យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី 7 ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋ ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ ថា ប្រជាពលរដ្ឋទូទាំងប្រទេស និងជនជាតិដើមភាគតិច ត្រូវបានរាជរដ្ឋាភិបាលគោរពផ្ដល់សិទ្ធិ និងសេរីភាព ជំនឿសាសនាពេញលេញ មិនមានការរើសអើងពណ៌សម្បុរឡើយ។
ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅមានការប្រែប្រួល បច្ចុប្បន្នទាំងប្រជាពលរដ្ឋទូទៅ និងជនជាតិដើមភាគតិចមើលទៅដូចតែគ្នា រហូតអ្នកមកពីឆ្ងាយ ពីខេត្តភាគកណ្ដាលនៃប្រទេសកម្ពុជាឬពីនាយសមុទ្រ ពេលមកដល់ទឹកដីខេត្តរតនគិរី មើលមិនដឹងថា នរណាជាជនដើម្បីភាគតិចនោះទេ។ ជាមួយភាពរីកចម្រើននេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រាប់ប្រជាពលរដ្ឋថា«ការអភិវឌ្ឍគិតរួមគ្នាទាំងអស់ យើងការពារប្រពៃណីវប្បធម៌ ការធានាឱកាសសម្រាប់បងប្អូនកូនចៅជនជាតិភាគតិច»។
សព្វថ្ងៃខេត្តរតនគិរី បានរៀបចំអនុវត្តកម្មវិធីអប់រំពហុភាសានៅសាលាបឋមសិក្សាចំនួន៤១សាលា ក្នុងស្រុកចំនួន៧ (អណ្តូងមាស បរកែវ កូនមុំ លំផាត់ អូរជុំ អូរយ៉ាដាវ និងវើនសៃ) សិស្សសរុបចំនួន១,៨៩៨នាក់ ស្រី៨៨២នាក់ លើភាសាគ្រឹង ទំពួន និងព្រៅ តាមរូបមន្ដ៖ ថ្នាក់ទី១ ប្រើប្រាស់ភាសាខ្មែរ ២០% និងភាសាកំណើត ៨០% ថ្នាក់ទី២ ប្រើប្រាស់ភាសាខ្មែរ ៤០% និងភាសាកំណើត ៦០% ថ្នាក់ទី៣ ប្រើប្រាស់ភាសាខ្មែរ ៨០% និងភាសាកំណើត ២០% ថ្នាក់ទី៤ គឺអនុវត្តភាសាខ្មែរ ១០០%។
លើសពីនេះទៅទៀត ខេត្តបាននឹងកំពុងសាកល្បងការអនុវត្តពហុភាសាចារ៉ាយ នៅសាលាបឋមសិក្សាចំនួន៧សាលា ស្មើនឹង៧ថ្នាក់ នៅស្រុកអណ្ដូងមាស និងអូរយ៉ាដាវ មានសិស្សសរុប ១៣៨នាក់ ស្រី ៥៧នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន