សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ UN ស្តីពីមហាសមុទ្រលើកទី៣ នៅបារាំង៖ បង្ហាញការប្តេជ្ញាចិត្តលើអភិបាលកិច្ចមហាសមុទ្រប្រកបដោយចីរភាព

សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទ UN ស្តីពីមហាសមុទ្រលើកទី៣ នៅបារាំង៖ បង្ហាញការប្តេជ្ញាចិត្តលើអភិបាលកិច្ចមហាសមុទ្រប្រកបដោយចីរភាព

រាជធានី​ភ្នំពេញ​ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីកម្ពុជា នឹង​អញ្ជើញ​ចូលរួម សន្និសីទ​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ លើក​ទី​៣ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​រយៈពេល​៣​ថ្ងៃ​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ។

សេចក្តី​ប្រកាស​របស់​ក្រសួងការបរទេស ​នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥​ បាន​លើក​ឡើង​ថា ​តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ បារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការ អ​.​ស​.​ប​. សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ចូលរួម សន្និសីទ អ​.​ស​.​ប​. ស្តី​ពី​មហាសមុទ្រ លើក​ទី​៣ (UNOC3) ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​នី​ស ប្រទេសបារាំង នៅ​ថ្ងៃ​ទី​៩-១១ ខែមិថុនា ឆ្នាំ​២០២៥​ ។


ថ្នាក់ដឹកនាំ​អញ្ជើញ​អមដំណើរ សម្តេច​ធិ​បតី និងលោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត រួម​មាន ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​ផ្សេង​ទៀត​នៃ​រាជរដ្ឋាភិបាល​ ។

ក្រោម​ប្រធានបទ «​ការ​ព​ន្លឿ​ន​សកម្មភាព និង​ការ​កៀរគរ​គ្រប់​តួអង្គ​ដើម្បី​រក្សា និង​ប្រើប្រាស់ មហាសមុទ្រ​ប្រកបដោយ​ចីរភាព​» សម្តេច​ធិ​បតី នឹង​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ នៅ​ក្នុង​កិច្ច​ពិភាក្សា ទូទៅ ដោយ​គូសបញ្ជាក់​ពី​ចក្ខុវិស័យ ការ​ប្តេជ្ញា​ចិត្ត និង​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ពាក់ព័ន្ធ​អភិបាល កិច្ច​មហាសមុទ្រ ភាព​ធន់​នឹង​អាកាសធាតុ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​។

សម្តេច​ធិ​បតី នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​នានា​នៅ​អំឡុង​ពេល​សន្និសីទ ដើម្បីពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ ។

ការ​ចូលរួម​របស់​កម្ពុជា បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​មុតមាំ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង ជាស​កល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទង​នឹង​មហាសមុទ្រ និង​ការ​លើកកម្ពស់​ការ​ប្រើប្រាស់ ប្រកបដោយ​ចីរភាព​នៃ​ធនធាន​មហាសមុទ្រ​និង​សមុទ្រ ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ ចីរភាព ក្នុង​គោលដៅ​ទី​១៤ (​ជីវិត​ក្រោម​ទឹក​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles