រាជធានីភ្នំពេញ ៖ ចោរប្លន់ម៉ូតូ៣នាក់ ក្នុងចំណោមគ្នា៩នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រា នៃស្នងការដ្ឋានរាជធានីភ្នំពេញ និងនគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន ។
ការឃាត់ខ្លួននេះ ក្រោយពីក្រុមជនសង្ស័យ១ក្រុមនោះ ធ្វើសកម្មភាពធាក់ផ្ដួលអ្នកដំណើរ ប្លន់យកម៉ូតូ ១គ្រឿង បានសម្រេចនៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣និង០៥នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។
នគរបាលបានប្រាប់ថា ជនសង្ស័យខាងលើ រួមមាន ៖
១.ឈ្មោះ មាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ
២.ឈ្មោះ ម៉ន រតនៈ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ
៣.ឈ្មោះ ភឿន មករា ភេទប្រុស អាយុ១៨ឆ្នាំ ។
ជនសង្ស័យ៣នាក់នេះ ស្នាក់នៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ចំណែកបក្ខពួក ៦នាក់ទៀត ដែលគេចខ្លួនបាត់ ។
កម្លាំងនគរបាល ដកហូតបានម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1KY-2270 ១គ្រឿង, ម៉ូតូម៉ាក HONDA WINNER-X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LA-8925 ១គ្រឿង, ទូរសព្ទដៃម៉ាក IPhone 12ProMax ១គ្រឿង, ទូរសព្ទដៃម៉ាក Oppo ២គ្រឿង ។
នគរបាលបានប្រាប់បន្តទៀតថា នៅវេលាយប់ថ្ងៃកើតហេតុខាងលើ ក្រុមជនសង្ស័យមានគ្នាចំនួន៩នាក់ បានជិះម៉ូតូចំនួន៥គ្រឿងធ្វើសកម្មភាពធាក់ទៅលើអ្នកដំណើតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចភ្លើងស្តុបបាគូ ស្ថិតនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បន្ទាប់ពីប្លន់យកម៉ូតូបានសម្រច បានជិះគេចខ្លួនបាត់អស់ បន្ទាប់មកកម្លាំងនគរបាលខណ្ឌដង្កោ និងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រា នៃស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវភ្លាមៗ ។
នគរបាលបានបញ្ជាក់ប្រាប់ទៀតថា ក្រោយមកកំណត់បានមុខសញ្ញា និងដឹងពីទីតាំង ដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រហូតដល់វេលាម៉ោង០២រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៥ ក៏ចុះទៅសហការជាមួយនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួន បាន៣នាក់ រួចនាំយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តែម្ដង ។
នៅពេលសួរនាំ ជនសង្ស័យបានឆ្លើយសារភាពប្រាប់នគរបាលថា ពួកខ្លួន មានគ្នាចំនួន៩នាក់ ពិតជាបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវប្រាកដមែន ។ បន្ទាប់មក បានយកម៉ូតូនោះទៅលក់នៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ហើយកន្លងមក ពួកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ០២ករណីទៀតផងដែរ នៅតាមផ្លូវជាតិលេខ២ និងតាមផ្លូវ៦០ម៉ែត្រ ៕





