាព ជា​បន្តបន្ទាប់​ទៅ​កាន់​ពលរដ្ឋ ក្នុង​មូលដ្ឋាន រៀង​ៗ​ខ្លួន ។ បើ​មាន​គ្រោះ​ធម្មជាតិ​កើតឡើង មន្ត្រី​ជំនាញ​ត្រូវ​ចុះ​ពិនិត្យ​តំបន់​ឧបទ្ទវហេតុ​ភ្លាម​ៗ ដើម្បី​បង្កើត​ទំនុកចិត្ត និង​ផ្តល់​ការ​ណែនាំ​បឋម​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​គ្រោះថ្នាក់ ។



ក្រៅពី​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន​ថៃ នៅ​ថ្ងៃនេះ នាយកដ្ឋាន​ឧតុនិយម​ថៃ ក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ​ថា ការ​ព្យាករណ៍​អាកាសធាតុ​រយៈពេល​២៤​ម៉ោង​ខាង​មុខ ប្រទេស​ថៃ​នឹង​នៅ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង បូក​រួម​នឹង​បាតុភូត​មាន​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់ នៅ​តាម​ខេត្ត​មួយ​ចំនួន ក្នុង​តំបន់​ភាគ​ឦសាន​ខាងលើ និង​បណ្តា​ខេត្ត​តាម​ឆ្នេរសមុទ្រ​នៅ​ភាគ​ខាងត្បូង​ប្រទេស ។

យោង​លើ​ស្ថានភាព​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ដែល​ត្រូវ​បាន​ព្យាករណ៍​ត្រូវ​បាន​ស្នើ​ឱ្យ​ប្រុង​ប្រយ័ត្ន ហើយ​ក្រៅពី​ប្រយ័ត្ន​នៅ​លើ​ដីគោក​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ដូច​គ្នា នៅ​លើ​ផ្ទៃសមុទ្រ​ព្រោះថា ប៉ុន្មាន​ថ្ងៃនេះ រលក​សមុទ្រ​បាន​នឹង​កំពុង​ហក់​ឡើង​ខ្ពស់​ៗ​កម្ពស់​លើស​ពី​ជាង​២​ម៉ែត្រ ហើយ​សម្បូរ​ទៅ​ដោយ​ខ្យល់​បោកបក់​ខ្លាំង ខ្យល់​កន្ត្រាក់ និង​ព្យុះ​ផ្គរ​រន្ទះ​នៅ​កណ្តាល​សមុទ្រ ដែល​អាច​បង្ក​គ្រោះថ្នាក់​ក៏​ដូច​ជា អាច​ពន្លិច​ទូក​នេសាទ និង​នាវា​ខ្នាត​តូច​បាន​ដោយ​ងាយ បើសិនជា​ហ៊ាន​បើក​ឆ្លងកាត់​ចូល​ទៅ​តំបន់​ទាំងនោះ ៕

កែសម្រួលដោយ

administrator

Related Articles