សេវាស្ថានទូតកម្ពុជាប្រចាំថៃ៖ បើកដំណើរការពេញលេញ ផ្តល់ជូនបងប្អូនខ្មែរ និងបរទេសជាធម្មតា

សេវាស្ថានទូតកម្ពុជាប្រចាំថៃ៖ បើកដំណើរការពេញលេញ ផ្តល់ជូនបងប្អូនខ្មែរ និងបរទេសជាធម្មតា

រាជធានី​ភ្នំពេញ​ ៖ ​អគ្គរាជទូត​ប្រចាំ ​នៅ​ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា ស្ថានទូត កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស ជា​ធម្មតា ​។

ឯកឧត្តម​ ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២៥​ថា
ដោយ​មាន​បងប្អូន​ជា​ច្រើន​ បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ ប្រចាំ​ប្រទេស​ថៃ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​អំពី​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​របស់​បណ្តាញ​និស្សិត និង​ប្រជាជន ដើម្បី​កែទម្រង់​ប្រទេស​ថៃ នៅ​មុខ​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ថៃ ក្នុង​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​ទី០៦ ខែមិថុនា ឆ្នាំ​២០២៥ ។


ឯកឧត្តម​បាន​បញ្ជាក់​ថា ​៖ “ខ្ញុំបាទ តាង​នាម​មន្ត្រី​បុគ្គលិក​ស្ថានទូត​ទាំងអស់ សូម​ជម្រាប​ជូន​បងប្អូន​មេត្តា​ជ្រាប​ថា ​៖ កាលពី​វេលា​ម៉ោង១០:០០នាទី​ព្រឹក ថ្ងៃ​ទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុម​បាតុករ​ ដែល​ហៅ​ខ្លួនឯង​ថា «បណ្តាញ​និស្សិត និង​ប្រជាជន ដើម្បី​កែទម្រង់​ប្រទេស​ថៃ​» បាន​ប្រមូលផ្តុំ​គ្នា​ចំនួន​ប្រមាណ ២០០នាក់ នៅ​ទីតាំង​ដងផ្លូវ​ម្ខាង​ទៀត ទល់មុខ​ស្ថានទូត​កម្ពុជា ដើម្បី​ធ្វើ​បាតុកម្ម ថ្លែង​ញត្តិ ទាមទារ​ឲ្យ​កម្ពុជា ​គោរព​អធិបតេយ្យ​ជាតិ​ថៃ​ ។

ឯកអគ្គរាជទូត​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រមូលផ្តុំ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា មាន​សណ្តាប់ធ្នាប់ និង​រំសាយ​ទៅ​វិញ ​នៅ​វេលា​ម៉ោង ១១:១៥នាទី​ព្រឹក ថ្ងៃ​ដដែល ​។

ចំពោះ​បាតុកម្ម​ ឯកឧត្តម​ទូត​បាន​ឲ្យ​ដឹង​ទៀត​ថា ​សមត្ថកិច្ច​នគរបាល​ថៃ ​បាន​ដាក់​កម្លាំង​ការពារ​សុវត្ថិភាព ​ជូន​ស្ថានទូត និង​មន្ត្រី​បុគ្គលិក​របស់​ស្ថានទូត​ យ៉ាង​ហ្មត់ចត់​ល្អ​ប្រសើរ​។ មន្ត្រី​បុគ្គលិក​ នៃ​ស្ថានទូត​ទាំងអស់ មាន​សុវត្ថិភាព ​បាន​និង​កំពុង​បន្ត​បំពេញការងារ​របស់​ខ្លួន​ជា​ប្រក្រតី ​។

ឯកឧត្តម​ទូត​បាន​បញ្ជាក់ទៀត​ថា ​៖ ” ស្ថានទូត កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស ជា​ធម្មតា​ ។ សូម​បងប្អូន​ទាំងអស់ មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​ទទួល​នូវ​ការ​គោរព​រាប់អាន​ដ៏​ស្មោះស្ម័គ្រ​ពី​យើងខ្ញុំ ជា​មន្ត្រី​បុគ្គលិក​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ទាំងអស់​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles