ឆបោកប្រាក់៖ កងរាជអាវុធហត្ថព្រះសីហនុ ឃាត់ខ្លួនបុគ្គលក្លែងឯកសារសាលាខេត្ត ប្រមូលលុយឧបត្ថម្ភទាហានព្រំដែន

ឆបោកប្រាក់៖ កងរាជអាវុធហត្ថព្រះសីហនុ ឃាត់ខ្លួនបុគ្គលក្លែងឯកសារសាលាខេត្ត ប្រមូលលុយឧបត្ថម្ភទាហានព្រំដែន

ខេត្តព្រះសីហនុ ៖ សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ មានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន។


រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តជ្រាបថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានពីអាជីវករថាមានបុគ្គល១រូប បានយកឈ្មោះរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយលិខិត១ច្បាប់ដែលមានខ្លឹមសារថា «ក្នុងនាមខ្ញុំជារដ្ឋបាលសាលាខេត្តសូមអំពាវនាវដល់អាជីវកម្មទាំងអស់ក្នុងខេត្តឱ្យចូលរួមបរិច្ចាគថវិកាបន្តិចបន្តួច ដើម្បីឧបត្ថម្ភជួយទៅដល់បងៗជាទាហានការពារព្រំដែន ដើម្បីលើកទឹកចិត្តនឹងជំនួយស្មារតីឱ្យពួកគាត់តស៊ូដើម្បីជាតិមាតុភូមិ » ។
ក្រោយពីទទួលបានព័ត៌មាននេះរដ្ឋបាលខេត្តព្រះសីហនុបានប្រគល់ភារកិច្ចជូន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះតាមដាន ស្រាវជ្រាវស្វែងរកឃើញ និងឃាត់ខ្លួនបុគ្គលដែលបានប្រព្រឹត្តខាងលើ។

ក្រោយពីបានធ្វើការសាកសួរបុគ្គលរូបនេះ បានបញ្ជាក់ថាគាត់ឈ្មោះ ជា ឡងឌី ភេទប្រុស អាយុ ៣២ឆ្នាំ និងបានសារភាពថារូបគាត់ពិតជាបានប្រព្រឹត្ត និងរៀបចំក្លែងឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុប្រាកដមែនដើម្បីដើរប្រមូលលុយពីអាជីវករនៅក្នុងក្រុងព្រះសីហនុ ដោយភូតកុហកថា សាលាខេត្តព្រះសីហនុអំពាវនាវឱ្យអាជីវករជួយឧបត្ថម្ភថវិកាយកទៅជួយដល់ទាហានការពារព្រំដែន។
បច្ចុប្បន្នបុគ្គលឈ្មោះ ជា ឡងឌី ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles