រាជធានីភ្នំពេញ ៖ ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាតទល់នឹងក្រុមភ្ញៀវតាហ្ស៊ីគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ចប់ទៅដោយតាហ្ស៊ីគីស្ថានយកឈ្នះលទ្ធផល ១-២។
ក្រោយចប់ការប្រកួត លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន ដោយបង្ហាញអារម្មណ៍សោកស្តាយ ដែលមិនអាចនាំយកលទ្ធផលល្អសម្រាប់អ្នកគាំទ្រ។ លោកបានបន្តថា ក្រុមបានអវត្តមានកីឡាករសំខាន់ៗ ព្រោះជាប់ពិន័យកាត និងរបួស ហើយមួយចំនួនសម្រាកក្រោយចប់រដូវកាល។ ប៉ុន្តែកីឡាករនៅសល់បានខំប្រឹងប្រែងខ្លាំង និងធ្វើបានល្អ បើទោះជាត្រៀមខ្លួនបានខ្លីត្រឹម១សប្តាហ៍ប៉ុណ្ណោះ។ បន្ទាប់ពីហ្វឹកហាត់កីឡាករវ័យក្មេងបានព្យាយាមលេងតាមប្រព័ន្ធដែលលោកបានណែនាំ តែចំណុចខ្វះខាតរបស់ពួកគេ គឺការខ្វះកម្លាំង បើធៀបនឹងក្រុមតាជីគីស្ថាន ហើយការផ្លាស់ប្តូរកីឡាករចូលលេងធ្វើឱ្យក្រុមមានចន្លោះប្រហោង និងបង្កើតកំហុស។
ត្រង់ចំណុចនេះ លោកបានបញ្ជាក់ថា ការប្តូរផ្លាស់កីឡាករចេញតាមចំនួនត្រូវប្ដូរនៅថ្ងៃនេះ មិនពាក់ព័ន្ធនឹងទិចនិកប្រកួតឡើយ ដោយសារបញ្ហាកម្លាំង។ លោកបន្តថា បើសិនជាពួកគេឆ្លងកាត់ការប្រកួតប្រជែងដោយគុណភាពខ្ពស់១ឆ្នាំពេញ ពួកគេនឹងអាចលេងបានល្អជាងនេះ។ ទោះយ៉ាងណា លោកនៅតែពេញចិត្តចំពោះការលេងរបស់កូនក្រុម បើទោះជាមិនទទួលបានជ័យជម្នះក្តី។
ដោយឡែក លោក Gela Shekiladze គ្រូបង្វឹកតាហ្ស៊ីគីស្ថានឯណោះវិញ បានលើកឡើងថា លោកពេញចិត្តការប្រកួតនេះ ហើយដូចអ្វីដែលលោកបានគិតមុនការប៉ះកម្ពុជា គឺមិនងាយស្រួលនោះទេ ទោះបីក្រុមទទួលបានជ័យជម្នះយ៉ាងណាក៏ដោយ។
សូមជម្រាបថា លទ្ធផលកាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ គឺជាការចាញ់តាហ្ស៊ីគីស្ថានជាលើកទី២ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដ្បិតក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាម្តងរួចមកហើយ កាលពីឆ្នាំ ២០១១ ដែលជាការប្រកួតជំនួបមិត្តភាព ដោយកាលណោះ កម្ពុជាបានចាញ់ដោយលទ្ធផល ០-៣៕ រូបភាព ៖ FFC



