កន្លងមកមានរឿងអ្នកបន្លំធ្វើសមត្ថកិច្ច ដើម្បីប្រព្រឹត្តអំពើផ្តេសផ្តាស ។ ដូច្នេះ សមត្ថកិច្ចត្រូវតែទប់ស្កាត់អោយបាន ដើម្បីកុំអោយជនខិលខូចធ្វើបាបប្រជាជន និងធ្វើអោយខូចឈ្មោះសមត្ថកិច្ចទៅវិញ ។ ទន្ទឹមនោះ សមត្ថកិច្ចក៏ត្រូវជួយផ្តល់ព័ត៌មាន ដល់ពលរដ្ឋអោយយល់ពីអត្តសញ្ញាណពិតប្រាកដរបស់កម្លាំងសមត្ថកិច្ច និងបេសកកម្មរបស់ពួកគេ ។
រឿងដែលគេបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមថា ប៉ូលិសកៀបស៊ី ម៉ូតូប្រជាពលរដ្ឋរាល់ថ្ងៃនៅខណ្ឌមានជ័យ បានកំពុងតែសុះសាយ ហើយត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវទើបដឹងថា ករណីនេះ គឺជាករណីភ័ន្តច្រឡំ ។ តាមអ្វី ដែលពលរដ្ឋផុសហើយ គឺជាដើមចមនៃការសើបអង្កេត គឺកើតមានក្រោយពេលពលរដ្ឋផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយលើកឡើងថា សមត្ថកិច្ចនៅខណ្ឌមានជ័យ ប៉ុន្តែសមត្ថកិច្ចខណ្ឌបានឆ្លើយបំភ្លឺថា មិនមានទេ ។

ឆ្លងចេញពីករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចជំនាញធ្វើការទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជំនាញស្រាវជ្រាវ ស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលក្លែងបន្លំជាមន្ដ្រីនគរបាល ជំរិតយកលុយពលរដ្ឋ ។
តាមការស្រាវជ្រាវបន្ត អធិការដ្ឋាននគរបាលខណ្ឌមានជ័យក៏បានបដិសេធថា សមត្ថកិច្ចក្នុងរូបនេះ មិនជាមន្ត្រីបម្រើការងារ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយក៏មិនមែនជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះដែរ ។

ជាមួយគ្នានេះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសបុក ដែលបានបង្ហោះផ្សព្វផ្សាយចោទប្រកាន់មកលើនគរបាលខណ្ឌមានជ័យក៏បានចេញមុខសុំទោសជាសាធារណៈដោយលើកឡើងថា នេះ គឺជាករណីមានការយល់ច្រឡំ ។ ករណីផ្សព្វផ្សាយនេះ ត្រូវបានបិទបញ្ជីហើយ ប៉ុន្តែកន្លងមកក៏មានការផ្សព្វផ្សាយមួយចំនួនផងដែរពាក់ព័ន្ធនឹងសមត្ថកិច្ចដែលក្លែងបន្លំពីព្រោះថា នៅពេលនេះ ឯកសណ្ឋានសមត្ថកិច្ច គឺមានលក់នៅលើទីផ្សារ ហើយក៏ល្បីថា គឺលក់ដោយចំហរ ។
តាមការផ្សព្វផ្សាយកន្លងមកនៅកម្ពុជា គឺសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបក្រុមឧក្រិ.ដ្ឋជន ដែលបានប្រើប្រាស់ឯកសណ្ឋានសមត្ថកិច្ចបន្លំ ហើយធ្វើសកម្មភាពខុសច្បាប់ផងដែរ ដូច្នេះវាក៏អាចនឹងមានករណីថ្មីកើតឡើង ។ ដើម្បីបង្ការករណីថ្មី កុំអោយកើតមានឡើង សមត្ថកិច្ចគួរតែមានវិធីសាស្ត្រ ឬក៏បង្ហើបប្រាប់ពលរដ្ឋថា តើគួរធ្វើយ៉ាងណា ដើម្បីពួកគេកំណត់អត្តសញ្ញាណនរណា ជាសមត្ថកិច្ចពិតប្រាកដ ហើយនរណាជាសមត្ថកិច្ចក្លែងបន្លំ ។

សមត្ថកិច្ចនឹងយល់ចំណុចនេះ ពីព្រោះថា ប្រសិនបើពលរដ្ឋមិនដឹងមិនយល់ពីភាពខុសគ្នារវាងជនខិលខូចក្លែងបន្លំច្បាស់លាស់ទេនោះ នៅពេលដែលក្រុមអ្នកខិលខូចចេះតែធ្វើសកម្មភាព ពលរដ្ឋនឹងបន្តចោទប្រកាន់សមត្ថកិច្ចដែលត្រឹមត្រូវ ។ ដូច្នេះ ដើម្បីកុំអោយពលរដ្ឋចេះតែយល់ច្រឡំពីសមត្ថកិច្ច គួររកគន្លឹះបង្ហាញពីភាពស្របច្បាប់របស់ខ្លួនដោយបញ្ជាក់អត្តសញ្ញាណ មានលិខិតបេសកម្ម មានកាតសមត្ថកិច្ច ដើម្បីអ្វី គឺដើម្បីទំនុកចិត្ត និងមានគន្លឹះ ដើម្បីចែករំលែកជូនពលរដ្ឋ ៕